Thursday, January 23, 2025
Homeព័ត៌មានជាតិមិនចុះចូល ចាប់ខ្លួន បក្សកាន់អំណាចថា ជាការមួលបង្កាច់ គ្មានករណីនេះទេ

មិនចុះចូល ចាប់ខ្លួន បក្សកាន់អំណាចថា ជាការមួលបង្កាច់ គ្មានករណីនេះទេ

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មឆ្លើយតបទៅនឹងការចោទប្រកាន់ថា បានចាប់ខ្លួនសកម្មជនបក្សប្រឆាំង ដែលមិនព្រមចុះចូលជាមួយ ។ បក្សកាន់អំណាច បញ្ជាក់ថា ការចោទប្រកាន់ថា មិនចុះចូល ចាប់ខ្លួននេះ ជាការមួលបង្កាច់ទាំងស្រុង គឺគ្មានករណីនេះទេ ។ ជាមួយគ្នានេះ បក្សកាន់អំណាច បានបញ្ជាក់ថា យុទ្ធសាស្ត្ររបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺឯកោទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដោយជូនតាមសំណូមពររបស់ទណ្ឌិតក្បត់ជាតិ ៣ជំនាន់នេះ ដែលថា «មានស៊ី អត់សែន មានសែន អត់ស៊ី»  គឺឥឡូវនេះ នៅកម្ពុជា ក្រោមដំបូលសន្តិភាព គឺ «មានសែន អត់ស៊ី» មែន ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” ស្ដីពី «ពីនេះពីនោះពាក់ព័ន្ធកម្ពុជា» នៅថ្ងៃទី១៩ ខែកុមុ្ភៈ ឆ្នាំ២០២៤ ថា ៖

១- យុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន គឺឯកោទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = ជូនតាមសំណូមពររបស់ទណ្ឌិត មានស៊ី អត់សែន មានសែន អត់ស៊ី?

២- គណបក្សប្រជាជនកម្ពុជា ប្រើច្បាប់ ដើម្បីសម្រេចកិច្ចការប្រទេសជាតិ = នេះហើយហៅថានីតិរដ្ឋ។

៣- ដោយសារគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយសុខដុមនីយកម្មសង្គម = ទើបទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ត្រូវឯកោ។

៤- ចលនានយោបាយជាឧទ្ទាមក្រៅច្បាប់ = ធ្វើឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ឯកោនិងដួលរលំទាំងស្រុង។

៥- មិនដែលមានករណីបើមិនចូលរួមជាមួយ នឹងត្រូវចាប់ខ្លួនទេ = នេះជាការនិយាយមួលបង្កាច់ ផ្ទុយពីការពិត?

៦- ចោទថាសមត្ថកិច្ចកម្ពុជា ទៅចាប់ខ្លួនខ្មែរប្រឆាំង នៅក្នុងទឹកដីថៃ ម៉ាឡេ ឬនៅប្រទេសដទៃ = មិនមានករណីចាប់ខ្លួនខ្មែរប្រឆាំង ក្នុងទឹកដីបរទេសទេ ព្រោះគឺជាការរំលោភដែនអធិបតេយ្យរបស់ប្រទេសគេ។ បើមានដូចចោទមែន អាជ្ញាធរគេនឹងមានប្រតិកម្មជាមិនខាន?

៧- បើមានការចាប់ខ្លួនខ្មែរ នៅក្រៅប្រទេស = គឺធ្វើដោយសមត្ថកិច្ចប្រទេសសាមី លើអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់គេតែប៉ុណ្ណោះ?

៨- បញ្ហាផ្ទៃក្នុងរបស់ស៊ីភីភី ដំណើរការដោយរលូន និងប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ = ឯការបែកបាក់ ឮតែក្រុមឧទ្ទាមក្រៅច្បាប់ និយាយបំប៉ោងតាមប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាប៉ុណ្ណោះ ចំណែកខាងក្រុមឧទ្ទាមក្រៅច្បាប់ បែកបាក់ខ្ទេចខ្ទី ពួកវាមិនដែលនិយាយទេ តែយ៉ាងណា លាក់មិនជិតទេ?

៩- ការដាក់រូបឥស្សរជនដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា = ទោះបីក្រុមឧទ្ទាមក្រៅច្បាប់ ឈឺក្បាលវិលមុខយ៉ាងណា ក៏ឥតប្រយោជន៍ដែរ?

១០- ការនិយាយមួលបង្កាច់ការពិតពីគណបក្សប្រជាជនកម្ពុជា = កើតចេញពីការច្រណែនឈ្នានីស និងពីភាពបរាជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ …។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្នុងចំណោមអ្នកដែលចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ៩លាន ៧សែននាក់ សមាជិក សមាជិកាគណបក្សប្រជាជន មានរហូតទៅដល់៧លាន ៣សែននាក់រួចទៅហើយ ដូច្នេះគណបក្សប្រជាជនកម្ពុជា គ្មានចាំបាច់អីទៅដើរសម្លុតគំរាមកំហែងអ្នកដទៃ ឲ្យមកចុះចូលជាមួយទេ ។ ចំណែក «មានសែន អត់ស៊ី» វាជានយោបាយ ឬជាទិសស្លោករបស់ទណ្ឌិតសម រង្ស៊ី ។ ឥឡូវនេះការពិតគឺ «មានសែន អត់ស៊ី»  មែន ព្រោះស៊ី រត់ចោលស្រុកបាត់ហើយ ទោះបីរស់នៅថ្លៃថ្នូរក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ យ៉ាងណាក៏ដោយ ក៏វាឆ្លុះបញ្ចាំងថា រចនាសម្ព័ន្ធរបស់អតីតបក្សប្រឆាំង រលាយទៅហើយ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “វាមានបញ្ហាពីរ ។ បញ្ហាទី១ គឺសកម្មជនបក្សប្រឆាំង នៅក្នុងប្រទេស ។ អាហ្នឹងបើសិនណាជាមានការចាប់ខ្លួន ដោយប្រការណាមួយ វាសុទ្ធតែមានពិរុទ្ធភាពនៃការធ្វើសកម្មភាពប្រឆាំង ដែលផ្ទុយអំពីគោលការណ៍ច្បាប់ អាហ្នឹងបានសមត្ថកិច្ចគេមានទឡ្ហីករណ៍ ដើម្បីធ្វើការចាប់ខ្លួន ហើយទៅសួរនាំ ហើយក្នុងករណីណាដែលមានពិរុទ្ធភាពធ្ងន់ធ្ងរ អាហ្នឹងគេត្រូវបញ្ជូនទៅតុលាការ ។ អាហ្នឹងជារឿងការអនុវត្តច្បាប់ទេ ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ មិនមែនជារឿងខាងនយោបាយទេ ។ អ្នកខ្លះគេចោទថា មកពីសកម្មជនហ្នឹងរឹង មិនព្រមចុះចូលជាមួយគណបក្សប្រជាជន បានមានការចាប់ខ្លួន ។ មិនមែនយ៉ាងដូច្នោះទេ ព្រោះក្នុងចំណោមអ្នកដែលចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតហ្នឹង ៩លាន ៧សែននាក់ហ្នឹង សមាជិក សមាជិកាគណបក្សប្រជាជន មានរហូតទៅដល់ ៧លាន ៣សែននាក់ រួចទៅហើយ ។ ដូច្នេះគ្មានចាំបាច់អីទៅដើរសម្លុតគំរាមកំហែងអ្នកដទៃឲ្យមកចុះចូលជាមួយគណបក្សប្រជាជនទេ ។ ទី២ ចំពោះសកម្មជនបក្សប្រឆាំង ដែលអាជ្ញាធរប្រទេសជិតខាង ដូចជា ថៃ ដូចជាម៉ាឡេ ដែលគេចាប់ខ្លួននេះ អាហ្នឹងគ្មានពាក់ព័ន្ធអីជាមួយសមត្ថកិច្ចកម្ពុជា ទេ ហើយកន្លងទៅ មានការចោទប្រកាន់ថា សមត្ថកិច្ចកម្ពុជា មានទំនាក់ទំនងជាមួយសមត្ថកិច្ចថៃ ដើម្បីឲ្យធ្វើការចាប់ខ្លួនសកម្មជននៅក្នុងប្រទេសថៃ ។ អានេះមិនមែនជាការពិតទេ ពីព្រោះយើងអត់មានលទ្ធភាពអីទៅបញ្ជា ណែនាំសមត្ថកិច្ចប្រទេសជិតខាងហ្នឹង ឲ្យចាប់តាមបញ្ជារបស់យើងទេ យើងអត់ទេ ហើយយើងក៏មិនបានបញ្ជូនបេសកកជន សមត្ថកិច្ចហ្នឹងទៅចាប់ដល់ក្នុងទឹកដីរបស់គេដែរ អត់មានទេ ។ អ៊ីចឹងការដែលមានការចាប់ខ្លួនសកម្មជនប្រឆាំងខ្មែរ នៅក្នុងទឹកដីថៃ ឬក្នុងទឹកដីម៉ាឡេ អាហ្នឹងវាជាសមត្ថកិច្ចរបស់ប្រទេសថៃ ប្រទេសម៉ាឡេ ហើយផ្អែកទៅលើអំពើប្រព្រឹត្តល្មើសច្បាប់ របស់សកម្មជនប្រឆាំងខ្មែរ នៅក្នុងទឹកដីរបស់គេ ។ អ៊ីចឹងអត់មានពាក់ព័ន្ធជាមួយនឹងការរំលោភឯករាជ្យ និងអធិបតេយ្យប្រទេសជិតខាងទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ដូច្នេះមានចំណុចពីរនេះ ចំណុចទី១ ខ្ញុំនិយាយពីសកម្មជននៅក្នុងប្រទេស ហើយទី២ សកម្មជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលនៅដូចជា ប្រទេសថៃ ម៉ាឡេ ។ល។ និង ។ល។ ហ្នឹង អាហ្នឹងវាមានពាក់ព័ន្ធការចាប់ខ្លួនហ្នឹង អាហ្នឹងវាជារឿងទង្វើល្មើសច្បាប់របស់ពួកគាត់ ហើយដែលជាសមត្ថកិច្ចរបស់ប្រទេសជិតខាង មិនមែនសមត្ថកិច្ចកម្ពុជា ទៅចាប់គាត់ ឬមួយក៏សមត្ថកិច្ចកម្ពុជា ទៅបង្គាប់បញ្ជាសមត្ថកិច្ចប្រទេសជិតខាងហ្នឹង ឲ្យមានវិធានការយ៉ាងម៉េចទេ ។ និយាយហ្នឹងវាផ្ទុយការពិតជាក់ស្ដែងហើយ ។ ចំពោះអ្នកចូលបក្សកាន់អំណាច ហើយចេញវិញ អាហ្នឹងជាសិទ្ធិនយោបាយ ។ កាលណាមកសុំរួមជីវភាពជាមួយគណបក្សប្រជាជន យើងដឹងហើយ គណបក្សប្រជាជន ជាគណបក្សទេវតា បើអ្នកណាដែលមានទុក្ខ អ្នកណាដែលមានកង្វល់ ហើយមកចង់រួមរស់សុខដុមនីយកម្មសង្គម ជាមួយគណបក្សប្រជាជនកម្ពុជា យើងចេះតែស្វាគមន៍ ក៏ប៉ុន្តែមានអ្នកខ្លះជាជនឱកាសនិយម ពេលដែលទឹកដល់ច្រមុះហើយ មកសុំចុះចូលជាមួយគណបក្សប្រជាជន តែដល់មានកម្លាំងបន្តិចហើយ លួចរត់ទៅក្រៅ ដើម្បីវ៉ៃប្រហារមកលើគណបក្សប្រជាជន ជាថ្មីម្ដងទៀត ដូចករណី គង់ រ៉ៃយ៉ា ជាដើម ។ អាហ្នឹងធម្មតាទេ ពេលមកចូលយើង ជំហរផ្សេង ដល់ពេលគេចូលមក ហើយគេលួចរត់ទៅវិញ ដើម្បីគេផ្គាប់ចិត្តបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង គេនិយាយអាក្រក់ពីគណបក្សប្រជាជនកម្ពុជា ។ យើងចាត់ទុកថា អានេះជារឿងធម្មតា ពីព្រោះសតិអារម្មណ៍របស់មនុស្ស គឺថាវាប្រែប្រួលទៅតាមកាលៈទេសៈ ទៅតាមលំហបរិយាកាសនយោបាយ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះខ្ញុំថា យុទ្ធសាស្រ្តសម្ដេចតេជោ ហ៊ុន សែន ជូនតាមសំណូមពរទណ្ឌិតសម រង្ស៊ី មានសែន អត់ស៊ី មានស៊ី អត់សែន នោះ ឥឡូវការធ្វើនយោបាយប្រកួតប្រជែង ដែលស្វិតស្វាញជាងគេ គឺរវាងគណបក្សប្រជាជន និងគណបក្សសាងគ្រោះជាតិ ។ ឥឡូវគឺថា ក្នុងរយៈពេលតស៊ូនយោបាយជាមួយនឹងគណបក្សកាន់អំណាចនេះ យើងឃើញហើយ តើគណបក្សសង្រ្គោះជាតិហ្នឹង វាទៅជាយ៉ាងណា? ទី១ គឺរលាយរូប ដោយសារថា មានទឡ្ហីករណ៍ច្បាស់លាស់ មានពិរុទ្ធភាពច្បាស់លាស់ នៅក្នុងការដែលធ្វើឲ្យតុលាការកំពូល មានលទ្ធភាពរំលាយអតីតគណបក្សប្រឆាំងនេះចោល ។ ទី២ រចនាសម្ព័ន្ធកម្លាំងនយោបាយរបស់គណបក្សប្រឆាំងនេះ យើងឃើញថា បែកខ្ទេចខ្ទីហើយ ហើយទី១ ក្បាលម៉ាស៊ីន គឺរត់ទៅក្រៅប្រទេសទាំងអស់ នៅអាមេរិក ក៏មាន នៅកាណាដា ក៏មាន នៅបារាំង ឬអូស្រ្តាលី ក៏មាន ។ ទី២ គឺសាខាសមាជិក សមាជិកាគណបក្សប្រឆាំងហ្នឹង វាបែកខ្ទេចខ្ទីអស់ហើយ ។ អ៊ីចឹងទេ បានជាមានមួយចំនួនតូចនៅជប៉ុន មួយចំនួនតូចនៅកូរ៉េខាងត្បូង មួយចំនួនតូចនៅថៃ និងនៅម៉ាឡេ ។ អ៊ីចឹងបានសេចក្ដីថា កម្លាំងបែកខ្ញែកគ្នានេះ គឺវាសបញ្ជាក់ឲ្យឃើញថា ការតស៊ូនយោបាយរបស់អតីតបក្សប្រឆាំងហ្នឹង វាមិនទទួលជោគជ័យ វាទៅជាអន្តរាយ ដោយសារនយោបាយមិនត្រឹមត្រូវ គ្មានការគាំទ្រពីប្រជាពលរដ្ឋ ហើយទោះបីបំប្លែងរូបភាពទៅជាគណបក្សភ្លើងទៀន ឬទៅជាគណបក្សផ្សេងៗទៀត ដែលជាឫសរយាងរបស់ក្រុមប្រឆាំងនេះ ខ្ញុំយល់ថា វាអត់មានប្រយោជន៍អីទេ ដូចជាកន្លងទៅ វាមានភ្លើងទៀន ចេញពីសង្រ្គោះជាតិ ហ្នឹងមក ហើយឥឡូវបែកចេញពីភ្លើងទៀន វាមានកម្លាំងជាតិ វាមានឆន្ទៈខ្មែរ ។ល។ និង ។ល។ ហ្នឹង ខ្ញុំយល់ថា អានេះវាសបញ្ជាក់អំពីការបែកបាក់ ហើយវាឈានទៅអន្តរាយ ទៅថ្ងៃអនាគតខាងមុខដ៏ឆាប់ៗនេះហើយ ដោយសារអី? ដោយសារនយោបាយផ្ទៃក្នុងរបស់ខ្លួន រក្សាសាមគ្គី ឯកភាពមិនបានផង ។ អ៊ីចឹងទេ គឺថាមិនអាចយកមកធៀបជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលមួយថ្ងៃ ទៅមួយថ្ងៃ ចំណងសាមគ្គីជាតិផ្ទៃក្នុងកាន់តែរឹងមាំទៀតទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងបានជាសព្វថ្ងៃនេះ ដោយសារយើងមើលសាមគ្គីឯកភាពផ្ទៃក្នុងបក្សរឹងមាំនេះហើយ បានជាគេនិយាយអ្វី ទាំងវិទ្យុអាស៊ីសេរីទាំងវិទ្យុប្រតិកិរិយាមួយចំនួន ដែលកាន់ជើងបក្សប្រឆាំងនេះ គឺចេះតែវាយតម្លៃមកលើគណបក្សប្រជាជន ថាមានការថ្នាំងថ្នាក់ មានការបែកបាក់ផ្ទៃក្នុង ក៏ប៉ុន្តែការដែលបំបែកបំបាក់គណបក្សប្រជាជនហ្នឹង មិនមែនទើបតែមានពេលនេះទេ គឺថាមានតាំងពីក្រោយបោះឆ្នោតឆ្នាំ១៩៩៣ មក ឥឡូវហ្នឹងវា ៣០ឆ្នាំហើយ ក៏ប៉ុន្តែសួរថា តើទទួលលទ្ធផលអីខ្លះ? ជាក់ស្ដែងគឺគណបក្សប្រជាជន នៅតែរក្សាជំហររឹងមាំ សាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ ពីព្រោះបក្ស បានដាក់ទិសស្លោកហើយថា សាមគ្គី ឯកភាពផ្ទៃក្នុង គឺជាកត្តាកំណត់ជាអាយុជីវិតរបស់គណបក្ស ។ អ៊ីចឹងទេ បញ្ហានេះ គឺគណបក្ស ទាំងជំនាន់មុន ក៏ដូចជាជំនាន់ក្រោយ ក៏មានគោលនយោបាយដើម្បីខិតខំពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ឲ្យបានរឹងមាំ ដើម្បីឈានទៅសម្រេចកិច្ចការផ្សេងៗ ក្នុងការកសាង អភិវឌ្ឍប្រទេសហ្នឹង ឲ្យវាមានការរីកចម្រើន និងមានស្ថិរភាព ។ ជារួម «មានសែន អត់ស៊ី» អាហ្នឹងវាជានយោបាយរបស់គាត់ (សម រង្ស៊ី) ជាទិសស្លោករបស់គាត់ ។ អ៊ីចឹងទេ ឥឡូវនេះ គឺថា «មានសែន អត់ស៊ី» ហើយ ព្រោះស៊ី រត់ចោលស្រុកបាត់ហើយ ទោះបីថា រស់នៅថ្លៃថ្នូរក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យ៉ាងណាក៏ដោយ ក៏វាឆ្លុះបញ្ចាំងថា រចនាសម្ព័ន្ធរបស់អតីតបក្សប្រឆាំងហ្នឹង រលាយទៅហើយ ។ ទោះបីថាគាត់ខំកសាងសំប៉ានរបស់គាត់ហ្នឹង ហើយចង់ទៅស្ដារឬស្រោចស្រង់សង្រ្គោះជាតិហ្នឹង ក៏វាអត់មានដែរ វាបាត់រូបបាត់រាងហើយ វាចប់ហើយ អាជីវិតនយោបាយរបស់សាងគ្រោះជាតិហ្នឹង“ ។

 គួរបញ្ជាក់ថា ការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលសកម្មជនប្រឆាំងខ្មែរ ៣នាក់ រួមមានលោក គង់ រ៉ៃយ៉ា លោក ផន ផាន់ណា ដែលជាអតីតសមាជិកគណបក្សភ្លើងទៀន និងម្នាក់ទៀតឈ្មោះ លឹម សុខា ដែលជាអនុប្រធានគណកម្មការជនភៀសខ្លួនខ្មែរ នៅបាងកក ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួន។

ក្នុងចំណោមសកម្មជនទាំង៣នាក់ខាងលើនេះ លោកគង់ រ៉ៃយ៉ា គឺអតីតក្រុមប្រឹក្សាឃុំជាប់ឆ្នោត នៃគណបក្សភ្លើងទៀន ដែលបានលាលែងពីសមាជិកគណបក្សភ្លើងទៀន ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានតែងតាំងជាទីប្រឹក្សាអមក្រសួងអប់រំ យុវជន និងកីឡា នៃរាជរដ្ឋាភិបាលអាណតិ្តទី៦ ដឹកនាំដោយសម្ដេចហ៊ុន សែន ។ ប៉ុន្តែក្រោយចុះចូលបានមួយរយៈខ្លី លោកគង់ រ៉ៃយ៉ា បានសុំលាលែងពីសមាជិកភាពគណបក្សប្រជាជនកម្ពុជា វិញ រួចបានភៀសខ្លួនទៅប្រទេសថៃ និងបន្តរិះគន់វាយប្រហារគណបក្សកាន់អំណាច ដដែលវិញ មុននឹងត្រូវអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

តាមការមើលឃើញរបស់អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ការចាប់ខ្លួនសកម្មជនប្រឆាំងខ្មែរ ៣នាក់ នៅប្រទេសថៃ ដោយអាជ្ញាធរថៃ កាលពីថ្ងៃទី៣ ខែកុម្ភៈ គឺដើម្បីទប់ស្កាត់ចលនាបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចហ៊ុន ម៉ាណែត នៅថៃ ។ អ្វីដែលមជ្ឈដ្ឋានទាំងនោះចាប់អារម្មណ៍ នៅក្នុងសំណុំរឿងសកម្មជនប្រឆាំង៣នាក់ ខាងលើនេះ នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន បានលើកឡើងនៅនៅក្នុងសន្នីសីទកាសែត រួមគ្នាជាមួយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថា ថៃ នឹងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ប្រើទឹកដីថៃ ដើម្បីសកម្មភាព ឬបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រទេសជិតខាងឡើយ ។ ចំណែកសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណចំពោះការប្ដេជ្ញាចិត្តរបស់ថៃ និងបានអះអាងពីការធ្វើដូចគ្នានេះ ចំពោះថៃ វិញដែរ ។

យ៉ាងណាក៏ដោយ យោងតាមអគ្គស្នងការរងនគរបាលជាតិថៃ បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សកម្មជនប្រឆាំងខ្មែរ ឬក្រុមគ្រួសាររបស់ពួកគេ នឹងមិនត្រូវបញ្ជូនត្រឡប់ទៅកម្ពុជា វិញឡើយ។ ទន្ទឹមនឹងនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន UNHCR ក៏កំពុងរៀបចំឯកសាររបស់ពួកគេទាំងនោះ ដើម្បីផ្លាស់លំនៅទៅកាន់ប្រទេសទី៣៕ កុលបុត្រ

RELATED ARTICLES