Thursday, January 23, 2025
Homeព័ត៌មានជាតិបណ្ឌិតកសិកម្ម យ៉ង សាំងកុមារ និងភរិយា ដៃគូវិនិយោគច្រើននាក់ ប្រកាសទារបំណុល

បណ្ឌិតកសិកម្ម យ៉ង សាំងកុមារ និងភរិយា ដៃគូវិនិយោគច្រើននាក់ ប្រកាសទារបំណុល

ភ្នំពេញ ៖ បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបានដៃគូវិនិយោគ គម្រោងសម្បូរសប្បាយ អភិវឌ្ឍសហគមន៍ ប្រកាសទាមទារឱ្យសងប្រាក់ត្រឡប់មកពួកគេវិញ ដោយថាពួកគេត្រូវការប្រាក់ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បន្ទាប់ពីភរិយារបស់លោកបណ្ឌិត យ៉ង សាំងកុមារ បានចេញសេចក្ដីជូនដំណឹងថា ការអភិវឌ្ឍគម្រោង មិនអាចដំណើរការទៅមុខ ដូចការគ្រោងទុក ដោយសារស្ថានភាពកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច (cash flow) ។

គួរបញ្ជាក់ថា តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ មក ដៃគូវិនិយោគលើគម្រោងមួយចំនួន ជាមួយរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកបណ្ឌិត យ៉ង សាំងកុមារ ក្នុងនោះរួមមាន លោកម៉េង ហ្វាឈីវ, អ៊ាត សុភ័ក្រ, ហេង លីហួរ, សោម វាសនា, គៀន ចាន់រ៉េត និងផាត សុផល ជាដើម បាននាំគ្នាបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន ក្នុងន័យខ្លឹមសារស្រដៀងគ្នា ទាមទារឱ្យលោកបណ្ឌិត យ៉ង សាំងកុមារ និងលោកស្រី នូ សុជាតិ ជាភរិយា ដោះស្រាយសងប្រាក់ដែលពួកគេបានដាក់វិនិយោគរួមគ្នានោះ មកពួកគេវិញ។

ដៃគូវិនិយោគម្នាក់ ឈ្មោះអ៊ាត សុភ័ក្រ (Sopheak Eat) បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “ពួកយើងខ្ញុំទាំងអស់គ្នា ជាជនរងគ្រោះ ខាតបង់លុយកាក់ដែលមានបណ្ឌិតកសិកម្មមួយរូប និងភរិយារបស់គាត់ ជាអ្នកប្រមូលលុយ យកទៅធ្វើគម្រោងសម្បូរសប្បាយ ។ ដើម្បីរក្សាកិត្តិយសបណ្ឌិតកសិកម្ម និងភរិយា ដែលជាម្ចាស់គម្រោងសម្បូរសប្បាយ យើងខ្ញុំស្នើគម្រោងគោរពកិច្ចសន្យា និងអនុវត្តលិខិតកន្លងមក ក្នុងការបង់លុយរបស់ពួកយើងមកវិញ។ ក្នុងការមិនគោរពកិច្ចសន្យា និងប្រកាន់ “មិននិយាយមធ្យ័ត” យើងខ្ញុំជាជនរងគ្រោះសូមរក្សាសិទ្ធិក្នុងការទាមទារប្រាក់ដើមរបស់យើងមកវិញ រួមទាំងស្នើសុំអន្តរាគមន៍ថ្នាក់ដឹកនាំជួយដោះស្រាយ“ ។

លោកអ៊ាត សុភ័ក្រ បានសរសេរបន្ថែមថា “កុំយកបញ្ហា cash flow បញ្ហាសេដ្ឋកិច្ចពិភពលោក បញ្ហាកូវីដ មកនិយាយបន្តទៀត ។ ទោះមុនកើតបញ្ហាទាំងអស់នេះ ក៏អ្នកឯងមិនដោះស្រាយឲ្យគេដែរ? អ្នកឯងគិតថាយកលុយគេហើយ ញញឹមស្រស់រហូតមែនទេ?“ ។

ដៃគូវិនិយោគ ឈ្មោះម៉េង ហ្វាឈីវ (Meng Fa Chiv) បានសរសេរលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន ដោយភ្ជាប់ជាមួយនឹងតារាងបង់ប្រាក់វិនិយោគក្នុងគម្រោង «សហគមន៍សម្បូរទុរេនអាស្រ័យផលមនោសុខ និង«គម្រោងសហគមន៍សម្បូរបន្លែ និងទុរេនអូរសោម រួមទាំងគម្រោងសហគមន៍សម្បូរនាគ ៨២ » អមជាមួយរូបថតលោកបណ្ឌិត យ៉ង សាំងកុមារ និងភរិយាលោក នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “សូមឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និងលោកជំទាវ នូ សុជាតិ ទទួលខុសត្រូវនិងគោរពអនុវត្តកិច្ចសន្យាសងប្រាក់ដែលយើងបានព្រមព្រៀងគ្នា។ មកដល់ពេលនេះ ពួកយើងខ្ញុំមិនបានទទួលប្រាក់សងពីខាងឯកឧត្តម លោកជំទាវ រាប់ខែមកហើយ។ ពួកយើងខ្ញុំមិនមានវីឡា រថយន្តទំនើបៗជិះនោះទេ ពួកយើងគ្រាន់តែសុំប្រាក់យើងត្រលប់មកវិញតែប៉ុណ្ណោះ។ ពួកយើងខ្ញុំត្រូវការប្រាក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ សូមឯកឧត្តម លោកជំទាវ គោរពនិងទទួលខុសត្រូវនូវអ្វីដែលយើងបានព្រមព្រៀងគ្នា” ។

ចំណែកដៃគូវិនិយោគ ឈ្មោះសោម វាសនា (Som Veasna) បានសរសេរថា “មានវីឡា និងឡានទំនើប មិនលក់សងសមាជិកទេ ទៅបើកគម្រោងយកលុយអ្នកផ្សេងថែមទៀត ហើយចេះតែថា Cash Flow ធ្វើចរិតឲ្យថ្លៃថ្នូរបន្តិចផងលោកជំទាវ និងលោកបណ្ឌិតកសិកម្ម“ ។

ដៃគូវិនិយោគម្នាក់ទៀត ឈ្មោះហេង លីហួរ  (Lyhour Heng) បានសរសេរថា “អ្នកជំពាក់លុយយើង និយាយថាគាត់អត់លុយសងទេ តែផ្ទះវិញ នៅសុទ្ធវីឡាប្រណីត រថយន្តទំនើប កូនរៀនរាប់ពាន់ម៉ឺនដុល្លារមួយឆ្នាំៗ“ ។

ដៃគូវិនិយោគ ឈ្មោះគៀន ចាន់រ៉េត បានសរសេរថា “កិច្ចសន្យា កាលស្វាមីនៅកាន់ គឺព្រមសងតាមកិច្ចសន្យាដែលព្រមព្រៀងគ្នា។ តែដល់ផ្ទេរសិទ្ធិទៅភរិយាកាន់វិញ គឺសងលុយ10% នៃលុយចំណេញ។ អ្នកស្រីប្ដូរគោលការណ៍ទូទាត់ប្រាក់រហូត បំពានកិច្ចសន្យាម្ដងហើយម្ដងទៀត។ ដោយសារតែឃើញគម្រោងជួបការលំបាកនៃលំហូរសាច់ប្រាក់ ទើបខ្ញុំស្នើសុំ និងបានចូលរួមខាតបង់លុយមួយចំនួនទៅគម្រោងហើយ គឺព្រមព្រៀងទៀត។ តែចុងក្រោយ ភរិយាគាត់បានប្ដូរគោលការណ៍ទូទាត់ប្រាក់ តែភាគីម្ខាង គឺសម្រេចលែងបង់លុយមកខាងខ្ញុំតែម្ដង។ តើឯកឧត្ដមបណ្ឌិត ធ្វើបែបនេះសមទេ? ហេតុអ្វីប្រពន្ធលោកបណ្ឌិត ចិត្តដាច់យ៉ាងនេះ? ទាំងលុយខ្ញុំ បង់ទៅគម្រោង ៣ឆ្នាំជាងហើយ! ! ខ្ញុំមិនចង់វែងឆ្ងាយទេ តែប្រពន្ធលោកបណ្ឌិត បំពានកិច្ចសន្យា មិនញញើតច្បាប់ទេ។ ជម្រើសចុងក្រោយខ្ញុំ ស្នើសុំគម្រោងគិតគូរ និងទូទាត់ប្រាក់តាមខ្ញុំស្នើសុំ។ បើគម្រោងមិនបំពេញភារកិច្ច មានតែជួបគ្នាតាមផ្លូវច្បាប់។ គោលបំណងខ្ញុំផុស គឺសុំត្រឹមលោកស្រីប្រធានគម្រោង គោរពកិច្ចសន្យាដែលព្រមព្រៀងគ្នាកន្លងមក“ ។

ចំណែកដៃគូវិនិយោគ ម្នាក់ទៀត ឈ្មោះផាត សុផល (Phat Sophal) បានសរសេរថា “នៅមានមោទនភាពមួយទៀតចំពោះខ្លួនឯង ដែលក្រហើយ អ្នកមានមួយចំនួនជំពាក់លុយ តែមិនសង ខ្លះឡើងតំណែងខ្ពស់ មានផ្ទះធំ ឡានទំនើប តែខ្វះលុយសងខ្ញុំ បានដឹងថាខ្ញុំមិនក្រប៉ុន្មានទេ ព្រោះនៅរកលុយសងគេបាន ឡូយជាងអ្នកមានខ្លះដែលគ្មានលទ្ធភាពសងលុយគេ” ។

ចំណែកដៃគូវិនិយោគ ម្នាក់ទៀត ឈ្មោះផាន វ៉ាន់នី (Phan Vanny)  បានសរសេរថា “ខ្ញុំនឹងនៅចូលរួមសុខទុក្ខជាមួយបងប្អូនដែលមិនទាន់ទទួលបានលុយយើងមកវិញពីគម្រោងរបស់លោកបណ្ឌិត យ៉ង សាំងកុមារ។ លុយយើងពិបាករកណាស់“ ។

ចំណែកដៃគូវិនិយោគ ម្នាក់ទៀត ឈ្មោះហួត កាំង (Hout Kaing) បានសរសេរថា “មាននាមជាបណ្ឌិតកសិកម្ម តែការធ្វើកសិកម្ម មិនស្មើកសិករធម្មតាផង ប្រមូលលុយវិនិយោគហើយ ធ្វើការមិនចេញលទ្ធផលជូនសមាជិក មកបន្ទោសមេឃ បន្ទោសដី បន្ទោសសេដ្ឋកិច្ចសកល លំហូរសាច់ប្រាក់ រួចផ្ទេរការងារជាប្រធាន ដល់ប្រពន្ធខ្លួន កិច្ចសន្យាមានច្បាស់លាស់ហើយ បែរមកប្រើពាក្យ “លែងមធ្យ័ត” ហើយមកបន្ថែមសេចក្តីសម្រេចថ្មីទៀត។ សុំសួរថា ក្នុងកិច្ចការនីមួយៗ តើចាំបាច់មានកិច្ចសន្យាធ្វើអ្វី បើមិនមានប្រសិទ្ធិនោះ?“ ។

“នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺបញ្ហាខាងលើនេះ ពីលោកបណ្ឌិត យ៉ង សាំងកុមារ និងលោកស្រី នូ​ សុជាតិ ជាភរិយារបស់លោកបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល។ ប៉ុន្តែកន្លងទៅ លោកបណ្ឌិត យ៉ង សាំងកុមារ ធ្លាប់បានបដិសេធ បន្ទាប់ពីមានការចោទប្រកាន់លើលោក រឿងលុយជាង ៣០លានដុល្លារ ។

សូមបញ្ជាក់ថា នៅក្នុងសេចក្ដីជូនដំណឹងអំពីការបង់ដើមទុនត្រឡប់ របស់គម្រោងសហគមន៍ទិញ-លក់ដី ៤៩២ និង៥០០ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយប្រធានគម្រោង នូ សុជាតិ បានបញ្ជាក់ថា «តាមរយៈរួមគ្នាវិនិយោគទុនទិញដី និងអភិវឌ្ឍន៍ដីឡូត៍ ឲ្យក្លាយជាសហគមន៍ឈើប្រណីត ចាប់ពីឆ្នាំ២០១៩  គម្រោងបានប្រើដើមទុនរបស់សមាជិក ដើម្បីបង់ថ្លៃដីទៅម្ចាស់ដើម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលគម្រោងប្រវែង១០គីឡូម៉េត្រ ផ្លូវនៅក្នុងដីគម្រោង និងស្រះទឹក ជាដើម ។ គម្រោងក៏បានចាប់ផ្ដើមរៀបចំជាចម្ការឈើប្រណីត សម្រាប់លក់បន្ត ដើម្បីបានចំណូលបែងចែកជូនទៅសមាជិកវិនិយោគដីវិញ ។ ប៉ុន្តែនៅពេលគម្រោងចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២០ ស្ថានភាពកូវីដ-១៩ បានចាប់ផ្ដើម ដែលនាំមកនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច និងដល់គម្រោងផងដែរ ។ ការអភិវឌ្ឍគម្រោងទៅមុខទៀត មិនអាចដំណើរការដូចការគ្រោងទុក ។ លើសពីនេះទៀត សមាជិកដែលបានចូលរួមជាមួយគម្រោងឈើប្រណីតរួចរាល់ហើយក៏ខកខានបង់ប្រាក់ និងមានសមាជិកឈើប្រណីតខ្លះ ក៏សុំឈប់ពីគម្រោងវិញ ដែលធ្វើឲ្យគម្រោង ជួបការលំបាកទាក់ទងនឹងលំហូរសាច់ប្រាក់ ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាម្ចាស់គម្រោង យើងខ្ញុំបានព្យាយាមស្វែងរកថវិកាពីប្រភពផ្សេងៗបន្ថែម ដើម្បីសងដើមទុនត្រលប់ទៅលោកអ្នកជាសមាជិកវិញ ។ គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ គម្រោងបានសងទឹកប្រាក់ត្រលប់ទៅសមាជិកសរុបបាន៧១% នៃដើមទុនសរុប ដែលសមាជិកបានវិនិយោគ ។ សម្រាប់ពេលខាងមុខ ក៏គម្រោងបន្តខិតខំរកថវិកា ដើម្បីសងដើមទុនទៅឲ្យសមាជិកវិញ ឲ្យគ្រប់ចំនួន» ។

ដោយឡែកសម្រាប់ប្រាក់ចំណេញ សេចក្ដីជូនដំណឹងខាងលើ បញ្ជាក់ថា «ដោយយោងទៅតាមស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល និងការលំបាកដែលគម្រោងជួបប្រទះ ដូចរៀបរាប់ខាងលើនេះ គម្រោងសម្រេចផ្ដល់ប្រាក់ចំណេញជូនសមាជិក ត្រឹម១០% នៃប្រាក់ចំណេញដុល ដែលសមាជិកត្រូវទទួលបានកន្លងមក ។ ខ្ញុំយល់ថា ការសម្រេចនេះអាចប៉ះពាល់ដល់អារម្មណ៍សមាជិកមួយចំនួន ។ ដូចនេះយើងខ្ញុំសូមឲ្យសមាជិកមានការយោគយល់ និងចូលរួមសាមគ្គីគ្នា ដើម្បីជួយទ្រទ្រង់និរន្តរភាពរបស់គម្រោង ។

សម្រាប់ការប្រាក់ដើមដែលនៅសល់ និងប្រាក់ចំណេញ គម្រោងនឹងអនុវត្តតាម ០៤ ដំណាក់កាល ដូចខាងក្រោម ៖

១. ដំណាក់កាលទី១ ៖ គម្រោងសូមធ្វើការផ្អាកបង់ប្រាប់ជូនសមាជិកដែលទទួលបានប្រាក់ដើមគ្រប់ចំនួន ។

២. ដំណាក់កាលទី២ ៖ គម្រោងនឹងចាប់ផ្ដើមបង់ប្រាក់ជូនសមាជិកដែលមិនទាន់ទទួលប្រាក់ដើមគ្រប់ចំនួន ។

៣. ដំណាក់កាលទី៣ ៖ បន្ទាប់ពីគម្រោងបានផ្ដល់ប្រាក់ដើមគ្រប់ចំនួនហើយ គម្រោងនឹងចាប់ផ្ដើមផ្ដល់ប្រាក់ចំណេញលើស ១០% ឬស្មើ១០% កន្លងមក គម្រោងមិនមានការផ្ដល់ជូនទៀតនោះទេ ។

៤. ដំណាក់កាលទី៤ ៖ គម្រោងនឹងធ្វើការផ្ដល់ប្រាក់ដើមជូនសមាជិកចាប់ពីខែមីនា ឆ្នាំ២០២៤ ដែលមានរយៈពេល៤ឆ្នាំ ដោយអាស្រ័យលើចំនួនប្រាក់ដើមរបស់សមាជិកដែលនៅសល់ និងបរិមាណបង់ប្រចាំខែប្រែប្រួលអាស្រ័យលើលទ្ធភាពរបស់គម្រោង ។ បន្ទាប់ពីបញ្ចប់ការទូទាត់ប្រាក់ដើម ចប់សព្វគ្រប់ គម្រោងនឹងផ្ដល់ជូនប្រាក់ចំណេញ ១០% ជាបន្តទៀត» ។

ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីជូនដំណឹង របស់សហគមន៍សម្បូរសប្បាយ អំពីការកាត់កងទឹកបា្រក់ជាមួយទំនិញនៅផ្សារអូក្រា ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកស្រី នូ សុជាតិ ប្រធានគម្រោង បានធ្វើការជូនដំណឹងដល់សមាជិកដែលបានដកទុននៅគ្រប់គម្រោងទាំងអស់ នៃសហគមន៍សម្បូរសប្បាយ ឲ្យបានជ្រាបថា ចាប់ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ទឹកប្រាក់ដែលសមាជិកទទួលបានប្រចាំខែ ពីគម្រោងវិញ តាមខែនីមួយៗ ដោយមួយចំណែកទទួលជាសាច់ប្រាក់សុទ្ធ និងមួយចំណែកទៀត សមាជិកអាចកាត់កងជាមួយទំនិញនៅផ្សារអូក្រា បានផងដែរ ។

សេចក្ដីជូនដំណឹង បញ្ជាក់ថា ការសម្រេចផ្ដល់ការកាត់កងបែបនេះ ដើម្បីជួយសម្រួលបន្ទុករបស់គម្រោងនៃការទូទាត់ប្រាក់ប្រចាំខែជូនសមាជិក ដោយសមាជិកទទួលបានកសិផលធម្មជាតិ និងទំនិញផ្សេងៗពីផ្សារអូក្រា ផងដែរ ។ 

ចំណែកនៅក្នុងសេចក្ដីជូនដំណឹង របស់សហគមន៍សម្បូរសប្បាយ អំពីការទូទាត់ប្រាក់ត្រឡប់ជូនសមាជិកស្នើដកទុនដែលមកថ្មី និងសេចក្ដីជូនដំណឹងអំពីការទូទាត់ប្រាក់ត្រឡប់ជូនសមាជិកស្នើដកទុនកន្លងមក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី នូ សុជាតិ ប្រធានគម្រោង បានធ្វើការជូនដំណឹងដល់សមាជិកដែលបានដកទុននៅគ្រប់គម្រោងទាំងអស់ នៃសហគមន៍សម្បូរសប្បាយ ឲ្យបានជ្រាបថា គម្រោងសូមធ្វើការផ្លាស់ប្ដូរគោលការណ៍នៃការបង់ប្រាក់ត្រលប់ជូនទៅសមាជិកដែលបានដល់កាលបរិច្ឆេទទូទាត់នៅដើមខែមករា ដោយគម្រោងសម្រេចទូទាត់ប្រាក់ត្រលប់ប្រចាំខែ ជូនសមាជិកវិញ ចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅ ទៅតាមលទ្ធភាព និងសមត្ថភាពរបស់គម្រោង រហូតដល់អស់ប្រាក់ដែលស្នើដកទុន ដោយយោងតាមសេចក្ដីសម្រេចរបស់ប្រធានគម្រោងទៅតាមសមាជិកម្នាក់ៗ ។ សូមបញ្ជាក់ផងដែរថា រាល់ការទូទាត់ប្រាក់ត្រលប់ជូនសមាជិកវិញ មានខែខ្លះត្រូវបានទូទាត់ជាប្រាក់រៀល ហើយខែខ្លះទូទាត់ជាប្រាក់ដុល្លារ ។ បរិមាណទូទាត់ប្រែប្រួល និងមានការលើកដាក់តាមខែ អាស្រ័យទៅតាមស្ថានភាពលំហូរសាច់ប្រាក់របស់គម្រោង ។

សេចក្ដីជូនដំណឹងទាំងពីរខាងលើ បញ្ជាក់ថា ការសម្រេចផ្លាស់ប្ដូរគោលការណ៍នៃការទូទាត់ប្រាក់ត្រលប់បែបនេះ ដោយសារគម្រោងកំពុងជួបប្រទះនឹងបញ្ហាខ្វះលំហូរសាច់ប្រាក់ ក្នុងគោលបំណងបន្តនិរន្តរភាពក្នុងការអភិវឌ្ឍន៍គម្រោង និងរកប្រាក់សងត្រលប់មកសមាជិកដែលឈប់ពីគម្រោង ។ បច្ចុប្បន្នគម្រោងមិនអាចដំណើរការលក់គម្រោងឡើងវិញបាននៅឡើយទេ ហើយសមាជិកដែលបន្តសមាជិកភាពជាមួយគម្រោងជាច្រើននាក់ បន្តខកខានបង់ប្រាក់ជាច្រើនខែ មកគម្រោង ៕ កុលបុត្រ

RELATED ARTICLES