Friday, October 18, 2024
Homeតារាខ្មែរខាត់ សុឃីម ស៊ីថ្លៃ១ម៉ឺនដុល្លារ

ខាត់ សុឃីម ស៊ីថ្លៃ១ម៉ឺនដុល្លារ

ខណៈដែលតារាចម្រៀងស្រករក្រោយរះឡើងព្រោងព្រាត មានទាំងក្រុមរាំ ក្បាច់រាំ ញ័រញាក់បុកចំទីផ្សារចម្រៀងនាពេលបច្ចុប្បន្ននោះ អ្នកនាងខាត់ សុឃីម ប្រែជាស្ងប់ស្ងាត់ មិនសូវមានឱកាសចេញច្រៀងកើបលុយតាមកម្មវិធីប្រគំតន្ត្រីដូចពេលមុន។ ប៉ុន្តែតារាយេៗកូន២ រូបនេះ អះអាងថា ការស្ងាត់អាជីពចម្រៀង ពុំបានធ្វើឱ្យប៉ះពាល់ដល់ប្រភពចំណូលរបស់អ្នកនាងទេ ផ្ទុយទៅវិញ អ្នកនាងកំពុងតែត្រូវប៉ាន់មមាញឹកជាមួយមុខរបរសម្អាងការ ដែលក្នុង១កម្មវិធី ស៊ីថ្លៃចន្លោះពី២៥០០ដុល្លារ រហូតដល់ជាង១ម៉ឺនដុល្លារ។

ក្នុងជំនួបជាមួយអ្នកនាងខាត់ សុឃីម កាលពីពេលមុននេះ បានថ្លែងឱ្យដឹងថា “សព្វថ្ងៃនេះ មានតារាចម្រៀងក្មេងៗច្រើន ដែលគេដណ្តើមបានទីផ្សារ ព្រោះគេមានបទបែកស្លុយ ញ័រញាក់អីចឹងទៅ ហើយយើងឯណេះធ្លាប់តែបទរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ មិនសូវមានទីផ្សារដូចគេទេ។ ការពិត បទទាំងហ្នឹង ក៏ខ្ញុំអាចច្រៀងបានដែរ ប៉ុន្តែ ខ្ញុំគិតថា វាឆ្គាំឆ្គង ប្រាសចាកទំនៀមទម្លាប់ប្រពៃណីយើង។ ណាមួយខ្ញុំរាងចាស់បន្តិចហើយ គឺចង់ថែរក្សាអភិរក្សប្រពៃណីច្រើនជាង។ ដូច្នេះទើបស្ងប់ស្ងាត់បន្តិច តែក៏មិនថ្វីដែរ ព្រោះខ្ញុំមានមុខរបរសម្អាងការទប់”។

បើទោះបីអាជីពចម្រៀងរបស់អ្នកនាងខាត់ សុឃីម ហាក់ធ្លាក់ចុះបន្តិច ហើយក៏មិនទាន់មានបទចម្រៀងថ្មីនៅហង្សមាស ផងនោះ អ្នកនាងអះអាងថា មិនធ្វើឱ្យប៉ះពាល់ដល់ប្រភពចំណូលរបស់នាងទេ។

សុឃីម បញ្ជាក់ថា “ចំណូលខ្ញុំមិនធ្លាក់ទេ ផ្ទុយទៅវិញ កាន់តែកើនជាងឆ្នាំមុន ព្រោះឆ្នាំនេះ មុខរបរសម្អាងការរបស់ខ្ញុំ​បានឡើងថ្លៃជាងមុនបន្តិច គឺក្នុង១កម្មវិធី មានតម្លៃចាប់ពី២៥០០ដុល្លារ រហូតដល់ជាង១ម៉ឺនដុល្លារ តាមការកុម៉្មង់កម្មវិធីតូចធំ និងតាមទីតាំងជិតឆ្ងាយ។ ម៉្យាងខ្ញុំទទួលបានកម្មវិធីជាហូរហែ មិនសូវមានពេលសម្រាកទេ”។

ចាប់តាំងពីបានប្តីក្មេង អ្នកនាងខាត់ សុឃីម ក៏ពូកែថែសម្រស់ឱ្យនៅក្មេងជាងវ័យដែរ។ មិនតែប៉ុណ្ណោះ ក៏ពូកែរកទ្រព្យដែរ ដោយត្រូវបានចាត់ទុកថា ជាតារាសម្បូរទ្រព្យក្នុងចំណោមតារាល្បីៗមួយចំនួន ដូចជាអ្នកនាងយុគ ចិន្តា អ្នកនាងគង់ សុជាតិ និង លោកព្រាប សុវត្ថិ ជាដើម។

អ្នកនាងខាត់ សុឃីម បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីអាជីពសិល្បៈ អ្នកនាងមានមុខរបរសម្អាងការ ដែលមានទទួលទាំងភ្លេងខ្មែរ ភ្លេងសម័យ និងថតរូប ជាដើម ហើយឆាប់ៗនេះ អ្នកនាងគ្រោងធ្វើជាថៅកែ ពុះដីឡូត៍លក់នៅក្បែរភ្នំបាសិត ទៀតផង។

សុឃីម បន្តថា “កន្លងមក ខ្ញុំបានទិញដីទុកច្រើន ដែរ នៅក្បែរភ្នំបាសិត ដូច្នេះឆាប់ៗនេះ ខ្ញុំគ្រោងពុះឡូត៍លក់ ព្រោះតំបន់នោះគេកំពុងអភិវឌ្ឍន៍។ ម៉្យាងបើចាំលក់ទាំងដុំហ្មង មិនងាយទេ!”…៕

RELATED ARTICLES