ខេត្តសៀមរាប ៖ តាមប្រភពក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកព្រាន ជ្រូក ជាអតីទអ្នកបួសម្នាក់ រស់នៅភូមិត្នោតជ្រំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរ ជំនាន់ក្រោយ ឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះ ឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។
អន្ទិត ព្រាន ជ្រូក អាយុ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹត ក្នុងពេលដែលរូបលោកបានបួសរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹត ដល់យុវជន យុវតី នៅក្នុងភូមិ ដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនិងស្គាល់ពីតម្លៃរបស់សាស្ត្រាស្លឹករឹត ដែលបុព្វបុរសខ្មែរ បានប្រើប្រាស់ ចារជាគម្ពីរប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗ ជាច្រើន ជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹត ដល់យុវជនខ្មែរជំនាន់ក្រោយ ឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹត បានបាត់បង់ទៅ ស្ទើរតែទាំងស្រុង នៅក្នុងសង្គមខ្មែរសម័យថ្មី។
លោកព្រាន ជ្រូក បញ្ជាក់ថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រ លាញ់និងផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ដូច្នេះអ្នកដែលចង់សិក្សារៀនសូត្រ ជំនាញចារសាស្ត្រាស្លឹករឹត ទាល់តែមានចិត្តស្រលាញ់ ចង់ចេះចង់ដឹងច្បាស់លាស់ ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះ មានយុវតីនិងយុវជន ចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍នឹងជំនាញចារសាស្ត្រាស្លឹករឹតនេះ នៅក្នុងចំណោមយុវជនជាច្រើន។ នៅក្នុងភូមិត្នោតជ្រំ ក៏មានអ្នកចេះចារសាស្ត្រាស្លឹករឹត ២ទៅ៣នាក់ដែរ ហើយសុទ្ធតែអ្នកធ្លាប់បួស រៀននៅវត្តដូចគ្នា៕ ខៀវទុំ