Thursday, January 23, 2025
Homeព័ត៌មានជាតិបក្សកាន់អំណាច ពួកប្រឆាំងចោទ ប្រើអំណាចតុលាការតេឡេ បំបិទមាត់

បក្សកាន់អំណាច ពួកប្រឆាំងចោទ ប្រើអំណាចតុលាការតេឡេ បំបិទមាត់

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ)  ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រើអំណាចតុលាការតេឡេ បំបិទមាត់ពួកប្រឆាំង និងប្រជាពលរដ្ឋដែលតវ៉ា ។

លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ការកុហក បោកប្រាស់ គឺជាសសរទ្រូងរបស់ពួកកាន់អំណាចផ្ដាច់ការ តែនៅពេលដែលការកុហកបោកប្រាស់នេះ ឈប់មានប្រសិទ្ធភាពហើយ ពួកគេប្រើអំណាចតុលាការ ដើម្បីបំបិទមាត់ ។ បើប្រជាពលរដ្ឋឈប់ខ្លាចអំណាចតុលាការហើយ ពួកផ្ដាច់ការ ប្រើកម្លាំងបាយ ឲ្យដើរវាយប្រហារគ្រប់យ៉ាង ។ មកដល់សព្វថ្ងៃ យើងមិនដែលឃើញអាជ្ញាធរចាប់បានជនឧក្រិដ្ឋណាមួយទេ គង់តែមានភ័ស្តុតាងយ៉ាងណាក៏ដោយ ។ ទង្វើអស់នេះ យើងឃើញជារៀងរាល់ថ្ងៃ!“ ។

លោកលិម គិមយ៉ា បានសរសេរបន្ថែមថា “គេថាតុលាការតេឡេ អ្វីស្ថិតនៅក្រោមបញ្ជាអង្គការលើជាអ្នកសម្រេច ទោះមានភ័ស្តុតាងពិតច្បាស់ក្រឡែត បង្ហាញពីភាពអយុត្តិធម៌យ៉ាងណា ក៏ឥតប្រយោជន៍ ។ ការសម្រេចទាំងអស់ គឺនៅលើមាត់អង្គការលើ ។ យើងទាំងអស់គ្នាដឹងហើយ តែយើងត្រូវតែនិយាយទាមទារឲ្យពួកវាសារភាពជាសាធារណៈ ហើយមិនទាមទារទេ ពួកវាសន្មតថា ពួកវាធ្វើត្រូវ ហើយពួកវាសន្មតថា យើងជាមនុស្សល្ងង់ បាក់ស្បាត ចាញ់ច្រាបពួកវា ។ ដូចយើងសង្កេតឃើញ ការដែលពួកយើងនាំគ្នាស្រែក បានជារឿងខ្លះបានជោគជ័យ ដូចរឿងភ្នំតាម៉ៅ ដូចរឿងពួកវាបើកឡានបុកគ្រួសារគេស្លាប់ហើយ ពួកវាមិនចេះខ្មាស រកប្ដឹងគ្រួសារជនរងគ្រោះទៀត ។ ហេតុនេះ យើងត្រូវតែនាំគ្នាស្រែករឿងអយុត្តិធម៌នៅក្នុងសង្គមខ្មែរយើង!“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកលិម គិមយ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថា បើសិនជាតុលាការ ធ្វើទៅតាមរដ្ឋាភិបាល (បក្សកាន់អំណាច) ចង់បាន បានសេចក្ដីថា ប្រទេសនេះ ជាប្រទេសផ្ដាច់ការហើយ ប៉ុន្តែបើឃើញសង្គមនេះមានភាពអយុត្តិធម៌ មានភាពផ្ដាច់ការ ប្រជាពលរដ្ឋ ត្រូវតែហ៊ាននិយាយ ដើម្បីដាស់តឿនដល់អ្នកដឹកនាំ និងតុលាការ ឲ្យពិចារណាឡើង ធ្វើម៉េចឲ្យមានយុត្តិធម៌នៅក្នុងសង្គម និងតុលាការអនុវត្តនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ខ្ញុំសង្កេតឃើញជារៀងរាល់ថ្ងៃ ដែលស្រុកខ្មែរយើង បើមាននរណាម្នាក់ ឬសកម្មជននៅក្នុងសង្គមយើង ដូចជាខាងសង្គមស៊ីវិល ឬមួយប្រជាពលរដ្ឋធម្មតា ឬមួយជាសមាជិកគណបក្សផ្សេងៗ និយាយពីរឿងបញ្ហាសង្គម បើសិនជាអាជ្ញាធរគេមិនសប្បាយចិត្ត គេមកចាប់យកទៅដាក់គុក ហើយគេបញ្ជូនទៅតុលាការ ។ បន្ទាប់មកទៀត ក៏ឲ្យជនរងគ្រោះនេះ សុំទោសពីបញ្ហានេះ ពីសំណាក់តុលាការ ។ ហេតុនេះហើយ គ្មានសេរីភាពក្នុងការនិយាយស្ដី បានសេចក្ដីថា គេប្រើតុលាការ ដើម្បីបិទមាត់ការនិយាយស្ដីរបស់ប្រជាពលរដ្ឋណាដែលនិយាយទៅ អាជ្ញាធរគេមិនសប្បាយចិត្ត ។ បញ្ហាហ្នឹង គឺគេបំបិទមាត់ គេមិនឲ្យយើងមានសេរីភាពក្នុងការនិយាយស្ដី គេមិនឲ្យយើងមានសេរីភាពក្នុងការបញ្ចេញមតិរឿងបញ្ហារបស់សង្គមរបស់យើង ។ បើសង្គមមួយ គេមិនឲ្យមានសេរីភាពនិយាយ សង្គមមួយ គេមិនឲ្យមានការពិចារណាអ្វីខុសពីការដែលគេចង់បាន បានសេចក្ដីថា សង្គមនោះ គឺសង្គមផ្ដាច់ការ ។ ក្នុងន័យនេះ តាមធម្មតា នៅក្នុងរដ្ឋធម្មនុញ្ញ គេចែកដាច់ តុលាការ គេមានការគោរពច្បាប់ អនុវត្តច្បាប់ ដើម្បីនឹងសម្រួលក្នុងការរស់នៅក្នុងសង្គម ហើយអំណាចខាងនីតិប្បញ្ញត្តិ គឺខាងរដ្ឋសភា គេធ្វើច្បាប់ ដើម្បីឲ្យមានយុត្តិធម៌នៅក្នុងសង្គម ហើយនិងអំណាចមួយទៀត គឺអំណាចប្រតិបត្តិ គឺខាងរដ្ឋាភិបាល ដើម្បីចាត់វិធានការយ៉ាងម៉េចកុំឲ្យមានការរំលោភច្បាប់ពីអ្នកផ្សេង ដើម្បីសម្រួលនៅក្នុងការរស់នៅ ការពារប្រជាពលរដ្ឋ ប៉ុន្តែនេះគឺច្របូកច្របល់គ្នា គឺខាងអាជ្ញាធរ គឺខាងរដ្ឋាភិបាល ចាប់បញ្ជូនទៅតុលាការ ហើយបញ្ជាតុលាការ ធ្វើតាមចិត្តដែលខ្លួនចង់បាន ។ ហេតុដូច្នេះខ្ញុំឃើញថា តុលាការនេះ គ្មានភាពឯករាជ្យទេ គឺគោរពទៅតាមរដ្ឋាភិបាល ដែលចង់បានអ្វីទាំងអស់“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា ”បើសិនជាតុលាការ ធ្វើទៅតាមរដ្ឋាភិបាល ចង់បាន បានសេចក្ដីថា ប្រទេសនេះ ជាប្រទេសផ្ដាច់ការហើយ ពីព្រោះតុលាការ ធម្មតាគឺមានអំណាចឯករាជ្យ ក្នុងការចាត់វិធានការទៅតាមច្បាប់ ទៅតាមការយល់ឃើញពីខាងតុលាការ នេះបើតាមរដ្ឋធម្មនុញ្ញ ហើយនិងច្បាប់ ក៏ប៉ុន្តែពុំយ៉ាងដូច្នេះទេ គឺតុលាការ ធ្វើទៅតាមបញ្ជារបស់រដ្ឋាភិបាល អ្នកដែលកាន់អំណាចនៅក្នុងប្រទេសហ្នឹង ។ ហេតុដូច្នេះការដែលតុលាការ គ្មានភាពឯករាជ្យជាមួយនឹងអ្នកកាន់អំណាច បានសេចក្ដីថា ហានិភ័យមួយ គឺប្រទេសយើង ជាប្រទេសផ្ដាច់ការ ។ នេះហើយដែលសង្គមយើងជួបប្រទះជារៀងរាល់ថ្ងៃ ដែលត្រង់នេះ ប្រជាពលរដ្ឋ ត្រូវចាប់អារម្មណ៍ជានិច្ច ប្រទេសណាក៏ដោយ ប្រជាពលរដ្ឋ ក៏ត្រូវចាប់អារម្មណ៍រឿងនយោបាយនៅក្នុងប្រទេស ។ ហេតុដូច្នេះបើឃើញសង្គមនេះមានភាពអយុត្តិធម៌ សង្គមនេះមានភាពផ្ដាច់ការ ប្រជាពលរដ្ឋ ត្រូវតែហ៊ាននិយាយ ដើម្បីដាស់តឿនដល់អ្នកដឹកនាំ ដាស់តឿនដល់ខាងតុលាការ ឲ្យពិចារណាឡើង ធ្វើម៉េចឲ្យមានយុត្តិធម៌នៅក្នុងសង្គម ធ្វើម៉េចឲ្យតុលាការហ្នឹង អនុវត្តនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ។ ជាការធម្មតាទេ បើសិនជាអាជ្ញាធរ ហើយនិងតុលាការ ចាប់គ្នាហ្នឹង ជាផលអាក្រក់ ផលវិបាកដល់គ្នាពិតមែន ប៉ុន្តែថ្ងៃមុខ សង្គមយើងនឹងមានសេរីភាព ទៅអនាគត ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋ នឹងមានសេចក្ដីក្លាហាននិយាយការពិត លើករឿងការពិត ជួបប្រទះជារៀងរាល់ថ្ងៃ ។ ខ្ញុំសង្កេតឃើញមកហើយ ប្រជាពលរដ្ឋយើងលែងខ្លាចតុលាការ សុខចិត្តនិយាយ សុខចិត្តស្រែក គង់តែតុលាការចាប់ក៏ដោយ ។ ដូចមានករណីមួយ អាជ្ញាធរចាប់ឲ្យតុលាការឃុំ ហើយជំរុញឲ្យគ្នាសុំទោស ប៉ុន្តែជននោះមានសេចក្ដីក្លាហាន មិនព្រមសុំទោស សុខចិត្តជាប់គុក ព្រោះគ្នានិយាយការពិត ពិតមែន ។ នេះខ្ញុំសុំសរសើរ ខ្ញុំសុំលើកទឹកចិត្តចំពោះបុគ្គលនេះ ដែលហ៊ានធ្វើពលិកម្មជាប់គុក ដោយសារខ្លួននិយាយការពិត គង់តែតុលាការ ឬអាជ្ញាធរបង្ខំឲ្យសុំទោសក៏ដោយ ប៉ុន្តែគាត់មិនបានសុំទោសអ្វីទេ ខ្ញុំសុំសរសើរអស់ពីដួងចិត្ត ហើយខ្ញុំសុំអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានសេចក្ដីក្លាហានដូចបុគ្គលនេះ“ ។

ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងរបស់សហការីលោកកឹម សុខា ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថា ការដឹកនាំនិងគ្រប់គ្រងប្រទេស ត្រូវប្រើលទ្ធិប្រជាធិបតេយ្យចំពោះប្រជាពលរដ្ឋទូទៅ ដែលស្លូតត្រង់ ដែលអត់មានប្រព្រឹត្តបទល្មើស ក៏ប៉ុន្តែត្រូវប្រកាន់នូវនីតិរដ្ឋ ចំពោះជនដែលល្មើសច្បាប់ មិនថាជននោះមាននិន្នាការនយោបាយទៅខាងណាទេ ឲ្យតែប្រព្រឹត្តល្មើសច្បាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា ”ការដឹកនាំនិងគ្រប់គ្រងប្រទេស វាត្រូវប្រើលទ្ធិប្រជាធិបតេយ្យចំពោះប្រជាពលរដ្ឋទូទៅ ចំពោះប្រជាពលរដ្ឋដែលស្លូតត្រង់ ដែលអត់មានប្រព្រឹត្តបទល្មើស ក៏ប៉ុន្តែគេប្រកាន់នូវនីតិរដ្ឋ ចំពោះជនដែលល្មើសច្បាប់ មិនថាជនហ្នឹងមាននិន្នាការនយោបាយទៅខាងណាទេ ឲ្យតែប្រព្រឹត្តល្មើសច្បាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ។ ដូច្នេះការនិយាយរបស់គាត់ហ្នឹង គឺមិនត្រឹមត្រូវទេ ព្រោះនៅប្រទេសណាដូចប្រទេសណាអ៊ីចឹង មេដឹកនាំ ដូចដែលថ្មីៗនេះ សម្ដេចហ៊ុន ម៉ាណែត លោកបានបញ្ជាក់ហើយ គឺថានៅក្នុងការដឹកនាំគ្រប់គ្រង គេអនុវត្តលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែគេមិនអាចបណ្ដែតបណ្ដោយឲ្យមានអំពើអនាធិបតេយ្យទេ ។ អាហ្នឹងយើងអ្នកប្រព្រឹត្តបទល្មើសដែលប៉ះពាល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈសង្គម“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះគាត់ថា តុលាការតេឡេ អ្វីៗស្ថិតនៅក្រោមបញ្ជាអង្គការលើ ហើយសួរថា វាដូចជាសម័យប៉ុល ពត ឬយ៉ាងណា? អាហ្នឹងយើងមិននិយាយដល់មេដឹកនាំខ្មែរក្រហមទេ គឺចប់ហើយ អាហ្នឹងគឺតាមរយៈការកាត់សេចក្ដីហើយ យើងឃើញទាំងអស់គ្នាហើយ ហើយក៏ជាបទពិសោធន៍ជូរចត់ ដែលយើងទាំងអស់ គួរតែចៀសវាង កុំឲ្យរបបប្រល័យពូជសាសន៍ហ្នឹង កើតឡើងជាថ្មីនៅកម្ពុជា ។ អ៊ីចឹងវាអត់មានទេ កុំរំលឹកដល់របបប្រល័យពូជសាសន៍ វាគ្រាន់តែយកបទពិសោធន៍ ដើម្បីយើងចៀសវាងកុំឲ្យមានតទៅទៀត ។ អ៊ីចឹងទេ ក្រោយដែលយើងបានឯករាជ្យ បានសន្តិភាព ស្ថិរភាពនយោបាយពេញលេញហើយ គឺយើងអនុវត្តទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ“ ។

ដោយឡែក លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ”  នៅថ្ងៃដដែលនោះថា ការប្រើអំណាចតុលាការ បំបិទមាត់ពួកប្រឆាំង ឬអ្នកតវ៉ា វាជាបញ្ហាធ្ងន់ធ្ងរសម្រាប់នីតិរដ្ឋ ក៏ដូចជាយុត្តិធម៌សង្គម នៅក្នុងប្រទេសកម្ពុជា ហើយបញ្ហានេះ វាគឺជាគំរូ ឬក៏ជាវប្បធម៌មួយអាក្រក់មែនទែន សម្រាប់សង្គមរបស់យើង នឹងធ្វើឲ្យមានការរើសអើង ការលម្អៀងផ្នែកយុត្តិធម៌ ហើយវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋធ្ងន់ទៅៗ នៅក្នុងពេលអនាគត និងពេលបច្ចុប្បន្ន ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធជាមួយនឹងការលើកឡើងបន្តបន្ទាប់របស់ជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធតុលាការ ឬក៏ប្រព័ន្ធយុត្តិធម៌ ដែលតែងតែអនុវត្តរវាងអ្នកមានអំណាច អ្នកមានឥទ្ធិពល ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំបិទសិទ្ធិ ឬក៏បង្ខំឲ្យភាគីម្ខាងទៀតទទួលស្គាល់ ឬទទួលយកកំហុសទាំងកំរោល ឬក៏យើងអាចនិយាយដោយពួកគាត់មិនអស់ចិត្ត ។ នេះគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់នីតិរដ្ឋ ក៏ដូចជាយុត្តិធម៌សង្គមនៅក្នុងប្រទេសកម្ពុជាយើង ហើយបញ្ហានេះ ខ្ញុំចាត់ទុកថា វាគឺជាគំរូ ឬក៏ជាវប្បធម៌មួយអាក្រក់មែនទែន សម្រាប់សង្គមរបស់យើង ហើយការអនុវត្តដោយមិនស្មើភាពគ្នានេះ វានឹងធ្វើឲ្យមានការរើសអើង ការលម្អៀងផ្នែកយុត្តិធម៌ ហើយវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរទៅៗ នៅក្នុងពេលអនាគត ហើយនិងពេលបច្ចុប្បន្នហ្នឹង“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះសម្រាប់ខ្ញុំនៅតែយល់ថា ការអនុវត្តនៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងរឿងយុត្តិធម៌នេះ គឺគួរតែដាក់ចេញជាគោលការណ៍យុទ្ធសាស្រ្ត ដោយធ្វើយ៉ាងណាពង្រឹងសមត្ថភាព ហើយនិងរៀបចំឲ្យមានការតាំងចិត្តច្បាស់លាស់រវាងថ្នាក់ដឹកនាំនៅក្នុងអង្គនីតិប្រតិបត្តិ ដែលជាអនុវត្តច្បាប់ ហើយនិងថ្នាក់ដឹកនាំនៅក្នុងអង្គនីតិតុលាការ ដែលជាអ្នកសម្រេចក្ដីទៅតាមបណ្ដឹង ហើយគួរតែធ្វើដោយស្មើភាពគ្នា ហើយធ្វើដោយតម្លាភាព ធ្វើដោយយុត្តិធម៌ ហើយជាពិសេសគួរតែមានការពង្រឹងទៅដល់មន្រ្តីអនុវត្តច្បាប់ នៅក្នុងអង្គនីតិប្រតិបត្តិ ធ្វើយ៉ាងណាឲ្យពួកគាត់អនុវត្តឲ្យស្មើភាពគ្នា មិនលម្អៀង ហើយបើសិនជាក្នុងករណីមានបណ្ដឹងពីប្រជាពលរដ្ឋ ឬក៏ពីភាគីណាមួយទៅលើក្រុមអ្នកមានអំណាច ក៏គួរតែអនុវត្តឲ្យបានល្អដូចគ្នា ធ្វើយ៉ាងណាដើម្បីធានាការអនុវត្តច្បាប់របស់យើង ស្របតាមនីតិរដ្ឋ ដោយសិទ្ធិនិងអំណាចរបស់មនុស្សម្នាក់ៗគឺស្មើភាពគ្នា ហើយចំពោះមន្រ្តីដែលមិនព្រមអនុវត្តហ្នឹង គួរតែសិក្សាទៅតាមវិធានការរដ្ឋបាលរបស់មន្រ្តី ហេតុអីបានជាគាត់មិនធ្វើការដោះស្រាយបញ្ហាបណ្ដឹងរបស់ប្រជាកសិករ ឬក៏ប្រជាពលរដ្ឋអ្នកទន់ខ្សោយហ្នឹងឲ្យស្មើភាពគ្នា ហើយបើសិនជាធ្វើបែបនេះមិនបានទេ គួរតែមានការដាក់ពិន័យបែបរដ្ឋបាល ទៅលើមន្រ្តី ហើយស្វែងរកមូលហេតុ ហើយជំរុញឲ្យគាត់អនុវត្ត ធ្វើយ៉ាងណាការអនុវត្តយុត្តិធម៌នៅកម្ពុជា នេះ ឲ្យស្មើភាពគ្នា ដើម្បីធានាបាននូវតម្លាភាព ហើយនិងយុត្តិធម៌ត្រឹមត្រូវពិតប្រាកដ“ ៕ កុលបុត្រ

RELATED ARTICLES