ភ្នំពេញ៖ដោយសារតែទីផ្សារចម្រៀងរ៉េប កំពុងផ្ទុះនៅលើបណ្ដាញសង្គមទើបធ្វើឲ្យអ្នកចម្រៀងរ៉េប Hip Hob ឡើងកូដព្រោះប្រភេទបទចម្រៀងដែលគ្មានមូលដ្ឋានច្បាស់លាស់មួយនេះជ្រាបដល់ទស្សនិកជនខ្មែរកាន់តែខ្លាំងទើបនាំឲ្យតារាចាស់ ក្មេងដែលពីមុនមិនធ្លាប់ ច្រៀងចង្វាក់ប្រភេទនេះនាំគ្នាងាកមកសាកល្បងច្រៀងរ៉េប កាន់តែច្រើន។ដោយឡែកសម្រាប់ម្ចាស់ពានCambodian Idol រដូវកាលទី៤ លោកលីម តិចម៉េង វិញបានចាប់ផ្ដើមបើកទំព័រថ្មីក្នុងអាជីពចម្រៀងរបស់ខ្លួនតាមរយៈការចាប់ដៃរៀមច្បងលោកណុប បាយ៉ារិទ្ធ ច្រៀងចង្វាក់រ៉េប នេះរួមគ្នាជាលើកដំបូងតាមរយៈការច្នៃបទល្បីរបស់លោកបាយ៉ារិទ្ធ ពីមុនឡើងវិញបទ”បំណងល្អពីសង្សារអូន “ដោយកែប្រែភ្លេង និងបញ្ចូលប៉ារូលរ៉េបហើយតិចម៉េង ជាអ្នកច្រៀងរ៉េប អមលោកបាយ៉ារិទ្ធ ដែលច្រៀងប៉ារូលធម្មតា ។ នេះជាយុទ្ធសាស្រ្ដមួយទៀតរបស់តិចម៉េង ក្នុងការកែប្រែទីផ្សារចម្រៀងរបស់ខ្លួននៅឆ្នាំ២០២៤ ប៉ុន្ដែមិនដឹងថាទៅមុខឬថយក្រោយឡើយ ព្រោះបច្ចុប្បន្នតារាហង្សមាសដែលធ្លាប់បានច្រៀងរ៉េប រួចទៅហើយមានដូចជាអ្នកនាងពេជ្រ សោភា ,សួស វីសា ,ឈីន រតនៈ និងទេព ពិសិដ្ឋ ជាដើមនោះដើរផ្លូវមួយជំហ៊ានមុនតិចម៉េង មានខ្លះជោគជ័យ ខ្លះនៅទ្រឹង ។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះលីម តិចម៉េង ដែលមានត្រេមុខដូចលោកណុប បាយ៉ារិទ្ធ កាលពីនៅក្មេងនោះឥឡូវបានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយធ្វើឲ្យអ្នកខ្លះថាអ្នកទាំងពីរមានត្រេមុខស្រដៀងគ្នាស្ទើតែពិបាកបែងចែក ។
ទស្សនិកជនរងចាំមើលថាតើទីផ្សារចម្រៀងរបស់លីម តិចម៉េង អាចនឹងប្រែប្រួលកម្រិតណាក្រោយពីបោះមួយជំហ៊ានទៀតក្នុងការបន្ថែមអាជីពទៅជាតារាចម្រៀងរ៉េប នេះ ខណៈដែលនៅឆ្នាំ២០២៤ តារាចម្រៀងរ៉េប ដែលលេចធ្លោជាងគេគឺលោកម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ។ចំពោះតិចម៉េង វិញក្រោយលើកពានCambodian Idol រដូវកាលទី៤ មិនទាន់មានបទចម្រៀងណាផ្ទុះឡើយ តែតារារាងស្ដើង មាឌល្អិតបន្ដិច ដែលត្រូវFan ហៅថាជាIdol តូចៗ នោះរកប្រាក់ចំណូលបានខ្ពស់ព្រោះចេញច្រៀងConcerts ធំៗជាបន្ដបន្ទាប់ដែលធ្វើឲ្យរូបគេកែប្រែមុខមាត់ថ្មី និងកម្រិតជីវភាពផ្លាស់ប្ដូរទាំងស្រុងមានរថយន្ដទំនើបជិះផ្ទាល់ខ្លួនទៀតផង។ប៉ុន្ដែការទន្ទឹងរងចាំមើលពីទស្សនិកជនថាតិចម៉េង អាចជំនួសខេមរៈ សិរីមន្ដ បានឬអត់នៅពេលដែលលោកប៊ុនថៃ ចាកចេញពីហង្សមាសកាលពីចុងឆ្នាំ២០២២ នោះជាច្រើនខែមកនេះគេសង្កេតឃើញថាតិចម៉េង មិនទាន់អាចធ្វើព្យុះភ្លៀងបានឡើយ ទើបងាកទៅច្រៀងរ៉េប ជាមួយលោកបាយ៉ារិទ្ធ នៅពេលនេះ។
គូរបញ្ជាក់ថាលីម តិចម៉េង ធ្លាប់សាកល្បងធ្វើជាដៃគូរបស់ស្រីស្អាតរ៉េត ស៊ូហ្សាណា ដែរ តែមិនសូវទទួលបានការ ចាប់អារម្មណ៍ច្រើនឡើយ ។តែតិចម៉េង ត្រូវFan ចូលចិត្តព្រោះតែរូបគេជាមនុស្សរួសរាយនិងស្និតស្នាលជាមួយមនុស្សជុំវិញខ្លួន ហើយថែមទាំងចេះគោរពរៀមច្បងផងដែរ។អ្នកជំនាញសិល្បៈបានលើកឡើងថាការច្រៀងឆ្នាំទី១ ឬឆ្នាំដំបូងរបស់តិចម៉េង នៅហង្សមាសដែលប្រជុំទៅដោយតារាខ្លាំងៗនោះមិនទាន់អាចវាយតម្លៃបានថាម្ចាស់ពានរូបនេះអាចនឹងជោគជ័យ ឬបរាជ័យបាននាពេលនេះឡើយ ព្រោះលោកនៅសល់ពេល៤ឆ្នាំ ទៀតដើម្បីបញ្ចេញសម្ថភាពឲ្យគេបានឃើញច្បាស់ លុបចោលពាក្យដែលលើកឡើងថាតារាលេងម៉ូដសក់ប្លែកៗរូបនេះច្រៀងបទគេល្បី តែច្រៀងបទខ្លួនឯងអត់សូវល្បី ។
ក្រៅពីលីម តិចម៉េង តារាដែលបត់មកច្រៀងរ៉េប មានដូចជាលោកសុវត្ថិ មុនីវណ្ណ,អ៊ីណូ ,ទេព ពិសិដ្ឋ និងសុគន្ធ ថេរ៉ាយុ ជាដើម បើទោះជាចង្វាក់នេះមិនមែនជាជំនាញរបស់ខ្លួនពីមុនក្ដី ។ចំពោះតិចម៉េង វិញគេនៅមិនទាន់អាចវាយតម្លៃពីទេពកោសល្យនៃការចាប់ផ្ដើមច្រៀងរ៉េប នេះបានទេ ព្រោះដោយសារតែលោកច្រៀងដៃគូជា មួយលោកបាយ៉ារិទ្ធ ហើយរ៉េប បែបយឺតៗ ។ប៉ុន្ដែនៅពេលដែលតិចម៉េង ចេញបទរ៉េប ទោលតែម្នាក់ឯងនោះអ្វីៗនឹងបានឃើញច្បាស់ថាម្ចាស់ពានរូបនេះអាចទៅរួច ឬប្រជែងជាមួយលោកវណ្ណដា បានដែរ ឬអត់ ?