Monday, November 18, 2024
Homeតារាខ្មែរសុគន្ធ និសា ៖បារម្ភមិនសូវមានបទចម្រៀងចេញ ប៉ុន្ដែថាសម្រស់ គឺសំខាន់ខ្លាំងណាស់ សម្រាប់នាង

សុគន្ធ និសា ៖បារម្ភមិនសូវមានបទចម្រៀងចេញ ប៉ុន្ដែថាសម្រស់ គឺសំខាន់ខ្លាំងណាស់ សម្រាប់នាង

ភ្នំពេញ៖ តារាចម្រៀងល្បីលំដាប់ប្រទេស អ្នកនាង សុគន្ធ និសា បានថ្លែងទទួលស្គាល់ថា មួយរយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនបានចេញបទចម្រៀង ដើម្បីប្រកួតប្រជែងលើទីផ្សារ ដូចទៅនឹងតារាចម្រៀង ផ្សេងៗ ដែលមានបទចេញជាហូរហែនោះទេ។ កត្តានេះដោយសារតែនាងជាប់ដៃ ជាមួយនឹងការងាររកស៊ី ធ្វើជំនួញ ជាពិសេសការមើលការងារខុសត្រូវលើគ្លីនិកសម្រស់​របស់នាង និងការងារជំនួញផ្សេងៗទៀត គួបផ្សំនឹងការងារផ្ទាល់ខ្លួនផងនោះ ដែលធ្វើឲ្យនាងរយាលពីសិល្បៈ ស្ទើរតែមហាជន និងអ្នកគាំទ្រចង់ភ្លេច មុខនាងទៀតផង។

ការថ្លែងបែបនេះរបស់តារាចម្រៀងសំនៀងស្រទន់អ្នកនាង សុគន្ធ និសា នៅពេលដែលនាងបានលេច មុខក្នុងឱកាសពិធីអបអរសាទរខួប៥ឆ្នាំ របស់ The K Clinic ដែលបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ ដែលក្នុងនោះរូបនាងជាសហស្ថាបនិកផ្ទាល់របស់គ្លីនិក ហើយជាផ្នែកមួយនៃការងារជំនួញ របស់នាង ក្រៅពីការងារសិល្បៈ ហើយបានឈរ​ជើងយ៉ាងរឹងមាំ អស់រយៈពេល៥ឆ្នាំមកហើយនៅក្នុងវិស័យ កែសម្ផស្ស។

ថ្លែងប្រាប់ “នគរធំ” តារាចម្រៀងសុគត់ស្រគុំ សុគន្ធ និសា បានបញ្ជាក់ថា ជាការពិតមួយរយៈចុងក្រោយនេះ នាងពិតជាមិនសូវមានបទចម្រៀងចេញ នៅលើទីផ្សារប្រាកដមែន តែមិនមែនមានតែរូបនាងម្នាក់នោះទេ ប៉ុន្ដែតារាចម្រៀងជាច្រើនទៀត នៅក្នុងផលិតកម្មជាមួយគ្នា ក៏មិនសូវមានបទចម្រៀងថ្មីចេញដូចនាងដែរ។ ចំពោះមូលហេតុនេះត្រូវបាន សុគន្ធ និសា បញ្ជាក់ថា ដោយសារតែម្នាក់ៗរវល់តែការងាររកស៊ីផ្ទាល់ខ្លួន ជាជាងគិតតែទៅលើចម្រៀងមួយមុខ ព្រោះដូចដឹងស្រាប់ហើយថា តារាគ្រប់រូបតែងតែមានការងាររកស៊ី ជំនួញផ្ទាល់ខ្លួនផ្សេងៗគ្នា ជាពិសេសការលក់ផលិតផល តាមOnline  ជាដើម។

សុគន្ធ និសា ក៏បានបង្ហាញពីការព្រួយបារម្ភ ចំពោះប្រជាប្រិយភាពរបស់ខ្លួនផងដែរ ព្រោះក្នុងនាមជាតារា ចម្រៀងល្បី បើលែងមានអ្វីថ្មីប្លែក សម្រាប់បម្រើអារម្មណ៍មហាជន និងអ្នកគាំទ្រ នោះFan អាចភ្លេចមុខ បាត់បង់ករ្តិ៍ឈ្មោះល្បីល្បាញ ហើយទីផ្សារចម្រៀងប្រឈមចុះខ្សោយ មិនអាចប្រកួតប្រជែងនឹងតារាចម្រៀង ល្បីៗដ៍ទៃទៀតបានទេ ។

តារាចម្រៀងហង្សមាសដែលនៅរក្សារបានរាងស្វែលស្អាតទោះជាមានស្វាមីជាង៦ឆ្នាំ សុគន្ធ និសា ថ្លែងថា «ចំពោះការភ័យព្រួយទៅលើប្រជាប្រិយភាព គឺជារឿងធម្មតា ព្រោះយើងជាអ្នកសិល្បៈ ហើយជាអ្នកចម្រៀង ទៀត គឺប្រជាប្រិយភាពសំខាន់ណាស់ ហើយប្រសិនបើយើងមិនសូវចេញបទចម្រៀងអ៉ីចឹង អាចធ្វើឲ្យប្រជា ប្រិយភាពធ្លាក់ចុះខ្លះៗដែរ..!»។

ទាក់ទងការងារជំនួញវិញ នៅឆ្នាំ២០២៤ នេះទើបគេដឹងថាតារាចម្រៀង សុគន្ធ និសា គឺជាសហស្ថាបនិករបស់ The K Clinic ដែលនាងមានភាគហ៊ុននៅទីនោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសនាងក៏បាន ទទួលសេវាកម្មថែរក្សាសម្រស់ ប្រចាំនៅក្នុងគ្លីនិកមួយនេះ តាំងពីចាប់ផ្ដើមបើកទ្វារស្វាគមន៍ អតិថិជនជា ច្រើនឆ្នាំមកហើយ។

សុគន្ធ និសា អះអាងថា «សម្រស់ គឺសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំបានចាត់ទុកវាជា ការស្រឡាញ់ ខ្លួនឯង និងចេះមើលថែខ្លួនឯង ហើយភាពស្រស់ស្អាត គឺជាផ្នែកមួយនៃទំនុកចិត្តរបស់ខ្ញុំ។ យើងមិនអាចឃាត់ អាយុ មិនឲ្យវិវឌ្ឍទៅមុខបានមែន តែយើងមានជំរើសទប់ស្កាត់ និងថែសម្រស់យើងមិនឲ្យវិវឌ្ឍ ទៅមុខបាន. .!»។ និសា ក៍ទទួលស្គាល់ថានាង នាងពិតជាមានមានភាគហ៊ុននៅក្នុងហាងកែសម្ផស្ស «The K Clinic” ប្រាកដ មែន។

  អ្នកនាងប៊ុន សុគន្ធា ហៅ សុគន្ធ និសា ទោះបីជាទីផ្សារចម្រៀងត្រូវធ្លាក់ចុះបន្តិចមែន ប៉ុន្តែនាងនៅតែមមា ញឹក នឹងមុខជំនួញ  ស្ទើរតែរកពេលសំរាកគ្មាន។ ចំពោះមុខជំនួញរកស៊ីរបស់ សុគន្ធ និសា  បច្ចុប្បន្នមាន ដូចជាការបើកហាងលក់គុយទាវខ្ចប់, ជ្រក់ជើងមាន់,  កាហ្វេ និងចេកឆឹងជាដើម ដោយទទួលបានការគាំទ្រ ច្រើន ពីអតិថិជន ៕

RELATED ARTICLES