ខេត្តរតនគិរី ៖ រថយន្ត ១គ្រឿង ដឹកគល់ធ្នង់ពក ពេញព្រៀប បម្រុងនាំចេញទៅក្រៅប្រទេស តែត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុង ស្ទាក់បង្ក្រាបចាប់បានភ្លាមៗ ហើយប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចាត់ការបន្ត។

ការស្ទាក់ឃាត់បានរថយន្តដឹកឈើនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខសាលាអន្តេវាសិកដ្ឋាន ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តដឹកគល់ធ្នង់នេះ បើកបរចេញពីភូមិសាស្ត្រស្រុកវើនសៃ បោះពួយយ៉ាងលឿន តាមផ្លូវជាតិលេខ 78A ឆ្លងកាត់ស្រុកអូរជុំ សំដៅចូលមកក្រុងបានលុង និងបន្តទៅមុខទៀត តែត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានតែម្តង។ នៅក្នុងការបង្ក្រាបនោះដែរ គេឃើញកម្លាំងកងរាជអាវុធហត្ថ ឃាត់បានទាំងអ្នកបើកបររថយន្ត និងព្រូឡាន ម្នាក់ផងដែរ បញ្ជូនមកឱ្យជំនាញ។

រថយន្តដែលដឹកបទល្មើសប្រភេទគល់ឈើពកធ្នង់ ដ៏មានតម្លៃខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុង បញ្ជាក់ប្រាប់ថា ម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់៥តោន ពាក់ស្លាកលេខ ព្រះសីហនុ 3A-3338 ហើយការដឹកជញ្ជូននោះ គឺជាជើងទី៣ហើយ ដែលរថយន្ត ១គ្រឿងនេះ បានធ្វើសកម្មភាពល្មើសដោយលោតឆត្រ ដើម្បីយកទៅលក់នៅប្រទេសក្រៅ ប៉ុន្តែលើកនេះត្រូវកម្លាំងយើងចាំស្ទាក់បង្ក្រាប៕