ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីការបង្ហោះព័ត៌មានតាម បណ្តាញសង្គម ពាក់ព័ន្ធនឹងសេចក្តីណែនាំ លេខ០០១/២៤ ស.ណ.ន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការគ្រប់គ្រងវិនិយោគ អាជីវកម្មភាស៊ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ ទូទាំងខេត្ត ដោយមានការលើកឡើងថា “អ្នកផឹកស្រាវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ដល់មនុស្សអត់គិតហាមទេ ហេតុអីមកហាម កាប់គោ ក្របី នៅថ្ងៃសីល”។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានអនឡាញមួយ បានបង្ហោះវីដេអូរយៈពេល៥នាទី០៤វិនាទី នៅលើផេករបស់ខ្លួន ដោយលើក ឡើងថា “អ្នកផឹកស្រាវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ដល់មនុស្សអត់គិតហាមទេ ហេតុអីមកហាម កាប់គោ ក្របី នៅថ្ងៃសីល” រួមទាំងការកាត់តរូបភាពថ្នាក់ដឹកនាំខេត្ត បិទមុខ ហាក់ដូចជាពិរុទ្ធជន។
រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជនទាំងអស់ជ្រាបថា គោលបំណងនៃការចេញសេចក្តីណែនាំនេះ គឺដើម្បីគ្រប់គ្រងលើការវិនិយោគសត្តឃាត និងអាជីវកម្មពិឃាតសត្វនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព អនាម័យរ បស់បងប្អូនប្រជាពលរដ្ឋដែលទទួលទានសាច់ សត្វ និងផលិតផលសត្វប្រចាំថ្ងៃ និងធានាបានសាច់សត្វ និងផលិតផលសត្វមានប្រភពច្បាស់លាស់ សាច់មានគុណភាព និងគ្មានជំងឺឆ្លងនានាក្នុងផលិតផលសត្វ ព្រមទាំងមានតម្លៃសមរម្យដាក់ លក់នៅលើទីផ្សារ ជូនប្រជា ពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំងមូល។ ម៉្យាងវិញទៀត សេចក្តីណែនាំរបស់រដ្ឋបាលខេត្តនេះ បានអនុវត្តស្រប តាមខ្លឹមសារនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាទទួលជ្រាបជាព័ត៌មាន និងសូមបញ្ឈប់ធ្វើការចែកចាយនូវព័ត៌មានបែបបំផ្លើស រួមទាំងការបកស្រាយផ្ទុយពីខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្ត ដែលនាំឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់សកម្មភាពល្មើសច្បាប់ របស់ជនខិលខូចមួយចំនួនតូច ដែលនឹងអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ទុកឱសានវាទរយៈពេល ២៤ម៉ោង សម្រាប់ឱ្យម្ចាស់គណនីសារព័ត៌មានអនឡាញខាងលើ ធ្វើការលុបចោលខ្លឹមសារដែលបានបង្ហោះ និងត្រូវកែតម្រូវខ្លឹមសារ របស់ខ្លួនឡើងវិញ ដោយត្រូវធ្វើ ការសុំទោសជាសាធារណៈ។ ក្នុងករណីមិនព្រមធ្វើការកែតម្រូវឡើងវិញទេ រដ្ឋបាលខេត្តកំពង់ចាម នឹងចាត់វិ ធានការតាមផ្លូវច្បាប់ជាធរមាន។
រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំថាបងប្អូនសាធារណជន ទទួលជ្រាបជាព័ត៌មាន និងសហការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនានា…៕