ភ្នំពេញ ៖ តារាចម្រៀងនិងសម្តែង និយមតែងខ្លួនសិចស៊ី កញ្ញាកែវ ពិសី ហៅរតនៈ ពិសី ត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាច ជួញដូរបាន (ចេញសែកស្អុយ) ក្នុងទំហំទឹកប្រាក់ប្រមាណជិត ២ម៉ឺនដុល្លារ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការបញ្ជូនខ្លួនតារាចម្រៀងនិងសម្តែង កែវ ពិសី ហៅរតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ ធ្វើការសាកសួរ ក្រោយចាប់ខ្លួនពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។
ការឃាត់និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសីហៅរតនៈ ពិសី គឺធ្វើឡើងដោយយោងតាមពាក្យ បណ្តឹង របស់ ឈ្មោះផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ដែលបានប្តឹងចោទប្រកាន់កញ្ញារតនៈ ពិសី ពីបទរំលោភ លើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២៣។
ដោយឡែក យោងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០៣៣ អ.យ.ក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ចេញដោយ លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជា ឱ្យឈ្មោះកែវ ពិសី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យចូលបង្ហាញខ្លួននៅនាយកដ្ឋាន ព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បី សាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងរំ លោភលើទំនុកចិត្ត» តាមបណ្តឹងរបស់ឈ្មោះផាន សុរិយា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។
គួររំលឹកថា តារាសម្តែង កែវ ពិសី ហៅរតនៈពិសី ធ្លាប់ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលបំភ្លឺជុំវិញ ករណី ចេញសែកស្អុយ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២ដង រួចមកហើយ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕