Monday, November 18, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី ៖ចង់បានកូនស្រី

កែវ ពេជ្រពិសី ៖ចង់បានកូនស្រី

ភ្នំពេញ៖កែវ ពេជ្រពិសី មានកូនប្រុស១ឈ្មោះDura Peou អាយុជាង២ឆ្នាំហើយ ប៉ុន្ដែមិន​ទាន់​សម​តាមបំណងនាងទេ ហើយពេលនេះនាងរៀបគម្រោងយកកូនស្រីថែមម្នាក់​ទៀត​ដើ​ម្បីឲ្យសុភមង្គលក្នុងគ្រួសារកាន់តែមាន​ភាពកក់ក្ដៅ ។ប៉ុន្ដែពេជ្រពិសី ថាបច្ចុប្បន្ននាងមិនទាន់​ពពោះកូនទី២ឡើយ។

 ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះកែវ ពេជ្រពិសី បានឲ្យដឹងថាស្វាមីនាងមានកូន​មុន​២​នាក់រស់នៅប្រទេសកាណាដាសុទ្ធតែជាកូនប្រុស ហើយពេលនេះគាត់(ប្ដី)ចាប់ដៃនាង​មាន​កូនប្រុសទៀតអីចឹងប្រាកដណាស់នាងថាពិតជាចង់បានកូនស្រីមែនទាំងនាងនិងប្ដីបានគិតរឿងនេះដូចគ្នា ។តែចូលដល់ចុងខែ១ដើមឆ្នាំ២០២៤ នេះនាងមិនទាន់មានផ្ទៃពោះទៀតនោះទេ ហើយទាក់ទងរឿងយកកូនស្រីនេះនាងក៍អាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផងដែរដើម្បីឲ្យបានកូនដូចបំណង។

កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយបុរសពោះម៉ាយអាណិកជនខ្មែរមកពីកាណាដា​លោក​ពៅ សម្បត្តិ អាយុជាង៥០ឆ្នាំកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ និងបានសម្រាល​កូនថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។ពេជ្រពិសី រក្សារជំហថានាងមិនមានគម្រោង​រៀបការ​នោះ​ទេ ព្រោះទាំងរូបនាងនិងស្វាមីសុទ្ធតែបានឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ដូចគ្នា ហើយពេល​នេះ​មានកូន១ទៅហើយ បើរៀបការគឺការមុនយកកូន តែពេលមានកូនហើយអីចឹង គឺមានតែ​ចង់​​បានកូនថែមទៀត។

 តាមព័តមានថាកែវ ពេជ្រពិសី អាចនឹងពពោះកូនទី២នៅកាណាដា ព្រោះថានាពេលដ៍​ខ្លី​ខាង​មុខនេះនាងចេញ​ទៅរស់នៅលើទឹកដីខាងស្វាមីដើម្បីឲ្យបាន​សញ្ជាតិកាណាដាទើប​ចុះ​ឡើងៗមកខ្មែរវិញ ។ប្រភពនោះបានឲ្យដឹងថាស្វាមីរបស់ពេជ្រពិសី ចង់នាំនាងទៅរស់នៅ​កាណាដា តាំងពីក្រោយពួកគេភ្ជាប់ពាក្យរួចម្លេះ តែពិសី រងចាំដល់កូនប្រុសធំបន្ដិច​ទើបនាង​ព្រមទៅ ។

 កែវ ពេជ្រពិសី ទទួលស្គាល់ថានាងពិតជាត្រៀមខ្លួនទៅរស់នៅប្រទេសកាណាដាមែន ប៉ុន្ដែមិនមែនពេលនេះទេ ពោលគឺនៅឆ្នាំខាងមុខ។នាងថាទាល់តែកូនប្រុសនាងDura មាន​អាយុគម្រប់៥ឆ្នាំសិន ទើបអាចចេញទៅរស់នៅកាណាដាបានពោលគឺនៅឆ្នាំ២០២៦ ខាងមុខ​ដើម្បីបានសញ្ជាតិកាណាដា ងាយចេញចូលមកខ្មែរ។ពិសី បន្ថែមថាតាំងពីចាប់ដៃស្វាមី​នាង​ជាង​៣ឆ្នាំមកនេះនាងមិនដែលបានចេញទៅដើរលេងនៅកាណាដានោះទេ ប៉ុន្ដែពេល​ដែល​ត្រូវចេញទៅគឺទៅរស់នៅតែម្ដង។

 ទាក់ទងរឿងអាជីពសិល្បៈវិញកែវ ពេជ្រពិសី ថានាងនៅតែស្រលាញ់អាជីពមួយនេះ​ដោយគ្មានការប្រែប្រួល​ចិត្តបន្ដិចឡើយ ព្រោះនាងមានថ្ងៃនេះដោយសារតែសិល្បៈ។នាង​ថា​បច្ចុប្បន្នកំពុងព្យាយាមសម្រកទម្ងន់ឲ្យដល់គីឡូមួយដែលសមរម្យសាកសមនិងខ្លួនបានហើយនឹងទទួលការសម្ដែងភាពយន្ដឡើងវិញដូចមុន។ពេជ្រពិសី ដែលមានកូន១បានផ្លាស់​ប្ដូរជំហ​ពីធ្លាប់ប្រកែកក្នុងការធ្វើជាតួម្ដាយមុនពេលនាងមានកូននោះថានាងអាចសម្ដែងរឿងបានឲ្យតែតួនាងមានសកម្មភាពក្នុងរឿងមួយនោះច្រើន ពោលគឺមិនមែនចាំតែតួឯក​បានថត​នោះទេ ។ពេជ្រពិសី បានឲ្យដឹងដែរថាម៉ារយៈមុននេះក៍មានគេហៅនាងថតរឿងវិញដែរ តែ​ដោយសារ​នាងឡើងគីឡូ​ជ្រុលបន្ដិចអីចឹង មិនទាន់ហ៊ានទទួលថតសម្ដែង គឺរងចាំដល់សម្រក​ទម្ងន់​បាន​មកវិញសិនទើបចូលថត។ក្រៅពីកែវ ពេជ្រពិសី តារាដែលភ្ជាប់ស្នេហាជាមួយអាណិកជនខ្មែរកាណាដាមានដូច​ជាអ្នក​នាងសៀម ស្រីណុច ,មាស សុខសោភា ,រស់ ម៉ូនីកា និងម៉ុក អានីត ជាដើម ខណៈ​ដែល​អ្នក​នាងឡាយ លក្ខិណា ទៅដល់កាណា​ដាពន្យាពេលវិលមកស្រុកវិញជាង៥ឆ្នាំហើយ​និង​មាន​ដំណឹងថានាងអាចរស់នៅទីនោះជាមួយគូស្នេហាថ្មីជាអចិនត្រេយ៍ទៀតផង ។

ចំពោះកែវ ពេជ្រពិសី វិញនាងធ្លាប់បង្ហើបថាចង់បានកូន៣នាក់ បង្កើតគ្រួសារដ៍​សា​មញ្ញមួយរស់នៅជុំស្វាមីនិងកូនៗ ហេតុនេះហើយនាងត្រូវតាមយកកូន២នាក់ថែមទៀត មិនមែន​បានកូនស្រី១គ្រប់គ្រាន់នោះទេ ៕

RELATED ARTICLES