Wednesday, March 19, 2025
Homeព័ត៌មានជាតិមេយោធា​សឹករងស្រវឹង ខឹង​នារីខារ៉ាអូខេ ទាញ​កាំភ្លើងអាកា​ ដេញ​បាញ់​ម្ចាស់​ហាង

មេយោធា​សឹករងស្រវឹង ខឹង​នារីខារ៉ាអូខេ ទាញ​កាំភ្លើងអាកា​ ដេញ​បាញ់​ម្ចាស់​ហាង

ខេត្តបន្ទាយមានជ័យ ៖ បុរសជាមេយោធាសឹករងស្រុកមង្គលបូរីម្នាក់ ត្រូវឆ្នោតពីថ្ងៃ ក៏ នាំប្រពន្ធនិងមិត្តភក្តិ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ លុះផឹកស្រវឹងធ្លាក់ភ្នែក ក៏ធ្វើឱ្យខូចក្បាលមេក្រូហ្វូន ទើប​ខាងម្ចាស់ហាងទាមទារសំណង ក៏ផ្ទុះ ជាជម្លោះ រហូតដល់បុរសជាមេយោធាសឹករង ទប់កំហឹង​មិនបាន បានទាញកាំភ្លើងអាកា និង ស្ពាយទុស្សសៀជាប់នឹងខ្លួនគំរាមដេញបាញ់ ម្ចាស់​ហាងខារ៉ាអូខេ ធ្វើឱ្យគ្រប់គ្នាភ័យស្លន់ស្លោ រត់ជាន់ជើងគ្នាទាំងភ្នែកនៅកញ្ចឹងក។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ ហេង គង់ មានទីតាំងស្ថិត​ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី។

បុរសដែលទាញកាំភ្លើងអាកា គំរាមបាញ់ គេឯងនោះ មានឈ្មោះកែវ ស៊ុនលី មានតួនាទី ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុក មង្គលបុរី។ ចំណែកជនរងគ្រោះ មានឈ្មោះ ហេង គង់ ជាម្ចាស់ភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោ ហេង គង់ មានទីតាំងនៅភូមិកើតហេតុខាងលើ។

តាម​សម្តីស្ត្រីជាប្រពន្ធម្ចាស់ហាងខារ៉ាអូខេ ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាល​ពី​វេ​​លាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ជនបង្កហេតុឈ្មោះកែវ ស៊ុនលី បាននាំប្រពន្ធ និងសាច់ញាតិ ព្រមទាំង មិត្តភក្តិមានគ្នាសរុប៦នាក់ មិនដឹងជាផឹកស្រវឹង តាំងពីណា​មក​ទេ រួចក៏នាំគ្នាចូលមកច្រៀង ខារ៉ាអូខេនៅហាងខាងលើ។ បន្ទាប់មក ក្រុមជនបង្កហេតុបាន​ខឹងសម្បានឹងនារី ដែលចាក់ ខារ៉ាអូខេនៅក្នុងបន្ទប់ថា ចាក់តែបទដែលពួក គេមិនចេះច្រៀង។ បន្ទាប់មក ឈ្មោះកែវ ស៊ុនលី បានយកកែវស្រាចាក់ដាក់ក្បាលមីក្រូហ្វូន ទើប នារីបម្រើការក្នុងបន្ទប់ ខារ៉ាអូខេ បានប្រាប់ថា បើពូយកកែវមានស្រាចាក់ដាក់ក្បាលមេក្រូ ខូច ថៅកែគាត់គិតលុយហើយ។ ភ្លាមនោះ ឈ្មោះកែវ ស៊ុនលី បានតបវិញថា បើមេក្រូហ្វូន ខូច គិតលុយទៅ។

ប្រភពដដែលបន្តថា ក្រោយពេលផឹកស៊ី ចប់ហើយ ខាងខារ៉ាអូខេ ក៏គិតលុយុដោយបូក ទាំងថ្លៃម៉ោង​ខារ៉ាអូខេ ថ្លៃម្ហូបក្លែម និងថ្លៃក្បាល មេក្រូហ្វូនចំនួន២ និងក្បាលអំភ្លី១ គឺអស់សរុប ១លាន​រៀល។ ពេលនោះ ជនបង្កហេតុបានឱ្យ លុយទៅបុគ្គលិកចំនួន៣០០ដុល្លារ និងត្រូវគេ អាប់​លុយ​ឱ្យ​វិញ ចំនួន៥០ដុល្លារ។ បន្ទាប់មក ឈ្មោះកែវ ស៊ុនលី បានយកមេក្រូហ្វូន២ រួម និងក្បាល​អំភ្លី​១​ទៅ​ដាក់ចូលរថយន្តនៅខាង ក្រៅហាង រួចក៏ទាញមេក្រូហ្វូន និងអំភ្លឺនោះ មកបោកកម្ទេច​ចោល​នៅមុខហាងទៀតផង ហើយក៏ឡើងរថយន្តបើកចេញទៅបាត់។

ប្រភពខាងលើ បញ្ជាក់ថា លុះរយៈពេល ប្រមាណកន្លះម៉ោងក្រោយមក ស្រាប់តែឃើញ ជនបង្ក​ហេតុ​​ឈ្មោះកែវ ស៊ុនលី បើករថយន្ត មួយគ្រឿង ម៉ាកបាឡែន មកចតមុខហាងវិញ ភ្លាមនោះ ជនបង្ក​ហេតុដែលស្ថិតក្នុងសភាពស្រវឹង ស្រាវជោក ដោះអាវ ស្ពាយទុស្សសៀដាក់គ្រាប់ ជាប់ខ្លួន បានចុះពីលើរថយន្ត រួចទាញកាំភ្លើង អាកាចេញមកអាមេ និងថែមទាំងបើកសោ ទៀត រួចស្រែកខ្លាំង​ៗថា អញមកបាញ់ម្ចាស់ ហាង អាហេង គង់ និងមីស្រីបម្រើក្នុងខារ៉ាអូខេ ចោល បង់លុយឱ្យអស់២០លានរៀល ត្រូវឆ្នោត ថ្ងៃមិញ អស់ប៉ុន្មានលុយ។ ឃើញសភាពបែប នេះ ធ្វើឱ្យម្ចាស់ហាង រួមនិង​នារីបម្រើការក្នុង ខារ៉ាអូខេ បាននាំគ្នារត់បាតជើងសព្រាត ទាំង ព្រលឹងចុងសក់។ បន្ទាប់​មក ក៏មានអ្នកស្គាល់ គ្នាដែលកំពុងអង្គុយផឹកស៊ីនៅក្នុងហាង បាន ចេញមកឃាត់ឱ្យត្រឡប់ទៅផ្ទះវិញ ទើបជន- បង្កព្រមត្រឡប់ទៅវិញ និងបានស្រែកជេរ ព្រម ទាំងបាញ់នៅផ្ទះរបស់ខ្លួនក្បែរផ្សារ​មង្គលបុរី បណ្តាលឱ្យអ្នកជិតខាងភ័យស្លន់ស្លោគ្រប់គ្នា។

ស្ត្រីជាប្រពន្ធម្ចាស់ហាងខារ៉ាអូខេ បាន បញ្ជាក់ថា ក្រោយពេលឈ្មោះកែវ ស៊ុនលី ដែលមានតួនាទីជា​មេបញ្ជាការតំបន់ប្រតិបត្តិ- ការសឹករងស្រុកមង្គលបុរី បានគំរាមបាញ់សម្លាប់ ពួកគាត់នៅក្នុង​ហាងរួចមក ពួកគាត់បានដាក់ ពាក្យបណ្តឹងចូលទៅទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកមង្គ​លបុរីរួចរាល់ហើយ ដើម្បីឱ្យសមត្ថកិច្ច ជួយរកយុត្តិធម៌មកជូនពួកគាត់ជាជនរងគ្រោះ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់ អាចទាក់ទងសុំការបំភ្លឺពីលោកកែវ ស៊ុនលី បាន នៅ​ឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ ព័ន្ធទាំងអស់៕  ចាន់ សុខលន់

RELATED ARTICLES