Thursday, January 23, 2025
Homeព័ត៌មានជាតិល្បែងស៊ីសង នាយករដ្ឋមន្ត្រី ឲ្យបិទ ក្រុមហ៊ុនឡូតូ ប្រកាសបើកទូទាំងប្រទេស

ល្បែងស៊ីសង នាយករដ្ឋមន្ត្រី ឲ្យបិទ ក្រុមហ៊ុនឡូតូ ប្រកាសបើកទូទាំងប្រទេស

ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី លោកគុជ លី បានលើកឡើងថា ពាក់ព័ន្ធនឹងករណីលេងល្បែងស៊ីសងតាមអនឡាញ នាយករដ្ឋមន្រ្តី និងក្រុមហ៊ុនឡូតូ កំពុងដើរបញ្ច្រាសទិសគ្នា ព្រោះខណៈដែលសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការបង្រ្កាបទប់ស្កាត់ល្បែងអនឡាញខុសច្បាប់ ទូទាំងប្រទេស បែរជាក្រុមហ៊ុនឆ្នោតឡូតូ ចេញសេចក្ដីជូនដំណឹងដល់គ្រប់តំណាងចែកចាយទូទាំងប្រទេស ស្ដីអំពីការបើកដំណើរការអាជីវកម្មឡើងវិញ នៅទូទាំងប្រទេស លើកលែងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ។

លោកគុជ លី បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “បាទ!  ឥឡូវនេះយើងមើលឃើញថា សម្ដេចនាយករដ្ឋមន្រ្តី បវរធិបតី ហ៊ុន ម៉ាណែត លោកកំពុងតែបញ្ចេញអនុសាសន៍ ដើម្បីចាត់វិធានការទៅលើអនឡាញ ទូទាំងប្រទេស ប៉ុន្តែចំពោះការសង្កេតឃើញរបស់ខ្ញុំ ដែលជាអ្នកមូលដ្ឋានច្រើន យើងមើលឃើញថា ក្រុមហ៊ុនឡូតូអនឡាញនេះ កំពុងតែចាក់ឫសតាមបណ្ដាញនៅគ្រប់ភូមិ ខេត្ត ក្រុង ស្ទើរតែទូទាំងប្រទេសទៅហើយ ។ អ៊ីចឹងយើងមើលឃើញថា យុទ្ធសាស្រ្តល្បែងឡូតូនេះ គឺជាយុទ្ធសាស្រ្តដែលខ្ញុំចាត់ទុកថា គឺជាយុទ្ធសាស្រ្តប្រមូលលុយអ្នកក្រ គឺប្រជាពលរដ្ឋនៅមូលដ្ឋានក្រីក្រ ទៅលេងឡូតូ ស្ទើរតែគ្រប់ប្រភេទនៅទីនោះ ហើយមានតម្លៃថោក ។ អ៊ីចឹងអ្នកដែលជក់ចិត្តលេងជល់មាន់ ឬក៏ជល់ស្អីផ្សេងៗហ្នឹង អាចចូលចិត្តលេងតាមល្បែងឡូតូហ្នឹង ដោយសារគិតថា តម្លៃថោក ។ អ៊ីចឹងល្បែងស្រុកខ្មែរ ចាត់ទុកជា ២ប្រភេទ គឺប្រភេទទី១ ឡូតូហ្នឹងហើយ ប្រភេទទី២ គឺកាស៊ីណូ ហើយចំពោះកាស៊ីណូវិញ គឹជាកាស៊ីណូប្រភេទដែលប្រជាពលរដ្ឋមានកម្រិតជីវភាពមធ្យម ហើយនិងអ្នកមានឡើងទៅ ។ អ៊ីចឹងត្រលប់មកវិញ យើងមើលឃើញថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនឡូតូនេះ កំពុងតែចាក់ឫស ហើយនិងកំពុងតែប្រមូលលុយពីប្រជាពលរដ្ឋក្រីក្រ ដោយប្រយោល ហើយនិងផ្ទាល់ ហើយចំពោះការរកស៊ីអនឡាញនេះ ដែលខ្ញុំបានមើលឃើញថា កំពុងដើរបញ្រ្ចាសទិសជាមួយនឹងនាយករដ្ឋមន្រ្តី បវរធិបតី ហ៊ុន ម៉ាណែត ដែលបានមានប្រសាសន៍ថ្មីៗនេះ កំពុងតែយកចិត្តទុកដាក់ចំពោះយុទ្ធនាការ ហើយនិងចាត់វិធានការទៅលើហ្គេមល្បែងអនឡាញណាដែលបើកខុសច្បាប់ ។ អ៊ីចឹងមានន័យថា សម្ដេចបវរធិបតី ទទួលស្គាល់ល្បែងអនឡាញណាដែលស្របច្បាប់ ហើយកន្លែងណាដែលមិនស្របច្បាប់ ។ យើងមើលឃើញលិខិតប្រកាសរបស់ខេត្តកំពង់ស្អឺ បានប្រកាសថា ខេត្តរបស់ខ្លួន មិនឲ្យលេងអនឡាញហ្នឹងទេ ប៉ុន្តែជាក់ស្ដែងក៏នៅតែមានហើយ ការសង្កេតរបស់ខ្ញុំ ហើយមួយទៀត លិខិតរបស់ក្រុមហ៊ុនឡូតូ ក៏បានផ្សព្វផ្សាយជាសាធារណៈដែរថា ខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ អីគឺមិនទាន់ដំណើរការឡើងវិញ ហើយដំណើរវាបញ្រ្ចាសទិសជាមួយនឹងសម្ដេចបវរធិបតី បានដាក់អនុសាសន៍ និងចាត់វិធានការនៅលើហ្គេមអនឡាញហ្នឹងនៅក្នុងប្រទេសកម្ពុជា ទៅវិញ“ ។

លោកគុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំមើលឃើញថា នេះគឺជាយុទ្ធសាស្រ្តរបស់សម្ដេចនាយករដ្ឋមន្រ្តី ជាមួយនឹងហ្គេមឡូតូអនឡាញយើងនេះ គឺល្បែងក្រុមហ៊ុនឡូតូអនឡាញនេះ កំពុងដើរបញ្ចា្រសទិសគ្នាជាមួយនឹងវិធានការផ្លូវច្បាប់ ។ អ៊ីចឹងសម្រាប់យើងអ្នកសិក្សាស្រាវជ្រាវ យើងមើលឃើញថា ល្បែងអនឡាញ ក៏ចំណេញមួយចំណែកសម្រាប់ប្រជាពលរដ្ឋដែលទៅលេង ហើយក៏ខាតមួយប្រយោន៍ធំ សម្រាប់សង្គមជាតិរបស់យើង គឺជារូបភាពមួយដ៏អាក្រក់ ហើយមួយចំណែកទៀត ក៏ខ្ញុំគិតថា ហ្គេមអនឡាញនេះ ក៏ជួយរកលុយបង់ពន្ធឲ្យរាជរដ្ឋាភិបាល ដែលកំពុងខ្វះខាត ហើយរាជរដ្ឋាភិបាល កំពុងតែជួបវិបត្តិសេដ្ឋកិច្ចនេះមួយចំនួន ហើយល្បែងនេះ គឺជាល្បែងមួយដែលស្រួលរកលុយជាទីបំផុត ហើយបើសិនជាយើងប្រៀបធៀបជាមួយនឹងប្រទេសនៅលើពិភពលោក ល្បែងនៅប្រទេសណាក៏មាន ប៉ុន្តែល្បែងគេឲ្យមានកម្រិតនៃការចាញ់ឈ្នះ ហើយបើសិនជាបៀបធៀបនៅអឺរ៉ុប ដែលខ្ញុំធ្លាប់នៅអឺរ៉ុបហ្នឹងច្រើនដែរ គេហៅថា ឡូតូ ។ អ៊ីចឹងឡូតូ គាត់ដាក់លក់តាមបណ្ដាញឡូតូហ្នឹង គឺហៅតាបាក់ ។ តាបាក់ហ្នឹង គឺហាងកាហ្វេ លក់បារី លក់អី ។ អ៊ីចឹងហាងកាហ្វេហ្នឹង គឺមានកន្លែងសម្រាប់ទៅចាប់ឡូតូ ហើយមានអាក្រដាសកោតឆ្នោតឡូតូ ហើយចាក់សេះ ចាក់អី គឺមាននៅក្នុងហ្នឹងតែម្ដង ។ ប៉ុន្តែទំហំនៃការគេលេង មានន័យថា អាចឲ្យថៅកែ ហើយនិងអ្នកលេង មានន័យថា ថៅកែ គេយកត្រឹមតែ ៦០% អ៊ីចឹងមានន័យថា អ្នកលេង ក៏អាចឈ្នះច្រើនដែរ ព្រោះវាស្ទើរតែ ៥០% ហើយសម្រាប់ប្រទេសកម្ពុជា របស់យើង ល្បែង ទាំងកាស៊ីណូ ទាំងល្បែងអនឡាញនេះ យើងមើលឃើញថា ច្បាប់នៅប្រទេសកម្ពុជា ហាក់ដូចជាសម្លាប់អ្នកលេងទៅវិញ គឺមានន័យថា អាច ៦០ ទៅ៧០% ។ អ៊ីចឹងមានន័យថា អ្នកលេងកាស៊ីណូ នៅក្នុងប្រទេសកម្ពុជា បើសិនជា ១០នាក់ មានន័យថា ៨នាក់ចាញ់ ឈ្នះបានតែ២នាក់ ។ អ៊ីចឹងតួលេខនេះ ហាក់ដូចជាល្បែងទុច្ចរិត ដែលធ្វើបាបប្រជាពលរដ្ឋទៅវិញ“ ។

លោកគុជ លី បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងត្រលប់មកវិញ ល្បែងនៅលើពិភពលោក គេមានគ្រប់កន្លែង យើងឃើញហើយ នៅសហរដ្ឋអាមេរិក ឡាសវេហ្គាស នៅប្រទេសចិន ម៉ាកាវ ហើយនៅប្រទេសអូស្រ្តាលី កន្លែងដែលធំជាងគេបំផុត គឺហៅប្រោន ហ្នឹង ខ្ញុំចាំមិនច្បាស់ហ្នឹង គឺកន្លែងដែលគេពេញនិយមនៅក្នុងប្រទេសអូស្រ្តាលី ហ្នឹងតែម្ដង ។ អ៊ីចឹងយើងត្រឡប់មកប្រទេសកម្ពុជា របស់យើងវិញ ចំពោះខ្ញុំៗគាំទ្រឲ្យមានការលេងល្បែងដោយស្របច្បាស់ ឲ្យប្រជាពលរដ្ឋមួយចំនួនលេងចុះ ប៉ុន្តែឲ្យចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង ហើយប្រកាសអំពីការលេងហ្នឹងឲ្យបានសុចរិត ។ ឧទាហរណ៍ថា ល្បែង បើមិនចេះល្បិច គឺវាមិនឈ្នះគេ ។ អ៊ីចឹងនៅស្រុកគេ គេលេងកាស៊ីណូ ដូចខ្ញុំជម្រាបជូនពីដើម គឺគេមានច្បាប់ មានទម្លាប់ គេដឹងថា ចំនួននេះឲ្យប្រជាពលរដ្ឋឈ្នះហើយនិងចាញ់ ។ អ៊ីចឹងហ្គេមស្រុកខ្មែរយើង គួរតែមានធ្វើច្បាប់ ប្រកាសឲ្យប្រជាពលរដ្ឋ យើងគិតថា ៧០% ចុះ ត្រូវ៧នាក់អីអ៊ីចឹងទៅ វាអាចឲ្យប្រជាពលរដ្ឋបានលេងជាកម្សាន្តហ្នឹងដែរ ។ អ៊ីចឹងត្រលប់មកវិញ ខ្ញុំគិតថា ទោះជាយ៉ាងនេះ គឺស្ថិតនៅលើចំណេះដឹងប្រជាពលរដ្ឋនៅឡើយ“ ។

 លោកគុជ លី បានមានប្រសាសន៍បន្ថែមថា “បើប្រៀបធៀបចំណេះដឹងនៅលើពិភពលោក គឺប្រជាជននៅអឺរ៉ុប គេចាត់ទុកថាលេងល្បែង គឺជាការកម្សាន្តអារម្មណ៍របស់គេ ប៉ុន្តែប្រជាពលរដ្ឋខ្មែររបស់យើងវាផ្ទុយ ដើរបញ្រ្ចាសពីគេវិញ គឺលេងល្បែងចង់ឲ្យក្លាយទៅជាអ្នកមាន អ្នកបាន  អ៊ីចឹងហើយធ្វើឲ្យគាត់វក់នឹងល្បែងនោះទៅវិញ ។ ទោះបីយ៉ាងណាក៏ដោយ ក៏ស្ថិតនៅក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋរបស់យើងស្ថិតនៅក្នុងការមានចំណេះដឺង ជាពិសេសគឺផ្ដោតទៅលើល្បែងឡូតូអនឡាញតែម្ដង ដែលប្រជាពលរដ្ឋនៅតាមតំបន់ចុងកាត់មាត់ញកនោះ គឺប្រជាពលរដ្ឋដែលមានចំណេះដឹងមិនទូលំទូលាយទូទៅទេ គួរតែកុំបើកក្នុងកាលៈទេសៈនេះ គឺបិទឲ្យអស់ល្អជាង ហើយខ្ញុំគាំទ្រនូវសំណើរបស់រាជរដ្ឋាភិបាល ចាត់វិធានការល្បែងអនឡាញ គួរតែមានកន្លែងខ្លះ ឬក៏មានកន្លែងខ្លះគួរតែចាត់ចែងដើម្បីអនុវត្ត ហើយបើសិនជាយើងក្រឡេកមើលយុទ្ធសាស្រ្តនេះ គឺតាំងពីអតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ដែរ ក៏ប៉ុន្តែវាអត់ជោគជ័យក្នុងការបិទល្បែងអនឡាញនោះទេ ។ ប៉ុន្តែរហូតដល់សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីបច្ចុប្បន្ន យើងមើលឃើញថា អនុសាសន៍របស់លោក វិធានការក្នុងការបិទល្បែងនេះ ចំពោះគណបក្សខ្មែរតែមួយ និងខ្ញុំជាអ្នកដឹកនាំ យើងមើលឃើញថា មិនសូវជាមានប្រសិទ្ធភាពខ្ពស់នៅឡើយទេ ពីព្រោះល្បែងអនឡាញនេះ ក៏ជាមុខរបរមួយដែលរកលុយងាយសម្រួលសម្រាប់ចែកភាគហ៊ុនគ្នា ទាំងឯកជន ទាំងរដ្ឋ ។ អ៊ីចឹងត្រលប់មកវិញ គឺរាជរដ្ឋាភិបាល ធ្វើយុទ្ធនាការរលឹមដូចទឹកភ្លៀង គេហៅថា ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ មេឃចេះតែភ្លៀង មនុស្សនៅតែដើរទទូឆត្រ ។ អ៊ីចឹងមានន័យថា ការអនុវត្តច្បាប់ នៅមិនទាន់មានប្រសិទ្ធភាពល្អ ព្រោះរាជរដ្ឋាភិបាល ក៏ចង់បានចំណេញពីក្រុមហ៊ុននេះផងដែរ“ ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេង បញ្ជាឲ្យអាជ្ញាធរខេត្ត-រាជធានី ទាំងអស់ ត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅទូទាំងប្រទេស។             សម្ដេចហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងសារសំឡេងនោះថា «…ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីនៅមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ការដកអាជ្ញាបណ្ណ នៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្តង…»។

សម្ដេចហ៊ុន ម៉ាណែត បន្ដថា «ពេលវេលានេះ ទៅមុខ គឺជាពេលវេលាដែលភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាងនិងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយមន្រ្តីកសិកម្ម នៅមូលដ្ឋាន បង្កើតរោងចក្រសហគ្រាស នៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងចំណូល ជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនមែនជាពេលវេលា ដែលត្រូវយកចិត្តទុកដាក់ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់ អនុញ្ញាតក៏ដោយ» ។

បទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្រោយពីតារាកំប្លែងល្បីឈ្មោះ នាយគ្រឿន បានផ្សព្វផ្សាយនូវល្បែងអនឡាញ ក្នុងគោលបំណងទាក់ទាញពលរដ្ឋ ជាពិសេសយុវជន ឲ្យចូលរួមលេងល្បែងស៊ីសងខុសច្បាប់ ដូចជាកាស៊ីណូ មាន់ជល់ និងបាញ់ត្រី ជាដើម ។ មួយថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានប្រតិកម្មពីពលរដ្ឋខ្មែរ នាយគ្រឿន បានប្រកាសបញ្ចប់កុងត្រា ឈប់ផ្សាយឲ្យក្រុមហ៊ុនល្បែងនេះទៀត ។

ទោះយ៉ាងណា ក្រុមហ៊ុនឆ្នោតឡូតូមួយ ឈ្មោះឡូតូ 8888 បានចេញសេចក្ដីជូនដំណឹងដល់គ្រប់តំណាងចែកចាយឡូតូ 8888 របស់ខ្លួន នៅទូទាំងប្រទេសថា ក្រុមហ៊ុនបានបើកដំណើរអាជីវកម្មឡើងវិញ លើកលែងតែរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលត្រូវជូនដំណឹងនៅពេលក្រោយ ។

សេចក្ដីជូនដំណឹង របស់ការិយាល័យរដ្ឋបាល របស់ក្រុមហ៊ុនឆ្នោតឡូតូ 8888 ចុះថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីអំពីការបើកដំណើរការអាជីវកម្មឡើងវិញ បានជូនដំណឹងដល់គ្រប់តំណាងចែកចាយឡូតូ 8888 ទួទាំង២៥ខេត្ត-រាជធានី ឲ្យបានជ្រាបថា តំណាងចែកចាយឡូតូ 8888 ទាំងអស់ អាចបើកដំណើរការអាជីវកម្មឡើងវិញបាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ លើកលែងតែរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នៅមិនទាន់អាចបើកដំណើរអាជីវកម្មបាននោះទេ ។

សេចក្ដីជូនដំណឹងខាងលើ បញ្ជាក់ថា សម្រាបរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ការបើកដំណើរការអាជីវកម្មឡើងវិញ ក្រុមហ៊ុននឹងជូនដំណឹងនៅពេលក្រោយ ៕ កុលបុត្រ

RELATED ARTICLES