Friday, June 20, 2025
Homeសង្គម និងជីវិតលួចម៉ូតូថ្មីបាន ដុតម៉ូតូចាស់ចោល

លួចម៉ូតូថ្មីបាន ដុតម៉ូតូចាស់ចោល

ខេត្តកណ្តាល ៖ ក្រុមគ្រួសារមួយ កំពុងដេកលក់ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទ្វារ លួចយកម៉ូតូ ១គ្រឿង និងថេបប្លេត ១គ្រឿង ទៅបាត់ លុះព្រឹកឡើង ផ្អើលឆោឡោថាបាត់ម៉ូតូ ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ប្រទះឃើញម៉ូតូ ១គ្រឿង ត្រូវបានគេដុតចោលនៅចម្ការស្វាយ ខាង ក្រោយផ្ទះ ដែលសង្ស័យថា ជាម៉ូតូរបស់ជនសង្ស័យដែលជិះមកធ្វើសកម្មភាព លុះលួចបានម៉ូតូថ្មី ក៏ដុតម៉ូតូខ្លួនឯងចោលតែម្តង។

ករណីលួចខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក។

ជនរងគ្រោះ មានឈ្មោះរ៉ែត សាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមន្ត្រីរាជការ មានលំនៅ ភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។ វត្ថុតាងចាប់យក ម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក ត្រូវជន សង្ស័យ ដុតចោលក្នុងចម្ការស្វាយក្រោយផ្ទះ កើតហេតុចម្ងាយប្រហែល ២០០ម៉ែត្រ។ រីឯសម្ភារៈបាត់បង់ រួមមាន  ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ ស្លាកលេខ រដ្ឋ 36 1-3657 ថេបប្លេត ១គ្រឿង ម៉ាក Huawai។

តាមការបំភ្លឺពីឈ្មោះច្រូច ផល ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជាម្តាយក្មេកជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ គាត់បានចូលសម្រាកក្នុងបន្ទប់ក្រោមផ្ទះជាមួយកូនស្រី និងចៅ ហើយមុនចូលសម្រាក គាត់បានមើលសម្ភារៈសព្វគ្រប់ និងបានដាក់គន្លឹះទ្វារខាង ក្រោ យត្រឹមត្រូវ។ លុះដល់វេលាម៉ោងប្រហែល ១០យប់ ថ្ងៃដដែល បានឮសំឡេងផាំង ហើយក៏មិនចាប់អា រម្មណ៍ ស្មានតែមានកូនចៅណាបើកទ្វារចេញទៅក្រៅ ទើបសម្រាកបន្ត រហូតដល់វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបគាត់បានក្រោកពីដេក រៀបចំដាំបាយទុកសម្រាប់កូនចៅហូបពេលព្រឹក ក៏បានឃើញទ្វារក្រោយរបើក ក៏មិនបានចាប់ អារម្មណ៍ទេ ហើយក៏មិនដឹងថាបាត់របស់របរនោះដែរ។

ប្រភពដដែល បន្តថា បន្ទាប់មក ម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃដដែល កូនប្រសាគាត់ ឈ្មោះរ៉ែត សាក់ បានក្រោកពីដេក ដើរពីលើផ្ទះ ចុះមកក្រោម ក៏លាន់មាត់ថា “ម៉ែបាត់ម៉ូតូមួយហើយ” ទើបបានឆោទ្បោពេញផ្ទះ ទើបដឹងថាបាត់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 36 1-3657 ដែលដាក់កូនសោជាប់នឹងម៉ូតូ ហើយនិងបាត់ថេបប្លេត ១គ្រឿងទៀត ដែលទុកលើតុក្បែរម៉ូតូ។

រហូតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានរាយការណ៍ជូនផ្នែកជំនាញស្រុក ដើម្បីស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES