ភ្នំពេញ ៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចេញមុខទាត់ចោលការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធនឹងការកិបកេងលុយប្រមាណជាង ៨០លានដុល្លារអាមេរិក ដោយលោកបានបង្ហាញឯកសារមួយចំនួន បញ្ជាក់ថា លោកមិនជាប់ពាក់ព័ន្ធនឹងលុយ៨០លានដុល្លារ ដូចការចោទប្រកាន់នោះឡើយ ។
សូមបញ្ជាក់ថា ថ្មីៗនេះ មានគណនីបណ្ដាញសង្គម ហ្វេសប៊ុកមួយ ឈ្មោះ “Chivann Pen” បានសរសេរចោទប្រកាន់លោកព្រាប កុល អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បច្ចុប្បន្នជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ថាជាប់ពាក់ព័ន្ធនឹងការកិបកេងលុយប្រមាណជាង ៨០លានដុល្លារអាមេរិក ក្នុងគម្រោងវិនិយោគអចលនទ្រព្យ ។
គណនីបណ្ដាញសង្គម ហ្វេសប៊ុក ខាងលើ បានសរសេរនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា “អ្នកក្លាហាន «ព្រាប កុល» អ្នកក្លាហានម្នាក់ដែលតស៊ួមតិខាង «តម្លាភាពសង្គម»ជាច្រើនឆ្នាំមក ចុងបញ្ចប់ក៏លះបង់ជំរំនេះ ហើយបានចុះចូលជាមួយជំរំធំរបស់គណបក្សប្រជាជន ក៏បានកាន់តំណែងធំគ្រាន់បើ។ ក្រោយមក បានកសាងស្នាដៃជាប្រវត្តិសាស្រ្តមួយ ដោយបានបង្កើតក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយ ឈ្មោះថា Zillenium Group ។ ក្នុងគ្រុបនេះ មានអ្នកមេទ័ពឆ្នើមច្រើនគួរសម ធ្វើឲ្យមហាជនថា ជាទង់ជ័យដ៏មហិមា សម្រាប់វិស័យអចលនទ្រព្យ។
ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ សមាភាគីរបស់គាត់ (លោកគុយ វ៉ាត) គាត់បានរៀបចំយកលុយចេញប្រមាណ ៨០លានដុល្លារ ពីក្រុមហ៊ុនគ្រប់គ្រងមូលធនវិនិយោគមួយ ហៅកាត់ថា CIC ក្នុងចំណោមទឹកប្រាក់ប្រមាណ ១៣០លានដុល្លារ។ លោកព្រាប កុល (ឥឡូវត្រូវហៅថា ឯ.ឧ ព្រាប កុល) ត្រូវបានគេសង្ស័យថា ជាអ្នកទទូលខុសត្រូវធំបំផុត និងជាមេគំនិត នៃប្រត្តិបត្តិការយកលុយចេញ ពី CIC ធ្វើឲ្យអ្នកវិនិយោគប្រមាណ ៥៤៦នាក់ បាត់បង់ទ្រព្យធន លុយកាក់ ដែលវិនិយោគក្នុងក្រុមហ៊ុននេះ“ ។
ម្ចាស់គណនីហ្វេសប៊ុក ដដែល បន្តថា “អ្នកទទូលខុសត្រូវបន្ទាប់ គឺលោកគុយ វ៉ាត ដែលជាម្ចាស់ Park Cafe ដែលគាត់កាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល របស់ CIC រូមទាំងសមាជិកក្រុមប្រឹក្សាភិបាល ជាង ១០នាក់ទៀត។ អ្នកទទូលខុសត្រូវនូវការធ្វើឲ្យបាត់បង់លុយកាក់ជាង ៨០លានដុល្លារ បន្ទាប់នេះ គឺនិយ័តករមូលបត្រកម្ពុជា ដែលជាអ្នកផ្តល់អាជ្ញាប័ណ្ណគ្រប់គ្រងមូលធន ដល់ CIC ដែលមិនទាន់មានចំណាត់ការដោះស្រាយណាមួយជូនអ្នកវិនិយោគនៅឡើយ។ លុយជាង ៨០លានដុល្លារនេះ ត្រូវបានលោកព្រាប កុល ចាត់ចែងក្នុងការវិនិយោគគម្រោងអចលនទ្រព្យផ្សេងៗ ក្នុង Zillenium Group ។ សារនេះ ចាត់ទុកថា ជាការបើកភ្លើងខៀវឲ្យអ្នកពាក់ព័ន្ធ បើកការស៊ឺបអង្កេតប្រកបដោយតម្លាភាព លើករណីនេះ“ ។
ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បន្តទៀតថា “ជូនចំពោះអ្នកក្លាហានក្នុងក្អម ដែលជាអ្នកវិនិយោគ នៅ CIC, ក្នុងគ្រប់អស់លោកបញ្ចេញមតិសាហាវៗណាស់! តែបែរជាគ្មាននរណាម្នាក់ ហ៊ានជូបអ្នកកាសែត ឬក៏ដាក់ពាក្យបណ្តឹងអ្វីនោះទេ។ ក្នុងសារនេះ ចាត់ទុកថាជាការបើកផ្លូវជូនអ្នកក្លាហានក្នុងក្អមទាំងនោះ ហើយខ្ញុំក៏ជាម្នាក់នៅក្នុងចំណោមនោះដែរ។ ប្រភព ៖ ប្អូនម្នាក់ ជាអ្នកវិនិយោគនៅក្រុមហ៊ុន CIC “ ។
ជាមួយគ្នានោះដែរ លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាជំនួយការលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា បើលោកព្រាប កុល មិនពុករលួយ ឬមិនជាប់ព័ន្ធដូចការចោទប្រកាន់របស់ប្រភពខាងលើនេះមែន គួរតែបង្ហាញភ័ស្តុតាងបញ្ជាក់ភាពស្អាតស្អំ ជាជាងប្រើមេធាវីឲ្យដាក់បណ្ដឹងទៅតុលាការ ឬបង្ខំឲ្យប្រភពខាងលើ ធ្វើការសុំទោសជាសាធារណៈ ។
លោកមុត ចន្ថា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បង្ហាញភ័ស្តុតាងបញ្ជាក់ភាពស្អាតស្អំ បើខ្លួនមិនពុករលួយ! ព្រាប កុល ចេញមុខបញ្ជាក់អំពីភាពស្អាតស្អំចំពោះព័ត៌មានចោទប្រកាន់ថា បានគប់គិតក្នុងការបាត់លុយ $80លាន។ សាមីខ្លួន ត្រូវបង្ហាញភ័ស្តុតាងថា ខ្លួនមិនជាប់ពាក់ព័ន្ធ មិនមែនប្រើមេធាវីបញ្ជាឱ្យគេលុបរឿងរ៉ាវដែលបានបង្ហោះចោទនោះទេ ។ រឿងលុបបំបាត់អំពើពុករលួយ ក៏ព្រាប កុល ចេះ ឯរឿងប្រព្រឹត្តអំពើពុករលួយវិញ ប្រហែលជាព្រាប កុល ចេះដែរទេដឹង??? អ៊ីចឹងហើយបានដាក់មេប្រូច ចុះចូលជាមួយបក្សកាន់អំណាច លឿនម្ល៉េះ ហើយទទួលបានតំណែងធំទៀត! ព្រាប កុល លាតត្រដាងនិងបង្ហាញភ័ស្តុតាងឱ្យសាធារណៈបានដឹងថា លុយ $80លាន ដែលត្រូវបានគេចោទខ្លួនថាបានគប់គិតដកនេះ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកមុត ចន្ថា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ថា ប្រសិនបើតុលាការឯករាជ្យ ជនពុករលួយ មិនរួចខ្លួននោះទេ ។
លោកមុត ចន្ថា បានមានប្រសាសន៍ថា “ខ្ញុំមិនមានអ្វីបន្ថែមទេ។ ប្រភពដើមនៃការចោទ អាចមានភ័ស្តុតាងបញ្ជាក់បន្ថែមចំពោះការពាក់ព័ន្ធរបស់ព្រាប កុល ក្នុងការដកលុយនេះ។ ប្រសិនជាតុលាការឯករាជ្យ ជនពុករលួយ មិនរួចខ្លួននោះទេ!“ ។
ទោះបីយ៉ាងណា ជុំវិញការចោទប្រកាន់ខាងលើនេះ លោកព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចេញមុខបដិសេធ ច្រានចោល ដោយលោកបានចាត់ទុកការចោទប្រកាន់ខាងលើនេះ គ្មានភ័ស្តុតាងច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក និងកិត្តិនាមរបស់រាជរដ្ឋាភិបាល ។
លោកព្រាប កុល បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ថា “បាទជម្រាបសួរ! ព័ត៌មាននោះមិនពិតទេ គឺជាការប្រឌិត ដើម្បីបរិហារកេរ្តិ៍ និងបង្ខូចឈ្មោះខ្ញុំ ក៏ដូចជាបង្ខូចកិត្តិនាមរបស់រាជរដ្ឋាភិបាល ហើយមានលក្ខណ:ញុះញង់ថែមទៀតផង។ ខ្ញុំបានដាក់ពាក្យប្តឹងម្ចាស់អាខោន Chivann Pen នេះហើយ។ ហេតុអ្វីខ្ញុំអាចកិបកេងលុយស្ថាប័នធំមួយបាន? លុយដល់ទៅ ៨០លានដុល្លារ ខណ:ដែលខ្ញុំគ្មានតួនាទីអ្វីក្នុងស្ថាប័ននោះទៅកើត? គឺមិនអាចទេ“ ។
ភ្ជាប់ជាមួយប្រសាសន៍ខាងលើនេះ លោកព្រាប កុល បានបង្ហាញឯកសារ ចំនួន៣ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោកថា មិនជាប់ពាក់ព័ន្ធនឹងលុយ ៨០ម៉ឺនដុល្លារនោះឡើយ ។ ឯកសារទី១ គឺជាលិខិតរបស់គណៈកម្មការស្ដារក្រុមហ៊ុននិមូលនិធិ នៃក្រុមហ៊ុនខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាកនើរ ម.ក គោរពផ្ញើជូនលោកព្រាប កុល ក្នុងកម្មវត្ថុ ឆ្លើយតបចំពោះលិខិតចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់លោកព្រាប កុល ដែលស្នើការបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការកិបកេងមូលនិធិរបស់ស៊ីអាយស៊ី (ICC) ។ ឯកសារទី២ លិខិតនិយ័តករមូលបត្រកម្ពុជា ជម្រាបជូនប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាតនើរ ម.ក កម្មវត្ថុ ករណីស្នើសុំការអនុញ្ញាតបង្កើតគណៈកម្មការស្ដារក្រុមហ៊ុននិងមូលនិធិ របស់ក្រុមហ៊ុនខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាតនើរ ម.ក ។ ឯកសារទី៣ លិខិតរបស់លោកព្រាប កុល រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី នៃទីស្ដីការគណៈរដ្ឋមន្រ្តី គោរពជូនឧកញ៉ាសុខ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) កម្មវត្ថុ ស្នើសុំការបំភ្លឺចំពោះករណីចោទប្រកាន់មកលើរូបលោក ហើយមានការផ្សព្វផ្សាយជាសាធារណៈថា បានកិបកេងយកលុយមូលនិធិរបស់ CIC ចំនួន៨០លានដុល្លារអាមេរិក ។
នៅក្នុងលិខិតនិយ័តករមូលបត្រកម្ពុជា ចុះថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ជម្រាបជូនប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាតនើរ ម.ក កម្មវត្ថុ ករណីស្នើសុំការអនុញ្ញាតបង្កើតគណៈកម្មការស្ដារក្រុមហ៊ុននិងមូលនិធិ របស់ក្រុមហ៊ុនខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាតនើរ ម.ក ដែលចុះហត្ថលេខាដោយលោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា “ បន្ទាប់ពីបានពិនិត្យលិខិតស្នើសុំ និងឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាតនើរ ម.ក រួចមក និយ័តករមូលបត្រកម្ពុជា (ន.ម.ក) មិនយល់ទាស់នោះទេ ចំពោះការបង្កើតគណៈកម្មការស្ដារក្រុមហ៊ុននិងមូលនិធិ ក្នុងគោលដៅបន្តនិរន្តរភាព និងស្ដារដំណើរការរបស់ក្រុមហ៊ុនឡើងវិញ ដែលមានសមាសភាពដូចខាងក្រោម ៖
១. ឧកញ៉ាសុខ ពិសិដ្ឋ ជាប្រធានគណៈកម្មការ
២. លោកហុង លាងអ៊ី ជាអនុប្រធានគណៈកម្មការ
៣.លោកសោម សម្បត្តិ ជាសមាជិក
៤. លោកម៉ៅ សាវិន ជាសមាជិក ។
គណៈកម្មការនេះ ត្រូវចាប់ផ្ដើមអនុវត្តភារកិច្ចរបស់ខ្លួន នឹងត្រូវរាយការណ៍ជូន ន.ម.ក នូវលទ្ធផលនៃការអនុវត្តជាប្រចាំខែ យ៉ាងយូរត្រឹមថ្ងៃទី១០ នៃខែបន្ទាប់ ព្រមទាំងជូនដំណឹងជាបន្ទាន់មក ន.ម.ក ក្នុងករណីរកឃើញបញ្ហាបន្ទាន់ជាក់ស្ដែងណាមួយ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ តាមរយៈទូរស័ព្ទលេខ ០២៣ ៨៨៥ ៦១១ ឬទូរស័ព្ទមន្រ្តីទទួលបន្ទុកលេខ ០១០ ៤៥៦ ៨១២ ឬអ៊ីមែល intermediaries@serc.gov.kh “ ។
នៅក្នុងលិខិតរបស់លោកព្រាប កុល រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី នៃទីស្ដីការគណៈរដ្ឋមន្រ្តី គោរពជូនឧកញ៉ាសុខ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) កម្មវត្ថុ ស្នើសុំការបំភ្លឺចំពោះករណីចោទប្រកាន់មកលើរូបលោក ហើយមានការផ្សព្វផ្សាយជាសាធារណៈថា បានកិបកេងយកលុយមូលនិធិរបស់ CIC ចំនួន៨០លានដុល្លារអាមេរិក ចុះថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មានខ្លឹមសារថា “ខ្ញុំបាទស្នើសុំការស្រាយបំភ្លឺពីលោកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល CIC ទៅលើករណីខាងលើនេះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះនិងសុវត្ថិភាពរបស់ខ្ញុំបាទ និងក្រុមគ្រួសារ ។ ជាក់ស្ដែងលោកឧកញ៉ាផ្ទាល់ រួមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងទាំងអស់ ក៏ដូចជាសមាជិកទាំងឡាយរបស់ CIC សុទ្ធតែបានដឹងថា ខ្ញុំបាទពុំមានតួនាទី ភារកិច្ច ឬសិទ្ធិអំណាចក្នុងកម្រិតណាមួយឡើយ នៅក្នុងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងចាត់ចែងស្ថាប័ន CIC ចាប់ពីបង្កើត CIC រហូតមកទល់ពេលនេះ ។ ដូច្នេះតើខ្ញុំអាចទៅកិបកេង ឬយកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ ពីក្រុមហ៊ុន CIC ដោយរបៀបណា? ករណីនេះគឺមិនអាចទៅរួចទេ។
លិខិតបញ្ជាក់ពីសំណាក់ក្រុមហ៊ុន CIC ដែលលោកឧកញ៉ា ជាប្រធានក្រុមប្រឹក្សាភិបាលមានសារៈសំខាន់ក្នុងការស្រាយបំភ្លឺ និងបញ្ជាក់ពីការចោទ មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ ដែលមានលក្ខណៈបែបញុះញង់នេះ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងសុវត្ថិភាពរបស់ខ្ញុំ ដែលជាមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងរាជរដ្ឋាភិបាល និងសុវត្ថិភាពក្រុមគ្រួសារខ្ញុំ ។
អាស្រ័យដូចបានគោរពស្នើសុំខាងលើនេះ សូមលោកឧកញ៉ា ប្រធានក្រឹមប្រឹក្សាភិបាល មេត្តាសម្របសម្រួលឲ្យមានការឆ្លើយតបជាផ្លូវការ ដើម្បីផ្ដល់នូវសច្ចភាព យុត្តិធម៌ និងភាពត្រឹមត្រូវ ដើម្បីឲ្យខ្ញុំអាចរក្សាបាននូវកេរ្តិ៍ឈ្មោះ និងសុវត្ថិភាពខ្ញុំបាទផ្ទាល់ផង និងដើម្បីរក្សាកិត្យានុភាព និងកិត្តិនាមនៃរាជរដ្ឋាភិបាលកម្ពុជាផង ។ ដើម្បីស្វែងរកយុត្តិធម៌ ខ្ញុំមានភាពចាំបាច់ត្រូវប្ដឹងជនដែលបានចោទខ្ញុំ ហើយការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់ CIC អាចជាផ្នែកមួយនៃនីតិវិធីរបស់តុលាការ” ។
នៅក្នុងលិខិតរបស់គណៈកម្មការស្ដារក្រុមហ៊ុននិមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេស្ទ័រ ឃែភីថល ផាតនើរ ម.ក ចុះថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ គោរពផ្ញើជូនលោកព្រាប កុល ក្នុងកម្មវត្ថុ ឆ្លើយតបចំពោះលិខិតចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់លោកព្រាប កុល ដែលស្នើការបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការកិបកេងមូលនិធិរបស់ស៊ីអាយស៊ី (ICC) លោកសុខ ពិសិដ្ឋ ប្រធានគណៈកម្មការស្ដារក្រុមហ៊ុននិងមូលនិធិ បានជម្រាបជូនលោកព្រាប កុល ថា “ខ្ញុំបាទបានឃើញ និងមានការសោកស្ដាយចំពោះព័ត៌មានតាមបណ្ដាញផ្សព្វផ្សាយសាធារណៈ ជុំវិញការចោទប្រកាន់ទៅលើរូបឯកឧត្ដមថាបានពាក់ព័ន្ធនឹងការកិបកេងប្រាក់មូលនិធិ ៨០លានដុល្លារ ពី CIC ។ ជាបឋម ខ្ញុំបាទសូមជម្រាបឯកឧត្ដម មេត្តាជ្រាបថា ខ្ញុំបាទមិនមែនជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CIC Partner នោះទេ ។ ខ្ញុំបាទចូលរួមកិច្ចការរបស់ CIC Partner បច្ចុប្បន្ននេះក្នុងនាមជាប្រធានគណៈកម្មការស្ដារក្រុមហ៊ុននិងមូលនិធិ (គណៈកម្មការស្ដារ) ដែលបានទទួលស្គាល់តាមភាពចាំបាច់ពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងបេសកកម្មប្រមូលនិងកាត់កងទ្រព្យពីកូនបំណុលនៃ CIC Partner ដើម្បីការពារជាអតិបរមាដល់ផលប្រយោជន៍របស់វិនិយោគិនដែលពាក់ព័ន្ធទាំងអស់ ។ នៅក្នុងការបំពេញតួនាទីជាប្រធានគណៈកម្មការស្ដារនាពេលកន្លងទៅនេះ និងការពិនិត្យមើលកំណត់ត្រានិងឯកសារពាក់ព័ន្ធ ខ្ញុំអាចបញ្ជាក់បានថា ឯកឧត្ដម ពិតជាមិនស្ថិតនៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រង ឬក្នុងរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CIC Partner តាំងពីដំបូង រហូតមកដល់ពេលបច្ចុប្បន្ន នោះទេ ។ បន្ថែមពីនេះ ការពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុរបស់ CIC ក៏ពុំបានបង្ហាញថា មានចរន្តសាច់ប្រាក់បញ្ចេញពី CIC ទៅឯកឧត្ដមដែរ“ ។
លោកព្រាប កុល បានមានប្រសាសន៍បន្ថែមលើការបង្ហាញឯកសារទាំង៣ ខាងលើនេះថា “អត់អីទេ! មើលលិខិតហ្នឹងចុះ! បើត្រូវការផ្សាយ គឺផ្សាយឲ្យពេញលក្ខណៈ ហើយមើលលិខិតឆ្លើយតបផង ។ លិខិតនេះ បញ្ជាក់ពីស្ថាប័នដែលគេបានចោទ ។ អ៊ីចឹងលិខិតនេះបញ្ជាក់ច្បាស់ហើយថា ខ្ញុំមិនជាប់ពាក់ព័ន្ធទៅនឹងកិច្ចការងារចាត់ចែងហិរញ្ញវត្ថុ ហើយនិងការគ្រប់គ្រងដឹកនាំស្ថាប័នហ្នឹង ហើយក៏គ្មានឯកសារមួយណាបញ្ជាក់ថា ខ្ញុំបានទទួលថវិកា ឬក៏ទទួលលុយចេញមកពី CIC ទេ ។ អ៊ីចឹងវាច្បាស់លាស់ហើយថា ការលើកឡើងនេះ គឺជាការចោទមួលបង្កាច់ និងបរិហារកេរ្តិ៍ ហើយនិងបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំតែប៉ុណ្ណោះ ហើយនិងការញុះញង់ឲ្យមានការស្អប់ខ្ពើមរើសអើងមកលើរូបខ្ញុំតែប៉ុណ្ណោះ“ ។
ដោយឡែក នៅសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក សារ៉េត សារ៉េនឌី សមាជិកក្រុមមេធាវីធម្មសាស្រ្ត និងជាមេធាវីលោកព្រាប កុល បានបញ្ជាក់ជូនម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) នូវមូលដ្ឋានអង្គហេតុ មូលដ្ឋានអង្គច្បាប់ និងវិធានការក្នុងការស្ដារស្ថានភាព ។
នៅក្នុងមូលដ្ឋានអង្គហេតុ មេធាវីលោកព្រាប កុល បញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកនេះ បង្ហោះសំណេរចោទប្រកាន់កូនក្ដីរបស់លោក ដោយបានសរសេរលើគណនីរបស់ខ្លួនដែលមានលក្ខណៈបរិហារកេរ្តិ៍ និងញុះញង់ ។
ជាមួយនេះ ក្នុងមូលដ្ឋានអង្គច្បាប់ មេធាវីខាងលើ លើកឡើងថា ផ្អែកតាមអង្គច្បាប់ មាត្រា៤៩៤ និងមាត្រា៤៩៥ ម្ចាស់គណនីហ្វេសប៊ុកខាងលើ កំពុងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលអាចប្រឈមមុខនឹងផ្លូវច្បាប់ធ្ងន់ធ្ងរ ប្រសិនបើកូនក្តីរបស់លោកដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច និងតុលាការ ជុំវិញបទបរិហារកេរ្តិ៍ចំពោះលោកព្រាប កុល នៅពេលនេះ ។
ចំណែកវិធានការក្នុងការស្ដារស្ថានភាព លោកមេធាវី ព្រមានថា ប្រសិនបើម្ចាស់គណនីហ្វេសប៊ុក ខាងលើ មិនលុបសំណេររបស់ខ្លួនដែលបានលើកឡើងពីកូនក្តីរបស់ខ្លួន (លោកព្រាប កុល) និងសុំទោសជាសាធារណៈទេ លោកព្រាប កុល នឹងដាក់ពាក្យប្តឹង ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ជាមិនខាន។
ទោះបីយ៉ាងណា តាមប្រភពព័ត៌មាន បានឱ្យដឹងថា មកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីមានដីកាបង្គាប់ឲ្យខ្លួន លោកសេង ហៀង ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ដីកាបង្គាប់ឲ្យចូលខ្លួន របស់លោកសេង ហៀង ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បង្គាប់មក កម្លាំងមានសមត្ថកិច្ចឲ្យនាំខ្លួនបុគ្គលឈ្មោះយ៉ង ប៉ាក់ ភេទប្រុស កើតថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨០ ជនជាតិខ្មែរ កើតនៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សាសនាព្រះពុទ្ធ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅបុរីវិមានភ្នំពេញ ផ្ទះលេខ៦I ផ្លូវលេខ២០៥ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាអគ្គនាយកប្រតិបត្តិ AGRIBEE (CAMBODIA) PLC ប្រពន្ធឈ្មោះវណ្ណ ចាន់ទី “រស់” មានកូនចំនួន២នាក់ ឪពុកឈ្មោះយ៉ង ស៊ន ម្ដាយឈ្មោះចេង សន ជានីតិជន ។ មកបង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីសាកសួរពីដំណើររឿងញុះញង់ឲ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ ។
ក្រោយទទួលបានព័ត៌មានថា ម្ចាស់គណនីហ្វេសប៊ុក Chivann Pen ត្រូវបានចាប់ខ្លួន តាមដីការបស់តុលាការ ខាងលើ លោកព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់តាមបណ្ដាញសង្គម ហ្វេសប៊ុកថា បាបកម្មលោកិយ ពេលលោកទុកឱកាសឲ្យសុំទោស មិនព្រមធ្វើតាំងពីដំបូងទេ លុះត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការ បែរជាសារភាពកំហុស និងសុំអភ័យទោសពីលោក ។ ប៉ុន្តែវាហួសពេលហើយ លោកមិនរំខានជននេះទៀតទេ គឺទុកឲ្យសង្រួមចិត្តពិចារណាកំហុសនៅក្នុងមន្ទីរឃុំឃាំងចុះ ។
លោកព្រាប កុល បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា “ បាបកម្មលោកីយ…! ម្ចាស់គណនីហ្វេសប៊ុក Chivann Pen បានចុះផ្សាយព័ត៌មានប្រឌិត ហើយត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានជាច្រើន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសុវត្ថិភាពរបស់ខ្ញុំ ព្រមទាំងក្រុមគ្រួសារ។ ដំបូងខ្ញុំសូមឱ្យមេធាវីជូនដំណឹងគាត់ឱ្យលុបអត្ថបទចេញ និងសូមអភ័យទោស ព្រោះខ្ញុំមិនចង់ឃើញគាត់ប្រឈមការកាត់ទោសដែលអាចនាំឱ្យមានវិនាសកម្មដល់រូបគាត់ និងក្រុមគ្រួសារគាត់។ នេះជាក្តីសន្ដោសជាបឋមរបស់ខ្ញុំចំពោះគាត់។ ប៉ុន្តែជននេះមិនព្រមធ្វើតាមសេចក្តីជូនដំណឹង ហើយបានទាមទារស្រាក្រហម១ដប និងសាច់ក្លែម១ចាន ជាថ្នូរនៃការលុបអត្ថបទប្រឌិតនោះចេញ។ មិនតែប៉ុណ្ណោះ គាត់បានសាទរ ត្រេកអរ ពេលឃើញបណ្តាញសារពត៌មានជាច្រើន ចុះផ្សាយអត្ថបទប្រឌិតរបស់គាត់ ហើយរីករាយពេលឃើញកេរ្តិ៍ឈ្មោះដែលខ្ញុំបានសាងជាច្រើនទស្សវត្សរ៍ត្រូវបានបង្ខូច និងបង្កឱ្យមានការរើសអើង បន្តុះបង្អាប់ និងចំអកឡកឡឺយ។ ជននេះបង្កើតភាពរីករាយសម្រាប់ខ្លួនឯង ដោយក្លែមនូវការឈឺចាប់របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ “ ។
លោកព្រាប កុល បានសរសេរបន្តថា “ បើបងប្អូនជាខ្ញុំ តើគួរធ្វើយ៉ាងណា? ទី១ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន និងក្រុមគ្រួសារផង និងទី២ ដើម្បីរក្សាកិត្តនាមរបស់រាជរដ្ឋាភិបាលផង ត្បិតរូបខ្ញុំជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងជួររាជរដ្ឋាភិបាល។ សម្រាប់ខ្ញុំ គឺគ្មានជម្រើសអ្វីផ្សេងក្រៅពីប្តឹងទៅតុលាការដើម្បីឱ្យជននេះទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ? ប្រទេសមានច្បាប់ បើមិនអនុវត្តច្បាប់ទេ សង្គមនឹងមានភាពអនាធិបតេយ្យជាមិនខាន ហើយជនទុច្ចរិត និងបន្តគឃ្លើនដើរបង្ខូចកេរ្តិ៍ឈ្មោះគេតាមទំនើងចិត្ត។ ខ្ញុំជឿជាក់ថា បងប្អូនក៏ចង់ឃើញសង្គមយើងធ្វើដំណើរឆ្ពោះទៅរកនីតិរដ្ឋដែរ។ មកដល់ម៉ោងនេះចម្លើយគឺច្បាស់ហើយ មិនគួរមានអ្វីមន្ទិលទៀតទេ ។ ១. ប្រធានគណៈកម្មការនៃស្ថាប័ន CIC បានបញ្ជាក់ក្នុងលិខិតជាផ្លូវការហើយ ថាខ្ញុំពុំមានពាក់ព័ន្ធក្នុងការចោទថាបានកិបកេងលុយស្ថាប័នរបស់ខ្លួន ដូចការចោទរបស់ម្ចាស់អាខោន Chivann Pen នោះទេ ។ ២ ម្ចាស់អាខោននេះ (ឈ្មោះពិត យ៉ង់ ប៉ាក់) ក៏បានសារភាពកំហុស និងស្នើសុំការអភ័យទោសពីខ្ញុំដែរ។ ចុះពេលខ្ញុំទុកឱកាសឱ្យ ម្តេចក៏លោកក្បាលរឹងមិនព្រមទទួលយកឱកាសនោះ? ពេលនេះស្រាក្រហមក៏អត់ គ្រឿងក្លែមក៏គ្មានដែរ។ ណ្ហើយ! ខ្ញុំមិនរំខានលោកទេ ទុកពេលឱ្យលោកសង្រួមចិត្តពិចារណាកំហុសនៅក្នុងមន្ទីរឃុំឃាំងចុះ។ ទុកឱ្យតុលាការជាអ្នកសម្រេចទៅចុះ? អត្ដបទមួយនេះ ខ្ញុំសរសេរផ្ញើជូនចំពោះបងប្អូន មិត្តភក្តិ និងអ្នកគាំទ្រខ្ញុំ ឱ្យគាត់បានដឹងការពិត ថាខ្ញុំនៅតែជាខ្ញុំដដែល មានមេឃ មានដី មានព្រះឥន្ទ្រជាសាក្សី “ ៕ កុលបុត្រ