ភ្នំពេញ ៖ អ្នកនយោបាយប្រឆាំង និងអ្នកវិភាគ បានលើកឡើងថា ការរើសអើងនយោបាយ ធ្វើឲ្យបែកបាក់ជាតិ លែងមានគំនិតជាជាតិ គ្មានសាមគ្គីភាព ។ ជាពិសេសការរើសអើងនយោបាយ ជាជំងឺមហារីកសង្គមមួយ ដែលបង្កើតឲ្យមានការឈឺចាប់ឥតឈប់ឈរ ដល់ភាគីពាក់ព័ន្ធ។ ក្នុងន័យនេះ អ្នកនយោបាយប្រឆាំង និងអ្នកវិភាគ បានស្នើអ្នកដឹកនាំនយោបាយ ឬបក្សកាន់អំណាច ធ្វើជាគំរូ ឈប់រើសអើងនិន្នការនយោបាយ ដើម្បីនាំមកនូវឯកភាពជាតិ។
លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកបានប្ដេជ្ញាដើរតាមបណ្ដាំម្ដាយរបស់លោក ដែលទើបធ្វើមរណកាលទៅថ្មីៗកន្លងទៅនេះ ឲ្យធ្វើជាអ្នកនយោបាយគំរូ នៃការផ្សះផ្សា បង្រួបបង្រួមជាតិ ដើម្បីឲ្យមានឯកភាពជាតិ ជាពិសេសចៀសវាងការរើសអើងនិន្នាការនយោបាយ ជ្រុលនិយម ដែលធ្វើឲ្យបែកបាក់ជាតិ ។ ដូច្នេះដើម្បីបញ្ចប់វប្បធម៌រើសអើងនយោបាយ ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ គឺត្រូវចាប់ផ្ដើមពីថ្នាក់ដឹកនាំប្រទស ឬអ្នកដឹកនាំនយោបាយ នៃបក្សកាន់អំណាច ត្រូវធ្វើជាគំរូ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “វាជាការពិត កាលណាបើយើងរើសអើងនិន្នាការនយោបាយពេក ហើយយើងអត់ចែកគ្នាឲ្យដាច់រវាងហេតុនិងផល ទៅនឹងជំងឺងប់ងុល គឺថាធ្វើឲ្យយើងបែកបាក់ហើយ បែកបាក់ជាតិ បែកបាក់ជាមិត្តភាពមិត្តភក្ដិ ជាមិត្តភាពគ្រួសារ បែកបាក់ជាមិត្តភាពសង្គម និងប្រទេសជាតិទាំងមូល ដែលមាននិន្នាការខុសៗគ្នាក្នុងការជ្រើសរើសគណបក្សនយោបាយ។ ប៉ុន្តែដើម្បីកុំឲ្យទស្សនៈនៃការរើសអើងនយោបាយ បែកបាក់កាន់តែធ្ងន់ ធ្វើឲ្យជាតិលិចលង់ មិនមានការឯកភាពជាតិ បង្រួបបង្រួមជាតិ ខ្ញុំថាអ្វីដែលជាការចាប់ផ្ដើម គឺថ្នាក់ដឹកនាំប្រទសជាតិ បក្សកាន់អំណាចហ្នឹង ត្រូវធ្វើជាគំរូ គំរូនៃការការនាំមុខ គំរូនៃការហាមប្រាម គំរូនៃការប្រើច្បាប់ គំរូនៃការអប់រំណែនាំបែបសីលធម៌ គុណធម៌ ហើយបើកជាចំហ មិនបិទបាំង មិនកាន់ជើងអ្នកដែលបង្កើតនូវការរើសអើង បង្កើតនូវការលាបពណ៌ អាហ្នឹងខ្ញុំថាជាការល្អ ព្រោះការរើសអើងហ្នឹងហើយ ធ្វើឲ្យវាមិនមែនជាសាមគ្គីភាព ។ អាពាក្យថាសាមគ្គី គឺវារួមផ្ដុំគ្នាដោយពហុគំនិត ហើយគំនិតណាដែលមានហេតុមានផល យើងយកជាប្រយោជន៍រួម ប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋ ហើយអាណាដែលមិនមែនជាគំនិតមានហេតុផល ជាគំនិតលាបពណ៌ គំនិតញុះញង់ គំនិតចោទប្រកាន់ គំនិតប្រជាភិថុតិ រើសអើងអីហ្នឹង គឺថាយើងកុំយកមកអនុវត្ត ហើយកុំទៅកាន់ជើងពួកអ្នកដែលមានរបៀបបំបែកបំបាក់ហ្នឹង គឺយើងឲ្យជាកំហុស ឲ្យជាការព្រមាន ឲ្យជាការផ្ដល់នូវទោសទណ្ឌបែបណាដែលគាត់ប្រព្រឹត្តប្រាសចាកពីសុចរិតភាព ប្រាសចាកពីតម្លាភាព ហើយរើសអើងនៅក្នុងសង្គមខ្មែរ ក្នុងនាមជាឈាមជាតិខ្មែរតែមួយ“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំថា អាវប្បធម៌បញ្ចប់ការរើសអើងនិន្នាការបក្សនយោបាយ ការលាបពណ៌ ការដែលធ្វើឲ្យមានចោទប្រកាន់ បំបែកបំបាក់ បំភិតបំភ័យ គំរាមកំហែង លើកម្ខាង ដាក់ម្ខាង ខ្ញុំថាជាការផ្ដើមចេញដោយភាពស្អាតស្អំ ភាពបរិសុទ្ធ សុចរិត សច្ចធម៌របស់អ្នកដឹកនាំហ្នឹងធ្វើជាគំរូ កុំឲ្យអ្នកដឹកនាំហ្នឹងនៅពីក្រោយដោយអំណាច សម្រាប់ទៅកាន់ជើងពួកដែលបង្ហាញនូវការរើសអើងនិន្នាការគណបក្សនយោបាយ ព្រោះយើងដឹងហើយ ការបែកបាក់ វាចេញពីការមិនមានសាមគ្គីភាពគ្នា ចេញពីការមិនយល់គ្នា មិនមានពហុគំនិតឲ្យគ្នា គិតថា មានតែក្រុមអញខ្លាំង ក្រុមអញទេដែលមានការមានការចេះដឹង ក្រុមឯងខ្សោយ ក្រុមឯងហ្នឹងគ្មានការចេះដឹងយល់អីទេ មិនបានកាន់អំណាចទេ អ៊ីចឹងអញមិនស្ដាប់ឯង ពួកឯងនិយាយឲ្យហេតុ ឲ្យផលរិះគន់ស្ថាបនា នៅតែពួកឯងហ្នឹងជាពួកឈ្នួនផ្ទុះ ជាពួកហិង្សានិយម ជាពួកមនោគមន៍វិជ្ជាជ្រុលនិយមអី យើងចែកគ្នាឲ្យដាច់ កុំឃើញអ្វីជាការដែលគេរិះគន់ស្ថាបនាដោយហេតុ ដោយផល យើងនៅតែងប់ងុល យើងនៅតែបំផ្លាញមនុស្ស ដោយការរើសអើងនិន្នាការបក្ស ទាល់តែបក្សអញ បានល្អ បក្សឯង មិនកើតទេ ត្រូវមកចូលជាមួយអញ បង្ខំគេដោយការគំរាមកំហែង បំភិតបំភ័យ បង្ខំគេដោយការទិញ ដោយការសូក ដោយការផ្ដល់នូវតំណែង តួនាទី ភារកិច្ច សម្ភារៈ គ្រួសារនិយម ឬក៏លាភសក្ការៈប្រភេទណា គឺថានេះជាការចាប់ផ្ដើមរបស់អ្នកដឹកនាំ ខ្ញុំថាវាមិនអាចឲ្យមានការបែកបាក់រើសអើងកាន់តែខ្លាំងទៅ គឺយើងយកអ្វីជាគោលធម៌ យកអ្វីជាធម្ម គឺនីតិរដ្ឋ ច្បាប់ ហើយយកគោលការណ៍ប្រជាធិបតេយ្យ យកការគោរពសិទ្ធិមនុស្ស និងសេរីភាព ដែលធានានិងការពារដោយរដ្ឋធម្មនុញ្ញ ជាពិសេសទស្សនៈព្រះពុទ្ធសាសនា“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ក្នុងនាមសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ខ្ញុំថា សីល សមាធិ បញ្ញា សច្ច ខន្តី កត្តញ្ញូ ក៏ដូចជាសីលប្រាំ ចៀសឲ្យបាននូវអំណាចងុបងល់ទាំង៣ហ្នឹង គឺលោភៈ ទោសៈ មោហៈហ្នឹង ខ្ញុំថាវាជារឿងល្អនៃទស្សនៈព្រះពុទ្ធ ទៅនឹងច្បាប់របស់រដ្ឋធម្មនុញ្ញ ដែលអនុលោមដោយសន្ធិសញ្ញាទីក្រុងប៉ារីស ខ្ញុំថាជាការចាប់ផ្ដើមរបស់ថ្នាក់ដឹកនាំ បង្ហាញជាគំរូ ហើយដាក់ពិន័យ អប់រំណែនាំ និងធ្វើជាច្បាប់ណាមួយ ដើម្បីកុំកាន់ជើងមនុស្សខូច កុំរុញច្រានឲ្យមនុស្សធ្វើខូច ដើម្បីកម្ទេចគេ ត្រួតត្រាបក្សខ្លួនឯង ក្រុមអញ ហើយគេសុទ្ធតែមានកំហុស ដោយការបង្កើតព្រឹត្តិការណ៍ធ្វើឲ្យមានការបែកបាក់ជាតិ រើសអើងនិន្នាការបក្ស អាងតែខ្លួនខ្លាំង ខ្លួនមានអំណាច ខ្លួនមានលុយ ខ្លួនសុទ្ធតែត្រូវទាំងអស់ អាហ្នឹងខ្ញុំថា រៀនចេញពីចិត្តបរិសុទ្ធរបស់ថ្នាក់ដឹកនាំ ហើយជាគំរូ ធ្វើអំពើល្អ ស្មោះត្រង់ សុចរិត កុំបង្កើតព្រឹត្តិការណ៍ទុច្ចរិតណាដើម្បីបំផ្លាញអ្នកដទៃឲ្យគេឈឺចាប់ អយុត្តិធម៌ ដែលគេមិនខុស ទៅជាខុស សទៅជាខ្មៅ ខ្មៅទៅជាស ល្អទៅជាអាក្រក់ អាក្រក់ទៅជាល្អ ខ្ញុំថា ជាការចាប់ផ្ដើមនៃអ្នកជំនាន់ថ្មីហ្នឹងទៅ ហើយសម្រាប់អ្នកនយោបាយផ្សេងៗ ឬក៏ប្រជាពលរដ្ឋផ្សេងៗទៀត គឺថាយើងត្រូវបង្ហាញនូវសេចក្ដីត្រូវណា សេចក្ដីល្អណាជាប្រយោជន៍ សេចក្ដីណាជាអពមង្គល សេចក្ដីណាជាសុភមង្គល សុខដុមរមនា សេចក្ដីណាជាចំណេះ ជាបញ្ញា ដែលអាចទទួលយកបានដោយសង្គមមួយរីកចម្រើន កសាងដោយបដិវត្តន៍ផ្នត់គំនិត គំនិតកែច្នៃ គិតថ្មី ធ្វើថ្មី ក្នុងអ្វីជាសីលធម៌ គុណធម៌ ខ្ញុំថាចេញពីខ្លួនឯងម្នាក់ៗជាខ្មែរ ចេញពីក្រុមគ្រួសារ ចេញពីសង្គមសាធារណៈ មិនថាសាលារៀន មិនថាក្រសួង ស្ថាប័ន ដែលមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធមានវិន័យ មានសណ្ដាប់ធ្នាប់ គោរពច្បាប់ ខ្ញុំថាល្អ ល្អក្នុងការរួបរួមឲ្យមានកម្លាំងជាតិខ្លាំងមួយ កសាងប្រទេសជាតិ ហើយទប់ទល់ ដើម្បីរក្សានូវអធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដី អព្យាក្រឹត្យ អាហ្នឹងហើយដែលធ្វើឲ្យខ្មែរខ្លាំង តែបើយើងនៅតែលាបពណ៌ យើងនៅតែគំនិតជ្រុលនិយម គំនិតហិង្សាណាដែលមាននិន្នាការនយោបាយរើសអើង ប្រជាភិថុតិ ហើយប្រើអំណាចហួសព្រំដែន គំរាមកំហែង បំភិតបំភ័យ ហ្នឹងគឺថា វាជាអំពើមួយដែលធ្វើឲ្យសង្គមកាន់តែទន់ខ្សោយ បែកបាក់កាន់តែខ្លាំង“ ។
ជុំវិញបញ្ហារើសអើង ដែលអ្នកនយោបាយប្រឆាំង លោកមាជ សុវណ្ណារ៉ា លើកឡើងខាងលើនេះ សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការរើសអើងកាន់តែខ្លាំង ធ្វើឲ្យលែងមានគំនិតជាជាតិមួយ ។ បើចង់មានគំនិតជាជាតិមួយ ត្រូវបញ្ឈប់ការរើសអើង ហើយធ្វើអី្វក៏ដោយ ត្រូវគិតជាជាតិខ្មែរ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “កាលណាមានការរើសអើង គឺយើងបន្ថយការរើសអើងគ្នា ឬក៏ឈប់រាប់អានគ្នា ព្រោះអាហ្នឹងហើយ ការរាប់អាន ការប្រើច្បាប់ គំរូនៃការអប់រំណែនាំបែបសីលធម៌ គុណធម៌នឹងគ្នាទៅវិញទៅមកហ្នឹង គឺមានការសាមគ្គីគ្នា សហការគ្នា ហើយនិងរស់នៅសុខដុមរមនាជាមួយគ្នា ។ និយាយទៅ តាមដែលខ្ញុំបានរៀននៅសាកលវិទ្យាល័យក្ដី ឬមួយវិទ្យាល័យក្ដី អ្វីដែលហៅថា គំនិតជាតិហ្នឹង បើប្រៀបធៀបខ្មែរយើង ប្រទេសមួយចំនួន ដូចជាអាមេរិក ដូចជាអូស្រ្តាលី ដូចជាកាណាដា ហ្នឹង គឺជនជាតិហ្នឹង ដល់បានឯករាជ្យ បានអីមក វាមានអាគំនិតរួមគ្នាថា យើងបានជាតិមួយ ជាប្រទេសមួយហើយ ជាជនជាតិមួយចម្រុះគ្នាអ៊ីចឹងទៅ ហើយបានរៀបចំស្ថាប័នគ្រប់គ្រងរដ្ឋ ដើម្បីរស់នៅសុខដុមរមនាជាមួយគ្នា មានសណ្ដាប់ធ្នាប់ សន្តិសុខ របៀបរៀបរយអ៊ីចឹងទៅ ហើយបើតាមខ្ញុំចាំ ដូចនៅសាំងហ្គាពួរ ទើបតែកើតសាមសែសិបឆ្នាំនេះទេ ប៉ុន្តែខ្ញុំដឹងថា គេខំប្រឹងប្រែងណាស់ គឺដើម្បីឲ្យទាំងអស់គ្នាហ្នឹង ទាំងជនជាតិចិន ក្ដី ជនជាតិក្លឹង្គ ក្ដី មានគំនិតជាពលរដ្ឋសិង្ហបុរី ហើយគេខំពង្រឹងឲ្យមានទំនាក់ទំនងជាងមួយគ្នា ព្រោះមានពូជសាសន៍ច្រើន ឲ្យល្អអ៊ីចឹងទៅ រួបរួមគ្នាទៅ ហើយគិតអី គេហៅថា សាំងហ្គាពួរ អ៊ីចឹងទៅ ។ ដូច្នេះបើយើងមានគំនិតជាជាតិមួយហ្នឹង យើងធ្វើអីក៏ដោយ យើងត្រូវគិតជាជាតិខ្មែរ គិតជាតិយើង ព្រោះអាហ្នឹងយើងត្រូវឲ្យមានការរៀនសូត្រខ្លះពីប្រវត្តិសាស្រ្ត អារ្យធម៌ វប្បធម៌ខ្មែរយើង ឲ្យពេញលេញជាគំនិតជាតិ ហើយនិងមានការរួបរួមគ្នាជាជាតិ កុំឲ្យមានការរើសអើងគ្នា អ្នកមាន អ្នកក្រអី គឺអត់ទេ ។ ខ្ញុំលើកឧទាហរណ៍មួយជាក់ស្ដែង ខ្ញុំទៅធ្វើការនៅកាណាដា ១ឆ្នាំ ខ្ញុំអត់បារម្ភថា ខ្ញុំជាបរទេសទេ ព្រោះអីទាំងអស់គ្នារាប់អានដូចគ្នាអ៊ីចឹង ព្រោះមានជនជាតិច្រើនណាស់ ទាំងជនជាតិអាស៊ីយើង មានខ្មែរ មានចិន មានឥណ្ឌា មានអាហ្វ្រិក មានអីអ៊ីចឹងទៅ គឺទាំងអស់គ្នា គេគិតជាតិជាជនជាតិកាណាដា ។ ឯយើងនេះ ក៏គួរបណ្ដុះបណ្ដាលទុកជាជាតិខ្មែរ រឿងទាស់ទែងអីក៏ដោយ ព្រោះជាខ្មែរដូចគ្នាទេ សូម្បីតែប៉ុល ពត ក៏ជាខ្មែរដែរ ឧក្រិដ្ឋជនក៏ដោយ យើងត្រូវចាត់ទុកថា ប៉ុល ពត ក៏ជាខ្មែរដែរ“ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ការរើសអើងនិន្នាការនយោបាយហ្នឹង ធ្វើឲ្យលែងរាប់អានគ្នាដូចមុន ដូចកាលអត់ទាន់មាននិន្នាការនយោបាយ ព្រោះខ្ញុំឃើញច្បាស់ ខ្ញុំជួប គឺអ្នកខ្លះហ្នឹង ធ្វើការជាមួយគ្នារាប់ឆ្នាំ បាយទឹកជាមួយគ្នា នៅផ្ទះជាមួយគ្នា តែដល់គេបានធំទៅ ចូលគណបក្សប្រជាជន អីទៅ ពេលទៅប្រជុំជួបគ្នា គេធ្វើធ្មឹង ខ្លះគេដើរចៀស ។ អាហ្នឹងអ៊ីចឹងហើយ ដោយសារគិតរឿងនិន្នាការនយោបាយ ធ្វើឲ្យមានការរើសអើង ហើយរើសអើងមួយទៀត រើសអើងទៅដល់ផ្នែកឯកជន ខ្លះមិនជួលផ្ទះឲ្យធ្វើជាស្នាក់ការ ឬអីទេ ។ អ៊ីចឹងបានជាក្នុងរដ្ឋធម្មនុញ្ញ អត់ឲ្យមានរើសអើងទេ តាំងពីទ្រព្យសម្បត្តិ តាំងពីពូជសាសន៍ តាំងពីស្អីៗ ។ ដូច្នេះជារួម ដើម្បីកុំឲ្យរើសអើង ជាពិសេសរើសអើងនយោបាយ យើងត្រូវមើលរដ្ឋធម្មនុញ្ញយើង ដែលជាច្បាប់កំពូលរបស់យើង ឲ្យបានយល់ដឹង ហើយអនុវត្តតាមខ្លះៗទៅ ដូចខ្ញុំលើកមិញថា អត់មានការរើសអើងអីហ្នឹង ការរស់នៅហ្នឹង គឺមានចែងក្នុងរដ្ឋធម្មនុញ្ញយើង ហើយបើមានទំនាស់អីៗហ្នឹង យើងត្រូវដោះស្រាយ កុំរើសអើង ហើយអ្នកមាន អ្នកក្រអី ធ្វើបុណ្យទានជាមួយគ្នាអ៊ីចឹងទៅ…” ។
ស្របគ្នានេះដែរ លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីការអភិវឌ្ឍ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការរើសអើងនយោបាយ កាន់តែធ្ងន់ ជាតិបែកបាក់កាន់តែខ្លាំង។ ប៉ុន្តែបើការរើសអើងលើធនធានមនុស្ស មិនថាអ្នកមាន អ្នកក្រ បញ្ញវន្ត ជនសាមញ្ញ អ្នកបួស រាស្រ្ត មន្រ្តី វានឹងធ្វើឲ្យសង្គមមួយនេះ គ្មានថ្ងៃដើរទាន់គេជិតខាងឡើយ ។
លោកបណ្ឌិត មាស នី បានមានប្រសាសន៍ថា “បាទ! យើងប្រៀបធៀបមួយទាក់ទងទៅនឹងរឿងការរើសអើងនយោបាយ តាមពិតការធ្វើនយោបាយ វាជាសិទ្ធិរបស់ពលរដ្ឋក្នុងប្រទេសមួយ ជាសិទ្ធិស្របច្បាប់ ហើយនៅក្រោមរដ្ឋធម្មនុញ្ញ ពិសេសដូចប្រទេសយើងអ៊ីចឹង ។ ក៏ប៉ុន្តែការប្រកួតប្រជែងនយោបាយ ក៏វាជារឿងមូយ ដែលគេគិតថា ការប្រកួតប្រជែង គឺប្រកួតប្រជែងដើម្បីប្រយោជន៍ជាតិទាំងអស់គ្នា ក៏ប៉ុន្តែបើយើងប្រកួតប្រជែងគ្នាតាមបែបរើសអើង ព្រោះការប្រកួតប្រជែងគ្នាតាមបែបរើសអើង វាខុសពីការប្រកួតប្រជែងដើម្បីជាតិ ។ បានន័យថា ម្នាក់ៗយកប្រទេស មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ហើយមិនឲ្យអ្នកណាប៉ះពាល់ ។ អាហ្នឹងវាជារឿងមួយ កាលណាតែមានបញ្ហាហ្នឹង ការរើសអើងនយោបាយហ្នឹង គឺមានហើយ បានន័យថា មានពួកអញ មានពួកគេ មិនមែនជាការធ្វើនយោបាយ ដើម្បីយើងទាំងអស់គ្នា ។ អានេះជារឿងមួយ ហើយបើសិនជាយើងមើលទៅលើការទាក់ទិននឹងការរើសអើងធនធានមនុស្សវិញនេះ រាល់ថ្ងៃនេះ ធនធានមនុស្សនៅស្រុកយើង យើងប្រើអត់ទាន់អស់ទេ អាហ្នឹងក្រៅពីយើងផលិតធនធានមនុស្ស មិនទាន់មានគុណភាព ។ យើងដឹងហើយថា ប្រទេសកម្ពុជា ជាប្រទេសខាងក្រោមគេ រាប់ពីក្រោមទៅ ទី២ ដែលអាចមានលទ្ធភាពបញ្ជូននិស្សិតយើងទៅរៀននៅបរទេសហ្នឹងបានតិចជាងគេ នៅក្នុងតំបន់អាស៊ាន ។ មួយផ្នែក មិនមែនដោយសារពលរដ្ឋយើងតិចទេ សាំងហ្គាពួរ គេតិចជាងយើង ប៉ុន្តែគេបញ្ជូនមនុស្សបានទៅច្រើនជាងគេ ។ អ៊ីចឹងរឿងដែលសំខាន់នោះ គឺការផលិតធនធានមនុស្សរបស់យើង សូម្បីតែការផលិតឲ្យទាន់គេ សម្រាប់យកមនុស្សដើម្បីរៀនបន្តនៅស្រុកគេហ្នឹង ក៏យើងនៅក្រោមគេដែរ ហើយបើយើងមើលពីការរើសអើងធនធានមនុស្សវិញ អាហ្នឹងនៅក្នុងប្រទេសយើង គឺវាមានបញ្ហាធំណាស់ ក្នុងការប្រើប្រាស់ធនធានមនុស្ស អាក្រៅពីរឿងបើមិនមែនអញ មិនមែនក្រុមអញ បានអាចចូលទៅធ្វើការបាន អាហ្នឹងវាគឺជារឿងមួយ ។ ទី២ទៀត យើងឃើញរាល់ថ្ងៃនេះ គណបក្សនយោបាយហ្នឹង ក៏មានការរើសអើងធនធានមនុស្សហ្នឹងដែរ ។ យើងឃើញហើយ កាលណាអ្នកណាមិនត្រូវនឹងនិន្នាការនយោបាយណាមួយហ្នឹង អ្នកហ្នឹងឯងច្រើនតែត្រូវបានគេរិះគន់ គេចោទប្រកាន់ថា អ្នកហ្នឹងឯងនៅក្នុងបក្សម្ខាងទៀត ឬបក្សប្រឆាំងអ៊ីចឹង អានេះជាការរើសអើងទី២ ។ រើសអើងទី៣ ខ្ញុំមើលទៅឃើញវាមិនមែនជាចេតនាទេ ក៏ប៉ុន្តែជួនកាលវាអាចជាកំហុស ឬក៏ជាចំណុចខ្សោយអចេតនា ។ ឧទាហរណ៍ថា សិស្សថ្នាក់ទី១២ ដែលប្រឡងធ្លាក់ មានចំនួន ៣០% ឬ២៥% អ៊ីចឹងទៅ ឬមួយក៏សិស្សដែលត្រូវត្រៀមប្រលងចូលថ្នាក់ទី២ ប្រមាណជា ៣០០០នាក់ នៅឆ្នាំប្រលងហើយ គាត់មិនបានមកប្រលង ។ ទាំងអស់ហ្នឹង គឺមិនមានអ្នកណាធ្វើការសិក្សាអីមួយឲ្យបានស៊ីជម្រៅថា វាមានមូលហេតុអីនៅពីក្រោយហ្នឹង ដើម្បីយើងរកមធ្យោបាយដោះស្រាយ ហើយនិងទាញមនុស្សហ្នឹងឲ្យចូលមកក្នុងគន្លងមួយដែលយើងអាចផលិតមនុស្សហ្នឹងតទៅទៀត អត់មានទេ យើងចេះតែរស់នៅបន្តអ៊ីចឹងទៅ អត់មានបានគិតគូរពីរឿងយកអាហ្នឹងមកពិនិត្យមើល ។ អាហ្នឹងក៏ខ្ញុំមានន័យថាជាការរើសអើងមួយ បានន័យថា យើងមិនខ្វល់ យើងយកតែអ្នកណាអ្នកជាប់ យកតែអ្នកណាដែលល្អ ប៉ុន្តែអ្នកដែលគ្នាមិនជាប់ អ្នកដែលគ្នាមិនអាចតោងបាន គឺយើងបោះបង់ចោល ។ អាហ្នឹងទុកឲ្យរស់នៅតាមដំណើរទៅ អ្នកណាចេញទៅរស់នៅក្រៅប្រទេសបាន ទៅថៃ ទៅអីបាន ក៏ទៅៗ អាហ្នឹងសម្រាប់ខ្ញុំ គឺខ្ញុំយល់ឃើញថាជាការរើសអើង ដែលយើងមិនខ្វល់ ។ សំណួរថា អ្នកណាដែលត្រូវគិតគូររឿងហ្នឹង គឺអាហ្នឹងជាកិច្ចការកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលហើយ»។
លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តថា “នៅក្នុងប្រទេសមួយដែលជឿនលឿន គេត្រូវគិតអំពីធនធានមនុស្សជារឿងសំខាន់ ។ ការផលិតធនធានមនុស្ស មិនថាអ្នកហ្នឹងឯងជាអ្នកក្រ អ្នកមាន ឬក៏ធំ កូនអ្នកធំ កូនអ្នកតូចអីទេ គឺគេចាត់ទុកថា វាជាសក្ដានុពលទូទៅ ដែលត្រូវតែផ្ដល់ឱកាសឲ្យបានស្មើគ្នានៅក្នុងការរៀនសូត្រអ៊ីចឹង ហើយនិងមួយទៀត គឺការយកមកប្រើ កុំឲ្យវាមានតែក្រុមណាមួយ ដែលអាចមានលទ្ធភាពក្នុងការទៅបម្រើរដ្ឋ ប៉ុន្តែក្រុមមួយទៀតមិនអាចទៅបានអីហ្នឹង អាហ្នឹងគឺសុទ្ធតែជាការរើសអើងធនធានមនុស្ស ហើយនៅស្រុកយើងនេះ ខ្ញុំមើលទៅការប្រើប្រាស់ធនធាននៅស្រុកយើងខ្វះខាតឆ្ងាយណាស់ ។ អ៊ីចឹងហើយបានយើងដើរមិនទាន់គេនោះ គុណភាពមិនសូវមានហើយ យើងប្រើមនុស្សអត់អស់ ។ មែនទែនទៅ ការរើសអើង ហើយនិងការមិនផ្ដល់ឱកាស គឺមានទៅជាមួយគ្នា ។ មួយផ្នែក មិនផ្ដល់ឱកាស ដោយសារតែការរើសអើងហ្នឹងឯង ហើយការទុកចោល ដោយមិនខ្វល់ហ្នឹង ក៏ជាការរើសអើង ។ អ៊ីចឹងបានន័យថា រើសអើងរវាងរដ្ឋហើយនិងរាស្រ្តហើយ ។ ហើយដូចខ្ញុំលើកឡើងមិញហ្នឹង បើយើងលើកឧទាហរណ៍ខ្លីមួយ ដូចជាសិស្សទី១២ ដែលគាត់ប្រលងធ្លាក់ ឬគាត់មិនបានមកប្រលង វាត្រូវតែមានការសិក្សាមួយភ្លាម ថាតើវាមូលហេតុអី? ហើយត្រូវតែមានគោលនយោបាយសមស្រប ដើម្បីឆ្លើយតប មិនមែនចេះតែនាំគ្នាស្ងាត់ៗទៅអ៊ីចឹងទេ“ ។
ជាមួយគ្នានោះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែរថា ការរើសអើងនេះ វាជាជំងឺមហារីកសង្គមមួយ ដែលយើងមើលឃើញ ហើយវាមានតែបង្កើតឲ្យមានការឈឺចាប់ឥតឈប់ឈរ ទៅដល់ភាគីដែលពាក់ព័ន្ធ ជាពិសេសគឺក្រុមជនដែលងាយរងគ្រោះ ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ការពិតទៅ យើងបានដឹងហើយថា ការរើសអើងនេះ វាជាជំងឺមហារីកសង្គមមួយ ដែលយើងមើលឃើញ ហើយវាមានតែបង្កើតឲ្យមានការឈឺចាប់ឥតឈប់ឈរ ទៅដល់ភាគីដែលពាក់ព័ន្ធ ជាពិសេសគឺក្រុមជនដែលងាយរងគ្រោះ ដោយសារតែទង្វើនៃការរើសអើង វាបានបង្ហាញឲ្យឃើញច្បាស់អំពីការបែងចែកវណ្ណៈ ហើយនិងការបង្កើតក្រុមបក្ខពួក ខុសពីគោលការណ៍នីតិរដ្ឋ ឬក៏អ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយកាលណាមនុស្សមានការរើសអើងកាន់តែខ្លាំង ការបែកបាក់នេះ វានឹងបង្កើតការឈឺចាប់កាន់តែខ្លាំងដូចគ្នា ហើយវានឹងអាចឈានឲ្យមានការប្រើប្រាស់ហិង្សាតាមគ្រប់រូបភាពទាំងអស់ ហើយបញ្ហាទាំងអស់នេះ វានឹងឲ្យសង្គមរបស់យើងបែកបាក់ ហើយនិងធ្វើឲ្យសង្គមរបស់យើង ក្លាយទៅជាសង្គមមួយដែលស្ថិតនៅក្នុងរូបភាពអវិជ្ជមាន ដែលសាធារណជន ជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកដែលបានមើលឃើញ នឹងធ្វើការវាយតម្លៃអវិជ្ជមានកាន់តែខ្លាំង ចំពោះរបៀបការងារនៃការដឹកនាំនិងការចាត់ចែងរដ្ឋរបស់មេដឹកនាំដែលកំពុងតែទទួលភាពជាអ្នកកាន់កិច្ចការសង្គម ដឹកនាំក្នុងនាមជាអាណាព្យាបាលសង្គម និងប្រជាពលរដ្ឋរបស់យើង ។ នេះគឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលមិនគួរកើតមាននៅក្នុងបរិបទមួយដែលអះអាងស្ថិតនៅក្រោមបរិបទសន្តិភាព ហើយនិងនីតីរដ្ឋឡើយ ។ នៅក្នុងវិធីសាស្រ្តដែលយើងអាចលើកឡើងទៅដល់របៀបនៃការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការរើសអើងនេះ ទី១ គឺខ្ញុំមើលសំខាន់ទៅលើភាពជាអ្នកដឹកនាំនៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តើគាត់មានគំនិតជាតិនិយម គាត់មានគំនិតប្រជាធិបតេយ្យ គាត់មានគំនិតដែលអភិវឌ្ឍខ្លួនឲ្យស្របទៅនឹងទិដ្ឋភាពច្បាប់ នីតិរដ្ឋ ហើយមិនធ្វើខ្លួនជាបុគ្គលម្នាក់ដែលបំផ្លាញឫសគល់នៃយុត្តិធម៌សង្គមដែរឬយ៉ាងណា? អាហ្នឹងគឺជាចេតនា ឬក៏ជាបេះដូង និងឆន្ទៈរបស់មេដឹកនាំ បើសិនជាពួកគេទម្លាក់ចោលនូវរាល់សកម្មភាព និងអំពើហិង្សាទាំងផ្លូវកាយ ផ្លូវចិត្ត វាចាអីទាំងអស់ហ្នឹង ខ្ញុំគិតថា វាជាជម្រើសមួយដែលអាចធ្វើឲ្យបញ្ហាទាំងអស់អាចនឹងត្រូវបានបញ្ចប់នៅក្នុងបរិបទដែលប្រទេសមួយមិនចង់ឃើញ ឬមិនចង់ឲ្យកើតមាននូវរាល់ការរើសអើងតាមគ្រប់ទម្រង់ទាំងអស់ ។ ទី២ គឺយើងមើលទៅលើរបៀបនៃការគ្រប់គ្រងនិងការចាត់ចែងរដ្ឋតាមរយៈការអនុវត្តច្បាប់ តើការអនុវត្តច្បាប់វាស្របទៅតាមស្ដង់ដាររួម ដោយមិនមានការបែងចែក មានការរើសអើងក្រុមនិងបក្ខពួកដែរឬយ៉ាងណា? បើសិនជាក្នុងករណីការអនុវត្តច្បាប់ ការអនុវត្តការងារនៅក្នុងសង្គមមិនមានតម្លាភាព មិនមានយុត្តិធម៌ វានឹងធ្វើឲ្យការបែកបាក់សង្គមកាន់តែខ្លាំង“ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះដើម្បីផ្សះផ្សាហ្នឹង គឺរដ្ឋត្រូវតែប្រកាន់នូវគោលការណ៍មួយអនុវត្តឲ្យបាននូវការរៀបចំខ្លួនឲ្យក្លាយទៅជាសង្គម ឬក៏ប្រទេសមួយ ដែលគ្រប់គ្នាស្មើភាពគ្នាចំពោះមុខច្បាប់ ហើយនិងគ្មានការរើសអើងតាមគ្រប់រូបភាពទាំងអស់ ។ ហើយទី៣ គឺការទម្លាក់ចោលនូវរាល់ភាពអវិជ្ជមាន ដោយចាប់យកនូវការជជែក ការតស៊ូមតិតាមបែបអហិង្សានៅក្នុងសង្គម ហើយលើកយកបញ្ហាទាំងអស់ ដោះស្រាយតាមមធ្យោបាយវិជ្ជមាន ដូចជាការលើកបញ្ហាដាក់លើតុ ស្វែងរកដំណោះស្រាយរួម ការតស៊ូមតិតាមការប្រើប្រាស់នូវគោលនយោបាយអភិវឌ្ឍសង្គម និងផ្ដួចផ្ដើមឲ្យមានភាពល្អប្រសើរឡើងនៅក្នុងការអនុវត្តច្បាប់របស់យើងប្រកបដោយតម្លាភាព យុត្តិធម៌ និងគ្មានភាពលម្អៀងទៅលើក្រុម ឬបក្ខពួកណាមួយ ។ ហើយនិងចុងក្រោយ គឺការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងនាមជាម្ចាស់អំណាច ម្ចាស់ប្រទេស តើគួរបណ្ដែតបណ្ដោយឲ្យអ្នកធ្វើនយោបាយរៀបចំខ្លួន ធ្វើខ្លួនទៅជាម្ចាស់អំណាចផ្ដាច់មុខ ដោយមិនខ្វល់អំពីភាពអនាធិបតេយ្យ និងភាពច្របូកច្របល់នៅក្នុងសង្គមរបស់យើងឬក៏យ៉ាងណា? ដូច្នេះតាមរយៈការសម្រេចចិត្តដ៏មោះមុត ហើយនិងប្រកបទៅដោយការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត គឺជាមធ្យោបាយមួយដ៏ល្អ ដែលអាចជួយបញ្ចៀសនូវរាល់បញ្ហា ការរើសអើង ឬក៏ការយកគ្នាជាសត្រូវនៅក្នុងរដ្ឋរបស់យើង ។ ដូច្នេះអ្នកដឹកនាំដែលមិនមានគោលដៅ ឬគោលបំណងនៅក្នុងការស្ដារសង្គមឲ្យមានភាពត្រឹមត្រូវ និងគ្មានការរើសអើង ហើយម្ចាស់អំណាច មិនមានយកចិត្តទុកដាក់ ឬក៏បណ្ដែតបណ្ដោយឲ្យគេធ្វើទៅតាមអំពើចិត្ត នោះវាគឺជាកំហុសមួយរបស់ម្ចាស់អំណាចដូចគ្នា ។ ដូច្នេះកត្តាដែលសំខាន់ គឺពេលវេលាដែលត្រូវបានរៀបចំតាមរយៈការបោះឆ្នោត រៀងរាល់៥ឆ្នាំម្ដង នៅក្នុងការរើសមេដឹកនាំ ។ បើសិនជារើសត្រូវ អ្វីៗវានឹងមានការប្រែប្រួល ហើយក៏មិនបណ្ដែតបណ្ដោយឲ្យអ្នកនយោបាយមានភាពរឹងត្អឹងនៅក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ធ្វើឲ្យសង្គមក្លាយទៅជាប្រទេសដែលមាននីតិរដ្ឋនោះឡើយ“ ៕