Thursday, January 23, 2025
Homeព័ត៌មានជាតិមេៗបក្សភ្លើងទៀន អ្នកវិភាគថា ជិះក្របីចម្លងភក់ ឆ្ពោះទៅធ្វើអត្តឃាតនយោបាយ

មេៗបក្សភ្លើងទៀន អ្នកវិភាគថា ជិះក្របីចម្លងភក់ ឆ្ពោះទៅធ្វើអត្តឃាតនយោបាយ

ភ្នំពេញ ៖ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) មួយចំនួន បានរត់ទៅដឹកនាំគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពជាគណបក្សភ្លើងទៀន និងគណបក្ស២ទៀត គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ក្នុងការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ហើយគណបក្សឆន្ទៈខ្មែរ បានធ្វើសមាជជ្រើសរើសមេដឹកនាំថ្មី មកពីគណបក្សភ្លើងទៀនមក អ្នកវិភាគបានលើកឡើងថា មេៗបក្សភ្លើងទៀន ប្រើយុទ្ធសាស្ត្រជិះក្របីចម្លងភក់ ដល់គោកធាក់ចោលសមាជិកសម្ព័ន្ធ២ ។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ការជិះក្របីចម្លងភក់ របស់មេៗបក្សភ្លើងទៀន ជាការធ្វើដំណើរឆ្ពោះទៅធ្វើអត្តឃាតនយោបាយខ្លួនឯង។

គួរបញ្ជាក់ថា កាលពីទី២១ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយនិងសង្គម បានបង្ហោះនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នូវរូបភាពកាត់តស្តីពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចំនួន៥រូប គឺលោកបណ្ឌិសុក ហាច លោកគីមសួរ ភីរិទ្ធ លោកសុន ឆ័យ លោកសេង ម៉ារឌី និងលោកហុង សុខហួរ ដែលបានចាកចេញពីគណបក្សភ្លើងទៀន ទៅដឹកនាំគណបក្សឆន្ទៈខ្មែរ ជាមួយនឹងរូបកាត់តខ្លួនក្របី ក្បាលមនុស្សដែលជាអតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនខាងលើ ក្នុងន័យថា ជិះក្របីចម្លងភក់ ។

ភ្ជាប់មួយរូបភាពកាត់តខាងលើនេះ លោកបណ្ឌិត សេង សារី សរសេរថា “ដំណើរឆ្ពោះទៅរកការធ្វើអត្តឃាតនយោបាយ របស់មេៗភ្លើងទៀន! យុទ្ធសាស្រ្តជិះក្របីចម្លងភក់ របស់មេៗ បានចេញក្រឡាយ៉ាងក្រឡៅៗ ក្រៅពីជិះភ្លើងទៀន ដល់គោកហើយ ក៏ងាកក្រោយមកធាក់សមាជិកសម្ព័ន្ធពីរផ្សេងទៀត មួយជើងយ៉ាងដំណំ រហូតដល់លេងហ៊ានមាត់ក។ ជូនពរមេៗ សុខសប្បាយតាមផ្លូវ!“ ។

ជាមួយគ្នានោះដែរ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ថា ការធាក់ចោលគណបក្សសម្ព័ន្ធ ២ទៀត របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ វាគឺជារូបភាពអាក្រក់មួយរបស់អ្នកដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែតាមពិតគ្រាន់តែជាគំរង់ប្រជាធិបតេយ្យ។ ការសំងំដើម្បីកេងប្រវ័ញ្ចនយោបាយរបស់អ្នកនយោបាយដេកស៊ី វាជារឿងមួយដដែលៗ ហើយនយោបាយប្រភេទនេះ គឺជានយោបាយមួយ ដែលហៅថា «ជិះក្របីចម្លងភក់» ហើយវាគ្មានភាពស្មោះត្រង់ណាមួយនៅក្នុងជួររចនាសម្ព័ន្ធនៃការដឹកនាំសមូហភាពបក្សទេ ប៉ុន្តែលោកជឿថា គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) នឹងវ៉ៃកាត់ផ្ដាច់ទាំងផ្លូវមុខ ទាំងផ្លូវក្រោយ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ខ្ញុំមើលឃើញថា តាមរយៈសមាជរបស់គណបក្សឆន្ទៈខ្មែរ ដែលធ្វើឡើងដើម្បីចូលរួមការបោះឆ្នោត ហើយថ្នាក់ដឹកនាំសម្ព័ន្ធទាំង៤ហ្នឹង ហើយសម្ព័ន្ធ២ទៀត ត្រូវបានធាក់ចោលនោះ ខ្ញុំយល់ឃើញថា វាគឺជារូបភាពអាក្រក់មួយរបស់អ្នកដែលតាំងខ្លួនអ្នកប្រជាធិបតេយ្យ តែតាមពិតគ្រាន់តែជាគំរង់ប្រជាធិបតេយ្យទេ ។ អ៊ីចឹងខ្ញុំឃើញថា លទ្ធផលនៃសមាជ លោកហុង សុខហួរ ជាអនុប្រធានគណបក្សឆន្ទៈខ្មែរ ហើយប្រពន្ធគាត់ជាអនុប្រធានគណបក្សភ្លើងទៀន ។ អ៊ីចឹងសួរថា តើបក្សនេះ វាគ្រួសារនិយម បក្ខពួកនិយមជាងគណបក្សប្រជាជន ឬក៏យ៉ាងម៉េច? ហើយការសំងំដើម្បីកេងប្រវ័ញ្ចនយោបាយរបស់អ្នកនយោបាយដេកស៊ី អ៊ីចឹងវាជារឿងមួយដែលវាដដែលៗ ហើយនយោបាយប្រភេទនេះ គឺជានយោបាយមួយ ដែលហៅថា «ជិះក្របីចម្លងភក់» ហើយ វាគ្មានភាពស្មោះត្រង់ណាមួយនៅក្នុងជួររចនាសម្ព័ន្ធនៃការដឹកនាំសមូហភាពបក្សហ្នឹងទេ ។ អ៊ីចឹងនេះគឹជាទង្វើជិះក្របីចម្លងភក់ របស់អ្នកប្រជាធិបតេយ្យក្លែងក្លាយ“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ហើយមួយទៀត សួរថា តើនេះជាការធ្វើអត្តឃាតនយោបាយរបស់គណបក្សភ្លើងទៀន ឬទេ? ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ប្រាប់ថា តាមពិតគណបក្សភ្លើងទៀននេះ ស្លាប់បាត់ហើយ ស្លាប់យូរហើយ ស្លាប់តាំងពីអត់បានចូលរួមការបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០២៣ ម៉្លេះ ពីព្រោះការប្រែប្រួលយុទ្ធសាស្រ្តនេះ មិនគួរជ្រើសរើសក្រោយការបោះឆ្នោត២០២៣ ទេ ។ អ៊ីចឹងនយោបាយនេះ គ្រាន់តែជារូបភាពនយោបាយមួយដែលលោកសម រង្ស៊ី ធ្វើឡើងញែកអ្នកចាស់ បន្ថែមអ្នកថ្មី ដូចជាអ្នកចាស់នៅក្នុងភ្លើងទៀន និងឆន្ទៈខ្មែរ ហើយទៅបង្កើតប្រមូលអាថ្មី អាកម្លាំងជាតិ ហើយចុងក្រោយមកបង្រួមគ្នា ដើម្បីប្រកួតជាមួយគណបក្សប្រជាជន ២០២៨ ហើយយុទ្ធសាស្រ្តកំប៉ិកកំប៉ុកប៉ុណ្ណឹង ហើយគ្រាន់តែឈ្លោះគ្នា ធ្វើជាសិល្បៈប៉ុណ្ណឹង គណបក្សកាន់អំណាច មើលមិនធ្លុះនោះ វាជារឿងមួយដែលមិនមែនហៅថា គណបក្សកាន់អំណាចទេ ។ អ៊ីចឹងយុទ្ធសាស្រ្តនេះ ខ្ញុំមើលទៅឃើញថា វាបរាជ័យមុនការគ្រោងទុក ។ អ៊ីចឹងខ្សែបំបែកផ្លូវគ្នាវ៉ៃ ដើម្បីបង្រួមគ្នា ទៅប្រយុទ្ធជាមួយខ្មាំងនេះ ខ្ញុំជឿថា គណបក្សប្រជាជន នឹងវ៉ៃកាត់ផ្ដាច់ និងវ៉ៃផ្ដាច់ផ្លូវ ផ្លូវមុខក៏ជួយអាក្រោយមិនបាន អាក្រោយក៏ជួយអាមុខមិនបាន ។ អ៊ីចឹងសម រង្ស៊ី មានតែបរាជ័យទៀតហើយ នៅក្នុងយុទ្ធសាស្រ្តថ្មី ថែអាចាស់ បង្កើតអាថ្មីនោះ ។ អ៊ីចឹងនយោបាយនេះ គឺដើរក្រោយសម្ដេចហ៊ុន សែន ឆ្ងាយណាស់“ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វេរ រាជធានីភ្នំពេញ គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពគណបក្សភ្លើងទៀន បានធ្វើសមាជវិសាមញ្ញ ពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន ១- អនុម័តការធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខិន្តកៈគណបក្ស ។ ២-ជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការនាយកគណបក្ស ចំនួន៣២រូប និង៣- ជ្រើសតាំងសមាសភាពប្រធានគណបក្ស អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហេរញ្ញិក និងប្រធានក្រុមប្រឹក្សាវិន័យគណបក្ស ។

ជាលទ្ធផលក្នុងរបៀបវារៈទី៣ សមាជវិសាមញ្ញគណបក្សឆន្ទៈខ្មែរ បានជ្រើសតាំង ១. លោកបណ្ឌិត សុខ ហាច អតីតអនុប្រធានគណបក្សភ្លើងទៀន ជាប្រធានគណបក្ស ២. លោកហុង សុខហួរ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សភ្លើងទៀន ជាអនុប្រធាន ៣.លោកសុន ឆ័យ អតីតអនុប្រធានគណបក្សភ្លើងទៀន ជាអនុប្រធាន ៤. លោកសេង ម៉ារឌី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ជាអនុប្រធាន ៥.លោកគង់ មីនុកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ និងជាអតីតអគ្គលេខាធិការស្ដីទីគណបក្សភ្លើងទៀន ជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ៦. លោកអ៊ី មុយលី ជាអគ្គលេខាធិការរង ៧. លោកយូ ស៊ាងហេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សភ្លើងទៀន ជាអគ្គលេខាធិការរង ៨. លោកមាស ខេង ជាអគ្គហេញ្ញិក និង៩. លោកគីមសួរ ភីរិទ្ធ អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សភ្លើងទៀន ជាប្រធានក្រុមប្រឹក្សាវិន័យ ។

ក្រោយសមាជវិសាមញ្ញគណបក្សឆន្ទៈខ្មែរ ១ថ្ងៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ គណបក្សភ្លើងទៀន បានយកទីស្នាក់ការកណ្ដាលរបស់ខ្លួន ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើកន្លែងរៀបចំសមាជវិសាមញ្ញមួយដែរ ដើម្បីកែសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំគណបក្ស ដោយសារថ្នាក់ដឹកនាំមួយចំនួន ត្រូវបានលាចេញពីគណបក្សភ្លើងទៀន ទៅបន្តបេសកកម្មជាមួយគណបក្សថ្មី ដែលជាគណបក្សនៅក្នុងសម្ព័ន្ធភាព ហើយនិងដើម្បីឲ្យការងារគណបក្សភ្លើងទៀន មាននិរន្តរភាពពីពេលនេះទៅថ្ងៃអនាគតទៀត។

ជាលទ្ធផល សមាជវិសាមញ្ញគណបក្សភ្លើងទៀន សម្រេច ៖ ១- ជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការនាយក ចំនួន១៣រូប ។ ២- ជ្រើសតាំងអនុប្រធានគណបក្សចំនួន២រូប រួមមាន លោកស្រី គុណ លំអង និងលោកជា គឹមលី ។ ៣- ជ្រើសតាំងលោកជា ប៉ូច ជាអគ្គហេរញ្ញិក និងលោកហេង សាវឿន ជាស្នងការគណនេយ្យគណបក្ស ៕ កុលបុត្រ

RELATED ARTICLES