ភ្នំពេញ៖ នារីជាកម្មការិនីកាត់ដេររោងចក្រ២នាក់ ជិះម៉ូតូឌុបទៅសុំច្បាប់រោងចក្រ ដើម្បីទៅ មើលឪពុកត្រូវវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខណៈពេលធ្វើដំណើរជិតដល់រោងចក្រហើយ ស្រាប់តែរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង រេចង្កូតទៅបុកចំពីមុខពេញទំហឹងបណ្តាលស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ កើតឡើងកាលពីរវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រឋិតក្នុងភូមិព្រែកប្រណាក់សង្កាត់ជើងឯកខណ្ឌដង្កោ។
ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ មានឈ្មោះប៉ុន មាសសុគន្ធាធារី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំណែកម្នាក់ទៀតរងរបួសធ្ងន់ មានឈ្មោះស៊ីន សុធា អាយុ១៨ឆ្នាំ ធ្វើការជាមួយគ្នាស្នាក់នៅផ្ទះជិតគ្នា។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារី២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1.F.9493 ក្នុងទិសដៅពីកើតទៅលិច មកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងដែលបានបើកបញ្រ្ចាសទិសគ្នាពីលិចទៅកើត អ្នកបើកបរសង្ស័យងងុយដេក បានរេចង្កូតទៅបុកម៉ូតូនារីរងគ្រោះពេញទំហឹងបណ្តាលអោយនារីជាអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ភ្លាមៗនោះ ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯរថយន្តបង្ករត់បាត់ស្រមោល ។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់រាល់ថ្ងៃជិះ រថយន្តឈ្នួលដាក់ខែមកធ្វើការទេ ប៉ុន្តែនៅថ្ងៃកើតហេតុនេះ បានជាជិះម៉ូតូមកធ្វើការដោយ សារតែជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុ គោលបំណងជិះម៉ូតូទៅសុំច្បាប់ឈប់សំរាកទៅមើលឪពុកដែលត្រូវវះកាត់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ជាអកុសលជិះម៉ូតូជិតដល់រោងចក្រទៅហើយ ក៏ត្រូវរថយន្តបើកបុកស្លាប់តែម្តង។
ក្រោយពេលកើតហេតុសម្ថតកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងសម្ថតកិច្ច ចរាចរណ៍ខណ្ឌដង្កោ ទៅពិនិត្យនិងវាស់វែងរួច បានចេញលិខិតប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ណន អ៊ាត