Wednesday, March 19, 2025
Homeព័ត៌មានជាតិព្រៃឈើធម្ម​ជាតិកោះរ៉ុង កំពុងរងការ​កាប់​បំផ្លាញ

ព្រៃឈើធម្ម​ជាតិកោះរ៉ុង កំពុងរងការ​កាប់​បំផ្លាញ

ខេត្តព្រះសីហនុ ៖ ព្រៃឈើរាប់សិបហិកតារស្ថិតនៅលើកោះឋានសួគ៌ធម្មជាតិ (កោះរ៉ុង) នាទិសនិរតីនៃ​​ខេត្តព្រះសីហនុ នៅមួយរយៈ ចុងក្រោយនេះ កំពុងត្រូវបានជនខិលខូច និង អ្នកមានអំណាចធ្វើការកាប់​បំផ្លាញយ៉ាងអនាធិបតេយ្យ គួរឱ្យសង្វេគ ខណៈដែលដែនកោះ មួយនេះ កំពុងក្លាយជាទីទាក់​ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្ត។

ក្រុមភ្ញៀវដែលបានធ្វើដំណើរកម្សាន្តទៅ កាន់កោះរ៉ុង បានលាន់មាត់គ្រប់គ្នាថា ព្រៃឈើ ធម្មជាតិនៅ​លើ​ដែនកោះដ៏ទាក់ទាញមួយនេះ ហាក់កំពុងរេចរឹលគួរឱ្យព្រួយបារម្ភ ហើយប្រសិន បើអាជ្ញាធរដែនដី ក៏ដូចរាជរដ្ឋាភិបាលមិនប្រញាប់ ចាត់វិធានការទប់ស្កាត់ទេនោះ ទីឋានសួគ៌មួយ នេះ នឹងក្លាយជាវាលរហោស្ថានជាក់ជាពុំខាន ព្រោះមួយរយៈចុងក្រោយនេះគេឃើញក្រុម ជនខិលខូច ដែលមានអ្នកមានអំណាចនៅពី ក្រោយខ្នង កំពុងសម្រុកកាប់ទន្ទ្រានព្រៃយ៉ាង អនាធិបតេយ្យ អស់រាប់រយហិកតារ នៅក្នុង ភូមិចំនួន៤ ដែលរួមមាន ភូមិកោះតូច ភូមិ សុខសាន្ត ភូមិជ្រោយស្វាយ និងភូមិដើមថ្កូវ ដែលករណីនេះ​ ត្រូវគេសង្ស័យថា មានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ឬហៅថា យុទ្ធសាស្ត្រ កន្ទេលធំបន្លំដេក គ្រាដែលរាជរដ្ឋាភិបាល ចេញ សេចក្តីសម្រេចកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែល កំពុងអាស្រ័យផលជាក់​ស្តែង ស្រាប់តែព្រៃឈើ រាប់រយហិកតារ បែរជាត្រូវកាប់បំផ្លាញក្រោម ហេតុផលថា ជាដីអាស្រ័យ​ផលទៅវិញ។

លោកឈុន ប៊ុនថា តំណាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ដែលកំពុងខិតខំអភិវឌ្ឍលើកស្ទួយវិស័យទេស-ចរណ៍ និងការពារធម្មជាតិ បានសម្តែង នូវការសោកស្តាយ ខណៈដែលឃើញព្រៃឈើ ធម្មជាតិដ៏ស្រស់ត្រកាលលើកោះនាកណ្តាល សមុទ្រត្រូវបានគេកាប់បំផ្លាញ ដើម្បីតែប្រយោជន៍ ផ្ទាល់ខ្លួនដោយមិន​គិតពីប្រយោជន៍រួមរបស់ ជាតិទាំងមូលអ្វីសោះ។ ជាមួយនេះ លោកស្នើ សុំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយចាត់ វិធានការជាបន្ទាន់ចំពោះសកម្មភាពឆក់ឱកាស របស់ក្រុមជនខិលខូច ដែលកំពុង​តែ​​បំផ្លាញ សម្បត្តិធម្មជាតិដ៏ពិសិដ្ឋនេះ។

លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលបានចុះពិនិត្យដល់ទីតាំងភូមិទាំង ៤ខាងលើ កាល​ពី​​ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៧ បានលើកឡើងថា ពិតជាមហាសោកស្តាយពេកណាស់ នៅពេលដែល​បានឃើញ ព្រៃធម្មជាតិដ៏ស្រស់ត្រកាល ត្រូវបានបំផ្លាញ ដោយគ្មានញញើតដៃបែបនេះ។ លោកបញ្ជាក់ ថា ចំពោះចំណាត់ការទប់ស្កាត់ការកាប់ទន្ទ្រាន ព្រៃឈើនេះ លុះត្រាស្ថាប័នពាក់ព័ន្ធ រួមមាន រដ្ឋបាលព្រៃឈើ ក្រសួង បរិស្ថាន និងភាគីក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគលើវិស័យទេសចរណ៍ធម្មជាតិលើដែនកោះរ៉ុងនេះ អនុវត្តតាម ច្បាប់ ទើបអាចសង្ឃឹមស្រោចស្រង់បានខ្លះ ចំណែកអាជ្ញាធរក្រុង មានសិទ្ធិត្រឹមសហការ ការងារតែប៉ុណ្ណោះ។

លោកអ៊ី សុខឡេង បញ្ជាក់ថា ជាជំហាន ដំបូង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រុមការងារចម្រុះ បានចុះឃាត់ខ្លួនក្រុមកម្មករ កាប់ព្រៃបានចំនួន៩នាក់ និងដកហូតរណារយន្ត (ត្រង់សឺន័រ) ចំនួន​១១​គ្រឿង រួមនឹងកាំបិតពូថៅ មួយចំនួនផងដែរ។

ដោយឡែកលោកនួន ប៊ុនថុល នាយកអន្តរវិស័យសាលាខេត្តព្រះសីហនុ និងជាប្រធាន ក្រុមការងារចុះវាស់វែងដីតំបន់កោះរ៉ុង បាន បញ្ជាក់ថា ដីនៅតំបនប់នេះ ដែលប្រជាពលរដ្ឋ ខាងលើ កាប់ព្រៃនេះគឺជាតំបន់ដែលបានធ្វើការ វាស់វែងចេញបង្កាន់ដៃ ជូនប្រជាពលរដ្ឋរួចអស់ ហើយពោលគឺរង់ចាំតែចេញ​ប្លង់កម្មសិទ្ធិប៉ុណ្ណោះ ហើយតំបន់នេះក៏មិនមានព្រៃឈើអ្វីធំដុំដែរ។ ក្រោយការចាប់ឃាត់ខ្លួនប្រជាពលរដ្ឋទាំង៩ នាក់ ត្រូវបានអាជ្ញាធរធ្វើការអប់រំ និងធ្វើកិច្ច សន្យាឱ្យបញ្ឈប់សកម្មភាពកាប់រានព្រៃបន្ត ទៀត ព្រោះតំបន់នេះ ដ្បិតថាក្រុមការងារចុះ វាស់វែងជូនរួចក៏ដោយ តែមិនទាន់ចេញប្លង់ កាន់កាប់ស្របច្បាប់នោះទេ ហេតុនេះមិនអាច កាប់ព្រៃបានឡើយ។ យ៉ាងណា ប្រជាពលរដ្ឋ ទាំង៩នាក់ ត្រូវបានដោះលែងវិញអស់ហើយ បន្ទាប់ពីទទួលការអប់រំ និងធ្វើកិច្ចសន្យារួច។

គួរបញ្ជាក់ថានៅក្នុងរយៈពេលប៉ុន្មានខែ នេះ យុទ្ធនាការចុះវាស់វែងដីតំបន់កោះរ៉ុង ជូន ប្រជាពលរដ្ឋរស់នៅជាក់ស្តែងត្រូវបានរដ្ឋបាល ខេត្តព្រះសីហនុ កំពុងបំពេញការងារយ៉ាង សស្រាក់សស្រាំដែលកត្តានេះត្រូវបានប្រជាពលរដ្ឋនៅតំបន់កោះរ៉ុង សម្តែងនូវការគាំទ្រ យ៉ាងខ្លាំង។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានការព្រួយ បារម្ភចំពោះភាពមិនប្រក្រតីដែលកំពុងធ្វើឱ្យ ព្រៃឈើនៅតំបន់កោះរ៉ុងនេះ សឹករិចរិល តាម រយៈការកាប់បំផ្លាញ ដើម្បីតែប្រយោជន៍ផ្ទាល់ ខ្លួនរបស់ជនខិលខូចមួយក្តាប់តូចផងដែរ៕ សមុទ្រខៀវ

RELATED ARTICLES