Thursday, January 23, 2025
Homeព័ត៌មានជាតិបណ្ឌិតសេង សារី ថាសុន ឆ័យ ចាយទ្រព្យសម រង្ស៊ី ជេរសម រង្ស៊ី

បណ្ឌិតសេង សារី ថាសុន ឆ័យ ចាយទ្រព្យសម រង្ស៊ី ជេរសម រង្ស៊ី

ភ្នំពេញ ៖ បណ្ឌិតសេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម ដែលមាននិន្នាការគាំទ្រលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានលើកឡើងថា លោកសុន ឆ័យ អតីតអនុប្រធានគណបក្សភ្លើងទៀន បច្ចុប្បន្នជាអនុប្រធានគណបក្សឆន្ទៈខ្មែរ ដែលជាអតីតសហការីជំនិតលោកសម រង្ស៊ី ចាយទ្រព្យនយោបាយឪ (លោកសម រង្ស៊ី) ហើយ ជេរលោកសម រង្ស៊ី ទៀត ។

លោកបណ្ឌិត សេង សារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ចាយទ្រព្យឪហើយ ជេរឪទៀត ចាស់បុរាណថា រកស៊ីមិនកំណើតទេ! តោះ! ចូលរួមការពារទ្រព្យអ្នកប្រជាធិបតេយ្យ!“ ។

ជុំវិញការលើកឡើងរបស់លោកបណ្ឌិត សេង សារី ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិកម្មឆ្លើយតបពីលោកសុន ឆ័យ បានទេ កាលពីម្សិលមិញ ។

គួរកត់សម្គាល់ថា ការលើកឡើងរបស់លោកបណ្ឌិត សេង សារី ខាងលើនេះ បានធ្វើឡើងក្រោយពេលលោកសុន ឆ័យ បានលើកឡើងនៅក្នុងវេទិកាវិទ្យុអាស៊ីសេរី នាពេលថ្មីៗកន្លងទៅនេះ ហាក់មានន័យសំដៅទៅលើអតីតមេបក្សប្រឆាំង លោកសម រង្ស៊ី ថាការដែលធ្វើឲ្យមានបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា ឬប្រជាធិបតេយ្យ ត្រូវបានរំលោភបំពាន មិនមែនមកតែពីការដឹកនាំរបស់គណបក្សកាន់អំណាច តែម្ខាងទេ គឺក៏មកពីកំហុសមេបក្សប្រឆាំង (សម រង្ស៊ី) ផងដែរ ដែលប្រើពាក្យវាយប្រហារបុគ្គលមិនពិត ទៅលើមេបក្សកាន់អំណាច (សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា) ដែលធ្វើឲ្យមេបក្សកាន់អំណាច ខឹងសម្បា បង្កើតជាជម្លោះនយោបាយ បិទច្រកបក្សប្រឆាំង និងធ្វើឲ្យលែងមានវប្បធម៌សន្ទនា ។ ជាពិសេស លោកសុន ឆ័យ លើកឡើងថា បើបក្សប្រឆាំងបាត់បង់ទិសដៅ នាំគ្នាគិតតែរឿងជេរបញ្ចោរ មួលបង្កាច់ ដើម្បីបានលាភសក្ការៈ ឬក៏បានគេទទួលស្គាល់ថាខ្លួនពូកែ គឺធ្វើឲ្យពលរដ្ឋធ្លាប់គាំទ្រ បាត់បង់ការគាំទ្រ អស់ជំនឿហើយ ។ ដូច្នេះ បើគ្រាន់តែតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ អត់មានងចេះធ្វើការជាមួយគ្នា ដោះស្រាយបញ្ហាជាមួយគ្នាផង តើឲ្យពលរដ្ឋរំពឹងលើយ៉ាងដូចម្ដេច?

លោកសុន ឆ័យ បានមានប្រសាសន៍នៅពេលនោះថា “វាមានកត្តាពិសោធន៍ ។ យើងដឹងថា កាលពីឆ្នាំ២០១៤ ក្រោយពីមានការដោះស្រាយបញ្ហារាំងស្ទះក្រោយការបោះឆ្នោត ២០១៣ គណបក្សកាន់អំណាច និងគណបក្សប្រឆាំង សង្រ្គោះជាតិហ្នឹង បានបង្កើតជាយន្តការដោះស្រាយវិវាទមួយ តាមការងារសន្ទនា ហើយទាំងបង្កើតយន្តការទទួលស្គាល់តួនាទីរបស់គណបក្សប្រឆាំង មានក្រុមសភាភាគតិច ដែលប្រធានសភាភាគតិច មានឋានៈស្មើនាយករដ្ឋមន្រ្តិ មានកិច្ចសហការក្នុងការតាក់តែងច្បាប់ ដើម្បីជាផលប្រយោជន៍ដល់កម្មករអីជាដើម ខ្ញុំចាំ ពេលហ្នឹង រហូតដល់នាយករដ្ឋមន្រ្តី ជាមួយនិងប្រធានគណបក្សប្រឆាំងហ្នឹងបានធ្វើសន្និសីទអីជាមួយគ្នា ទៅរួមចូលឆ្នាំនៅអង្គរវត្ត ជាមួយគ្នាជាដើម ដោយទទួលស្គាល់ថា កម្ពុជា ត្រូវតែរៀបចំឲ្យមានលទ្ធិប្រជាធិបតេយ្យ ហើយអ្នកដែលឈ្នះ មិនត្រូវប្រើប្រាស់អំណាច ទៅកម្ចាត់ ឬក៏ធ្វើទោសអូសដំណើរដល់អ្នកចាញ់អីជាដើម ។ ហ្នឹងជាប្រវត្តិមួយដែលជាលក្ខណៈមួយដែលយើងអាចយកមកគិតឡើងវិញថា តើហេតុអ្វីខ្លះ ដែលដំណើរការប្រជាធិបតេយ្យ ឈានដល់ដំណាក់កាលមួយដែលអាចផ្ដល់ដល់សេចក្ដីសង្ឃឹមហើយ បែរជារលាយអស់ ធ្វើឲ្យយើងហ្នឹងធ្លាក់មកដល់ស្ថានភាពសព្វថ្ងៃនេះ? ដូច្នេះយើងមើលកំហុសរៀងខ្លួន កំហុសអ្នកកាន់អំណាច ហើយកំហុសយើងដែលជាគណបក្សក្រៅរដ្ឋាភិបាល ឬក៏គណបក្សប្រឆាំងនេះផងដែរ នៅក្នុងការជំរុញធ្វើម៉េចឲ្យមានការបន្តការលើកទឹកចិត្តនេះ ដល់ដំណើរការប្រជាធិបតេយ្យនេះ ប្រព្រឹត្តទៅបានល្អ ។ កំហុសគណបក្សប្រឆាំង ខ្ញុំចាំតើ! មានការនិយាយជាមួយកាសែតបរទេស ដៀមដាមអំពីមូលហេតុដែលនាំឲ្យអ្នកដឹកនាំគណបក្សកាន់អំណាចហ្នឹង សុខចិត្តសហការនយោបាយ ចរចានយោបាយគ្នា ដោះស្រាយបញ្ហាអីជាដើមហ្នឹង ថាដោយសារតែប្រធានគណបក្សកាន់អំណាចហ្នឹង ខ្លាចមានគ្រោះថ្នាក់ដូចហ្គាដដាហ្វី អីជាដើម ខ្ញុំចាំនៅពេលហ្នឹង! ដែលបង្កឲ្យអតីតនាយករដ្ឋមន្រ្តី គាត់ខឹងសម្បាទៅ ហើយគាត់បង្កឲ្យមានវិធានការក្ដៅឡើងវិញនោះ“ ។

លោកសុន ឆ័យ បានបន្តថា “យើងនិយាយពីការរិះគន់មិនត្រឹមត្រូវ អាហ្នឹងយើងមានកាតព្វកិច្ច យើងគ្មានកោតខ្លាចក្នុងការរកយុត្តិធម៌ជូនពលរដ្ឋ រិះគន់ក្នុងការដឹកនាំមិនត្រឹមត្រូវទេ ប៉ុន្តែតាមយោបល់ខ្ញុំ យើងមិនគួរដៀលត្មះបុគ្គលទេ ព្រោះនៅក្នុងប្រទេសជឿនលឿន ក៏គេមិនដែលដៀលត្មះបុគ្គលអីហួសហេតុដូចរបៀបដែលយើងធ្វើដូចសព្វថ្ងៃដែរ ទាំងប្រព័ន្ធអនឡាញអីជាដើមហ្នឹង គឺជេរបញ្ចោរ ឥឡូវវារាលដល់អាគណបក្សប្រឆាំងខ្លួនឯងហ្នឹង ដៀលចោទ បញ្ចោរគ្នាហ្នឹងតាមពាសវាលពាសកាលហើយ ។ ដូច្នេះការរិះគន់ មិនមែនជាការងារមួយដែលយើងអាចនឹងកាត់បន្ថយទេ កាលណាយើងជាអ្នកនយោបាយ ត្រូវមានការទទួលខុសត្រូវ…។ ចំពោះការចេញសាររបស់លោកសម រង្ស៊ី ឲ្យអ្នកប្រជាធិបតេយ្យរួបរួមគ្នា អាហ្នឹងជាការព្រួយបារម្ភជាទូទៅ ប្រជាពលរដ្ឋខ្មែរជាទូទៅ លោកព្រួយបារម្ភ ដែលឃើញគណបក្សប្រឆាំង បែរជានាំមកបង្កជម្លោះតែគ្នាឯង មួលបង្កាច់ ជេរបញ្ចោរតែគ្នាឯង អាហ្នឹងពលរដ្ឋព្រួយបារម្ភទាំងអស់តែគ្នាទេ មិនមែនថាអ្នកណាមួយឃើញបញ្ហានោះតែម្នាក់ឯង គឺជាបញ្ហាទូទៅ ដែលខ្លួនខ្ញុំក៏ព្រួយបារម្ភដែរ ហើយបើយើងបាត់បង់ទិសដៅរបស់យើង យើងនាំគ្នាគិតតែពីរឿងជេរបញ្ចោរ មួលបង្កាច់ ដើម្បីបានលាភសក្ការៈ ឬក៏បានគេទទួលស្គាល់ថា ខ្លួនពូកែអីជាដើមហ្នឹង អាហ្នឹងគឺថា ធ្វើឲ្យពលរដ្ឋដែលធ្លាប់គាំទ្រគណបក្សប្រឆាំងនោះ បាត់បង់ការគាំទ្រហើយ អស់ជំនឿហើយ ។ បើគ្រាន់តែយើងតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ អត់មានទាំងចេះធ្វើការជាមួយគ្នា អត់មានទាំងចេះដោះស្រាយបញ្ហាអីជាមួយគ្នាផង តើឲ្យពលរដ្ឋគេទៅរំពឹងលើយើងយ៉ាងដូចម្ដេច?…” ៕ កុលបុត្រ

RELATED ARTICLES