Sunday, November 17, 2024
Homeព័ត៌មានសិល្បៈអតីតបេក្ខភាពCambodian Idol រដូវកាលទី៤ ផ្អាកច្រៀង វិលទៅស្រុកកំណើតវិញ ក្រោយច្រៀងនៅផាប់ខេត្តសៀមរាប ១ឆ្នាំ

អតីតបេក្ខភាពCambodian Idol រដូវកាលទី៤ ផ្អាកច្រៀង វិលទៅស្រុកកំណើតវិញ ក្រោយច្រៀងនៅផាប់ខេត្តសៀមរាប ១ឆ្នាំ

ភ្នំពេញ៖លោកហាវ លីហូវ អាយុ៣០ឆ្នាំជាអតីតបេក្ខភាពប្រលងចម្រៀងCambodian Idol រដូវកាលទី៤ តែបានជ្រុះចេញពីជម្រុះតាំងពីវគ្គTheaters Rounds II នោះពេលនេះ​បាន​សម្រេចចិត្តវិលទៅរស់នៅទឹកដី​កំណើតខេត្តបាត់ដំបងវិញ បន្ទាប់​ពីចប់ការ​ច្រៀង​កុងត្រានៅផាប់មួយកន្លែងនៅខេត្តសៀមរាបក្នុងរយៈពេល១ឆ្នាំ ។លោកលីហូវ ថា​លោកមិនទាន់រកកន្លែងថ្មីច្រៀងទេ ទើបត្រូវបង្ខំចិត្តវិលទៅស្រុកវិញ ដើម្បីដោះស្រាយរឿងក្នុងគ្រួសារ។លោកថានៅខេត្តក្រុមគ្រួសារលោក​ក៍គ្មានផ្ទះសម្បែង​នៅ​ពិត​ប្រាកដដែរគឺរស់នៅជាមួយបងជីដូនមួយនិងយាយ ខណៈដែលលោកកំព្រា​ឪពុកតាំង​ពីលោកមានអាយុជាង៥ឆ្នាំម្លេះ ។

 លោកលីហូវ ថ្លែងថា”ខ្ញុំបានរៀនត្រឹមថ្នាក់ទី៥ទេ ហើយគ្រួសារខ្ញុំពិបាកណាស់គ្មានផ្ទះ​សម្បែងដូចគេ ទៅនៅជាមួយបងប្អូន ដោយសារតែពិបាកពេកពេលខ្លះខ្ញុំចង់បញ្ចប់ជីវិតម្ដងៗ ព្រោះរស់នៅពិបាកជាងស្លាប់ ។ប៉ុន្ដែមានកូនចិត្តមួយនឹកអាណិតដល់ម្ដាយ ទើបប្រឹងតស៊ូ ហើយ​ឥឡូវជីវិតខ្ញុំនៅតែលំបាក…”។

 លោកហាវ លីហូវ មានបងប្អូន៤នាក់(ស្រី២)លោកជាកូនទី២ ដែលមុនចូលប្រលង​Cambodian Idol រដូវ​កាលទី៤ នោះលោកធ្លាប់ធ្វើការជាង២ឆ្នាំនៅក្រុមហ៊ុន​កំណប់​សម្រស់​ តែគ្មានប្រាក់ខែ ពោលគឺបានតែអាហារ ហើយក្រោយមកលោកគិតថាខ្លួនស្រលាញ់សិល្បៈ ចង់ក្លាយទៅជាតារាចម្រៀងទេ ម៉េចបានមកធ្វើខាងក្រុមហ៊ុនសម្រស់?ដោយសារតែ​ចង់បំ​ពេញ​ក្ដី​ស្រម៉ៃខ្លួនឯងទើបលោកងាកមកចាប់អាជីពជាអ្នកចម្រៀងនៅហាងម្ហូបខ្មែរគាប់ចិត្ត ហើយ​ក៍ឈានទៅប្រលងកម្មវិធីCambodian Idol រដូវកាលទី៤ ប៉ុន្ដែបរាជ័យ …ទាំង​ដែល​ពេលនោះ​រូប​លោកកំពុងតែមានជីវភាពខ្វះខាតគ្មានលុយទិញខោអាវស្អាត និងខ្ចី​លុយគេ​ទិញអាវធំ​ពាក់ឡើងឆាកទៀតផង។

លោកលីហូវ ថាជីវិតជាតារាចម្រៀងអត់ល្បី គឺអត់ទីផ្សារ ហើយបច្ចុប្បន្ន​ជីវិតក្រុម​គ្រួ​សារ​លោកដីមួយដុំ  ផ្ទះខ្ទមមួយក៍គ្មានដែរ ធ្វើការនៅកន្លែងណា ដេកនៅទីនោះ ។លោក​ថាដោយសារតែក្រុមគ្រួសារកំពុងជួបផល​វិបាកទើបពេលនេះលោកមិនអាចបន្ដអាជីពចម្រៀងបានទៀតទេ គឺផ្អាកមួយរយៈសិន ហើយមានការងារណាអាចធ្វើបានលោកត្រូវធ្វើសិន ដើម្បី​ជួយខ្លួនឯង និងក្រុមគ្រួសារ ។ប៉ុន្ដែលោកមិនបោះបង់ចោលអាជីព​ចម្រៀងជារៀង​រហូត​នោះទេ គឺគ្រាន់តែផ្អាកមួយរយៈហើយនឹងវិលវិញនៅពេលដែលខ្លួន​អាចក្រោកឈងើប​ឡើង​វិញបាន ។

 លោកហាវ លីហូវ បន្ថែមថាលោកអាចច្រៀងបានជាច្រើនទម្រង់ដូចជាស្លូវ ,​កន្ទ្រឹម ,រ៉ក និងបទរាំវង់ សារ៉ាវ៉ាន់ជាដើម។លោកថាតារាចម្រៀងជាIdol របស់លោកគឺលោកកែវ វាសនា ដែលពីមុនលោកច្រៀងស្ទើតែដូចលោកវាសនា ដល់ទៅ៩៩% តែក្រោយមក​ប្រឹងបត់​មក​រកសម្លេងស្ទីលខ្លួនឯងវិញ ។ដោយឡែកតារាក្នុងដួងចិត្តលោកម្នាក់ទៀតគឺលោកព្រាប សុវត្ថិ តែលោកថាសម្លេងលោកច្រៀងបទរៀមច្បងរូបនេះគឺមិនដល់ទេ ហេតុនេះហើយបាន​ជា​លោក​​ច្រៀងតែបទលលោកកែវ វាសនា ភាគច្រើនជាងតារាផ្សេង៕

RELATED ARTICLES