ខេត្តកំពង់ធំ ៖ លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋាននិងបញ្ជាគ្រឿងចក្រសាងសង់គម្រោងអភិវឌ្ឍន៍អាងទឹក ដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ក្រោមហិរញ្ញប្បទាន សម្បទានពីធនាគារអាហរ័ណ នីហរ័ណចិន (EXIM BANK ) តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។
ពិធីបើកការដ្ឋានសាងសង់នេះ មានការចូលរួមពីលោកងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកស្រី ចុង ជៀទី (Zhong Jie TI) ប្រឹក្សានៃស្ថានទូតចិន ប្រចាំកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិ រួមជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាច្រើននាក់។
លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ការសាងសង់ និងអភិវឌ្ឍន៍អាងទឹក ដងកាំបិត នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក ដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម នៅផ្នែកខាងក្រោម បង្កើនផលិតកម្មស្បៀង ព្រមទាំងធានាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងផ្នែកឧស្សាហកម្ម កសិកម្ម ដែលជាផ្នែកមួយ ជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀង ប្រកបដោយប្រសិទ្ធភាព ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់គម្រោង សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹកនិងឧតុនិយម ក្នុងការដោះ ស្រាយបញ្ហាដែលកើតមានឡើងនានា ដើម្បីឱ្យការអនុវត្តគម្រោងអភិវឌ្ឍន៍អាងទឹក ដងកាំបិត នេះ បានបញ្ចប់តាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពនិងមាននិរន្តរភាព ធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់ គ្រាន់ ដល់ការងារដាំដុះដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹក ដងកាំបិត ត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះមានការសាងសង់ខ្នងទំនប់ សរុបប្រវែង ២៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេង ប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹក ប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុង ប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំ ប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។
ក្រោយការសាងសង់រួច ប្រជាកសិករ ចំនួន ២៥ ០០០គ្រួសារ ស្មើនឹង ៨៥ ៣០០នាក់ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ នឹងបានទទួល ផលពីការអភិវឌ្ឍអាងនេះ៕