ភ្នំពេញ ៖ បុរសម្នាក់មួយថ្ងៃៗគិតតែដើរ លេងផឹកស៊ី វក់នឹងល្បែងស៊ីសង មិនខ្វល់ពីរឿងរកការងារធ្វើសោះ និងថែមទាំងបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ ព្រមទាំងធ្វើបាបចិត្តម្តាយឱ្យរីងរៃទៀតផង លុះម្តាយទ្រាំមិន បានស្តីបន្ទោស២-៣មាត់ ស្រាប់តែកូនប្រុស ចិត្តខ្លាំង បែរជាសម្រេចចិត្តចងកបញ្ចប់ជីវិត ដោយបន្សល់ទុកនូវសំបុត្រសាស័ព្ទពីកំហុសឆ្គង របស់ខ្លួនទុកជូនម្តាយ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ ទំនេរមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ។
បុរសចិត្តខ្លាំងគំនិតខ្លី ដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះប៉ាត់ រតនា ហៅអាវ៉ា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុក កំណើតនៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ មានម្តាយឈ្មោះប៉ាត់ វាសនា អាយុ៤៨ឆ្នាំ មុខរបរសិល្បករផ្នែក ល្ខោនបាសាក់ និងជាអ្នកលក់ខោអាវ នៅផ្សារ ស្ទឹងមានជ័យ សព្វថ្ងៃស្នាក់នៅផ្ទះលេខ ១២ព ស្ថិតក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ ថា កូនប្រុសម្នាក់នេះ (ជនរងគ្រោះ) គឺជា កូនច្បងក្នុងចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៣) ហើយគាត់ជាស្ត្រីមេម៉ាយ តែប្រឹងពុះពារចិញ្ចឹមកូន និងអប់រំទូន្មាន ឱ្យកូនដើរផ្លូវល្អ រកការងារធ្វើ តែកូនប្រុសម្នាក់នេះ មិនព្រម ដើររកការងារអ្វីធ្វើសោះ គិតតែដើរលេងឥត ប្រយោជន៍ វក់លេងល្បែងស៊ីសង មិនចូលផ្ទះ និងធ្លាប់យកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់យក លុយទៅលេងល្បែងចាញ់អស់គ្មានសល់ ហើយ ទោះជាគាត់ប្រឹងស្តីប្រដៅយ៉ាងណាក៏កូនប្រុស នេះមិនព្រមស្តាប់សោះ។
ស្ត្រីជាម្តាយ បានបន្តថា នៅមុនពេល កើតហេតុ កាលពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៧ កូនប្រុសនេះ ទើបនឹងត្រឡប់មកពី ផឹកស៊ីវិញ ទើបគាត់ជាម្តាយបានហៅមកសួរ នាំរឿងទ្រព្យរបស់នៅក្នុងផ្ទះ ដែលកូនប្រុស នេះយកចេញទៅលក់ដូរ ដោយគ្មានប្រាប់អ្នក ណាមួយម៉ាត់ ហើយគាត់ក៏ស្តីបន្ទោសកូនប្រុស នោះ២-៣ម៉ាត់ ស្រាប់តែកូនប្រុសបានតបមក គាត់ជាម្តាយវិញថា “ស្តីបន្ទោសឱ្យហើយទៅ”។ បន្ទាប់មក នៅវេលាម៉ោងប្រមាណ៨យប់ កូន ប្រុសនេះ ក៏បានដើរចេញពីផ្ទះបាត់ទៅ និងមិន ឃើញត្រឡប់មកដេកវិញសោះ ចំណែកគាត់ក៏ មិនចាប់អារម្មណ៍អ្វីដែរ។ ស្រាប់តែមកដល់ វេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏មានអ្នកភូមិបានរត់មកប្រាប់ គាត់ថា ប្រទះឃើញកូនប្រុសគាត់ចងកស្លាប់ នៅលើដើមក្រខុប ក្នុងដីឡូត៍ចម្ងាយពីផ្ទះគាត់ ប្រមាណ៥០០ម៉ែត្រ ទើបគាត់ប្រញាប់រត់ទៅ មើល ក៏ប្រទះឃើញកូនប្រុសបានស្លាប់បាត់ទ ហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន។ ជាមួយនេះ សមត្ថកិច្ចបានរកឃើញ សំបុត្រមួយច្បាប់ដែលជនរងគ្រោះបានសរសេរ ទុកផ្ញើជូនម្តាយ ដោយក្នុងខ្លឹមសារសំបុត្រ បាន រៀបរាប់អំពីកំហុសឆ្គងរបស់ខ្លួនទៀតផង។
សំបុត្របណ្តាំរបស់ជនរងគ្រោះមានខ្លឹមសារទាំងស្រុងថា “សំបុត្រសុំទោសម៉ាក់ ម៉ាក់ កូនលាហើយ កូនសុំទោសនេះជាលើកចុងក្រោយ ហើយដែលកូនមានកំហុស លួចលុយម៉ាក់ សូម ម៉ាក់អធ្យា-ស្រ័យ លើកលែងទោសឱ្យកូនផង បើមានជាតិក្រោយមែន កូនសូមសងគុណម៉ាក់ វិញ ហើយកូននឹងឈប់មានគំនិតថោកទាបនេះ តទៅទៀតហើយ។ ចាប់ពីថ្ងៃនេះទៅ កូនសង្ឃឹម ថា ម៉ាក់មិនខឹងនឹងកូនទេ។ ជាចុងក្រោយនេះ ឱ្យកូនសុំទោស ហើយកូនឈប់លេងល្បែងទៀត ហើយកូនដឹងខ្លួនហើយ សុំម៉ាក់កុំឡូឡា ហើយ ចាត់ទុកថាអត់មានកូនម្នាក់នេះចុះ! កូនសុំលា ម៉ាក់រហូតហើយពីខ្ញុំកូនដែលអត់បានការ ហើយ ក៏ជាកូនដែលអភ័ព្វរបស់ម៉ាក់”។
ដោយឡែក នៅលើទំព័រហ្វេសប៊ុករបស់ ជនរងគ្រោះ ក៏បានបន្សល់ទុកនូវសំណេរប៉ុន្មាន ឃ្លាផងដែរ មុនពេលដែលជនរងគ្រោះសម្រេច ចិត្តចងកបញ្ចប់ជីវិត ដែលសំណេរទាំងនោះ មានខ្លឹមសារថា “RIP វាជិតដល់ពេលសម្រាប់ ខ្ញុំហើយ ថ្ងៃណាមួយអ្នកគ្រប់គ្នានឹងយល់ពីអារម្មណ៍របស់ខ្ញុំ នៅពេលណាមួយ ពេលវេលា មកដល់ អ្នកនឹងដឹងច្បាស់ថា អ្វីទៅសំខាន់ជាង លុយដែលអ្នកខំកេងទុក ហើយអ្វីដែលខ្ញុំអាច ធ្វើបាននោះ គឺឱ្យសំណងនោះទៅលោកទាំងអស់ ក្រុមគ្រួសារទាំងអស់មិនបាច់ចំណាយមួយ រៀលណាឡើយ សម្រាប់ធ្វើឱ្យខ្ញុំ”។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី៕