Friday, June 20, 2025
Homeសង្គម និងជីវិតម្ចាស់ផ្ទះ ជះ...ទឹ...ក...ក្តៅ...ដា...ក់កូនឈ្នួល ខឹងបោសជូតផ្ទះអត់ស្អាត

ម្ចាស់ផ្ទះ ជះ…ទឹ…ក…ក្តៅ…ដា…ក់កូនឈ្នួល ខឹងបោសជូតផ្ទះអត់ស្អាត

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាទៅលើក្មេងស្រីជាកូនឈ្នួលបម្រើនៅក្នុងផ្ទះ ដោយខឹងបោសផ្ទះមិនស្អាត បានជះទឹកក្តៅដាក់កូនឈ្នួល បណ្តាលឱ្យរលាករងរបួសយ៉ាងដំណំ។ករណីហិង្សា ម្ចាស់ផ្ទះជះទឹកក្តៅដាក់កូនឈ្នួលនេះ បានកេតិឡើង កាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ រហូតមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះ នាំយកមកចាត់ការតាមច្បាប់។

ក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ មុខរបរជាអ្នកបម្រើក្នុងផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជន​សង្ស័​យជាម្ចាស់ផ្ទះ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆាយ បូរី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៩ ជនសង្ស័យជាម្ចាស់ផ្ទះ បានយកក្មេងស្រីរងគ្រោះខាងលើ មករស់នៅនិងធ្វើជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន។ រហូតដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យបានប្រើឱ្យក្មេងស្រីរងគ្រោះ ជាកូនឈ្នួល បោសសម្អាតបន្ទប់​ដេករបស់ខ្លួន។ ពេលនោះ កុមារីរងគ្រោះ បោសសម្អាតមិនបានស្អាតល្អ ជាហេតុធ្វើឱ្យជនសង្ស័យជាម្ចាស់ផ្ទះ ខឹងសម្បា ក៏យកទឹកក្តៅជះលើកុមារីរងគ្រោះ បណ្តាលឱ្យរងរបួសរលាកកំភួនដៃស្តាំ កដៃឆ្វេង និងកែងដៃឆ្វេង។

ប្រភពដដែល បន្តថា រហូតមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះ បាននិយាយរឿងហេតុខាងលើប្រាប់បងស្រីរបស់នាង ទើបបងស្រីនាំក្មេងស្រីរងគ្រោះ មករាយការណ៍ប្រាប់សមត្ថកិច្ច និងឈានដល់ការចុះឃាត់ខ្លួនស្ត្រីសង្ស័យជាម្ចាស់ផ្ទះ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាម្ចាស់ផ្ទះ បានឆ្លើយសារភាពថា ខ្លួនធ្លាប់បានប្រើអំពើហិង្សាលើក្មេងស្រីរងគ្រោះ ជាកូនឈ្នួល ចំនួន២លើកមកហើយ។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES