ខេត្តសៀមរាប ៖ អ្នកជំនាញនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ពេលនេះកំពុង បន្តសហការជាមួយអាជ្ញាធរអប្សរារបស់កម្ពុជា លើកិច្ចការជួសជុលប្រាសាទតាព្រហ្ម នៅខេត្ត សៀមរាប។
យោងតាមទំព័រហ្វេសប៊ុកអាជ្ញាធរអប្សរា បានឱ្យដឹងថា គម្រោងសហប្រតិបត្តិការឥណ្ឌាកម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដែលមានអាជ្ញាធរអប្សរា និងស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) បានធ្វើការជួសជុល ផ្នែកផ្សេងៗនៃប្រាសាទតាព្រហ្ម តាំងពីឆ្នាំ២០០៤ មក។ រយៈពេល១០ឆ្នាំ ដែលជាជំហានទី១នៃ គម្រោង (២០០៤-២០១៤) ក្រុមការងារសម្រេច បានសមិទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោង កំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាល របាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈ ការប្រមូលបំណែកថ្មធ្លាក់ខូចខាតមករៀបដំឡើង នៅតាមទីតាំងឱ្យដូចពីសម័យបុរាណឡើងវិញ។
លោក D.S. Sood ទីប្រឹក្សាបច្ចេកទេស ប្រចាំការដ្ឋានជួសជុលប្រាសាទតាព្រហ្មនៃស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI បញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ ក្រុមការងារបានបន្ត ជួសជុលសាលរបាំ ហើយគ្រោងនឹងជួសជុល ទៅលើចំណុចសំខាន់៤ផ្សេងទៀត គឺនៅជ្រុង ខាងត្បូងសាលរបាំ ខ្លោងទ្វារចូលខាងកើត ខ្លោងទ្វារចូលខាងត្បូង និងរួតទី៣មុខផ្លូវបំបែក។ លោកបន្ថែមថា ក្រៅពីការជួសជុលតាមគម្រោង ដែលគ្រោងទុក ក្រុមការងាររបស់លោកក៏បាន បំពេញកិច្ចការផ្សេងៗទៀតលើការងារអភិរក្ស ទល់ទ្រ និងថែទាំជាប្រចាំនូវរាល់រចនាសម្ព័ន្ធ ផ្សេងៗនៃប្រាសាទតាមស្ថានភាពជាក់ស្តែង ដោយសហការជាមួយក្រុមការងារបច្ចេកទេស របស់អាជ្ញាធរជាតិអប្សរា។
ដោយឡែកសាលរបាំ ដែលបានរងការ ខូចខាតស្ទើរទាំងស្រុង ហើយភ្ញៀវទេសចរមិន អាចធ្វើដំណើរឆ្លងកាត់បាននាពេលកន្លងមក នឹងត្រូវជួសជុលរួចរាល់ក្នុងឆ្នាំ២០១៩ខាងមុខ។ លោក Sood បន្ថែមថា សូម្បីការជួសជុល ក៏ពុំមែនធ្វើទាំងស្រុងនោះដែរ ដោយផ្នែកខ្លះនៃ ភាពខូចខាតនេះនឹងត្រូវអភិរក្សទុក ដើម្បីឱ្យអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរបានឃើញថា ផ្នែកណាខ្លះត្រូវបានជួសជុល និងផ្នែកណាខ្លះ ត្រូវបានរក្សាទុក។ ម៉្យាងទៀត ដោយមូលហេតុ ដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំដុះពីលើ ផ្នែកខ្លះនៃប្រាសាទនេះក៏ត្រូវបានរក្សាទុក មិន ធ្វើការជួសជុលដែរ ដើម្បីបញ្ជៀសការកាប់ ដើមឈើប្រវត្តិសាស្ត្រទាំងនេះ។ តែទោះជាមិន បានជួសជុល ក្រុមការងារបានថែទាំនិងការពារ មិនឱ្យមានការខូចខាតបន្តទៀតឡើយ។
លោកចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋាន ជួសជុលបញ្ជាក់ថា ដើមឈើនិងប្រាសាទតាព្រហ្ម មានទំនាក់ទំនងនឹងគ្នាខ្លាំងណាស់ រហូតភ្ញៀវទេសចរ និងអ្នកស្រាវជ្រាវខ្លះបានហៅប្រាសាទ នេះថា ជាប្រាសាទដើមឈើ។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្ម ភាគច្រើន គឺ ចង់ឃើញដើមឈើធំៗ ដែលដុះលើប្រាសាទ និងរួមរស់ជាមួយប្រាសាទរាប់រយឆ្នាំ។ កត្តាទាំង នេះ ហើយដែលតម្រូវឱ្យក្រុមការងារអភិរក្ស ជួសជុលគិតគូរទាំងប្រាសាទទាំងដើមឈើ។
ប្រាសាទតាព្រហ្ម ត្រូវបានកសាងឡើងក្នុង រាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជ កុសលចំពោះព្រះមាតារបស់ព្រះអង្គ ដែលមាន រូបបដិមាស្នងក្នុងរូបភាពជា “ប្រាជ្ញាបារមី”។ ប្រាសាទនេះមានឈ្មោះដើមថា រាជវិហារ ត្រូវ បានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ធំនា សម័យនោះ។ ក្រោយការស្នើសុំពីរាជរដ្ឋាភិបាល កម្ពុជា ក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌា តាម រយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និង អង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួស ជុលទល់ទ្រជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងដំណាក់កាលទី១ (២០០៤-២០១៤) គម្រោងនេះ សម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវ រោងទងខាងកើតឆៀងខាងត្បូង រានហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែកច្រើន ទៀត ដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាបដើម្បីការពារការរបេះ ធ្លាក់ឬដួលរលំបន្ថែមទៀត៕ ខៀវទុំ