ភ្នំពេញ ៖ មេធាវីការពារក្តីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា ពិតជាអយុត្តិធម៌ និងគួរឲ្យឈឺចាប់ សម្រាប់លោកកឹម សុខា ដែលរងគ្រោះទាំងខាងកាន់អំណាច និងខាងប្រឆាំង គឺខាងកាន់អំណាច ចងដៃចងជើង និងបិទមាត់ ឯខាងសម រង្ស៊ី អតីតមេបក្សប្រឆាំង ជាអតីតដៃគូ បានវាយប្រហារឥតស្រាកស្រាន្ត ។ ជាពិសេសចុងក្រោយនេះ លោកបណ្ឌិត សេង សារី និងគឹម សុខ ដែលជាអ្នកវិភាគលម្អៀងទៅលើកសម រង្ស៉ី បានចោទលោកកឹម សុខា ឆ្លើយយករួចខ្លួន មិនការពារសម រង្ស៊ី ។
លោកចាន់ ចេន សហមេធាវីការពារក្តីលោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ឆ្នាំ២០២៤ ថា “ឃើញច្បាស់ក្រឡែតទៀតហើយគឺថា ៖ ខាងកាន់អំណាច ជាអ្នកចងដៃចងជើង និងបិទមាត់លោកកឹម សុខា ហើយខាងសម រង្ស៉ី សេង សារី និងគឹម សុខ ជាអ្នកវាយប្រហារកឹម សុខា ដែលជាប់ចំណង មិនអាចឆ្លើយតបបកស្រាយបាន។ ខាងកាន់អំណាច បានច្បិចយកសម្ដីលោកកឹម សុខា មកចោទគាត់នៅតុលាការ ឥឡូវនេះគឹម សុខ ក៏ច្បិចសម្ដីលោកកឹម សុខា នៅតុលាការ មកចោទគាត់ទៀត។ អយុត្តិធម៌ និងអគុណធម៌ណាស់…” ។
លោកចាន់ ចេន បន្ថែមថា “ចូរពិចារណា ៖ លោកកឹម សុខា ត្រូវបានគេចោទនិងកាត់ទោស ហើយគាត់ប្តឹងជំទាស់និងការចោទនិងផ្តន្ទាទោសគាត់។ ដូច្នេះអ្នកមិនបានរៀនសូត្រជ្រៅជ្រះយ៉ាងណា ក៏ចេះដឹងដែរថា ការដែលគាត់ចូលទៅតតាំងក្តីក្នុងសវនាការឧទ្ធរណ៍នោះ គឺដើម្បីដោះបន្ទុកពីការចោទរបស់គេ មកលើរូបគាត់។ ប៉ុន្តែគួរឲ្យអស់សំណើច គឹម សុខ តាំងខ្លួនជាអ្នកវិភាគ អ្នកផ្តល់យោបល់ បែរជានិយាយដោយប្រមាថលោកកឹម សុខា ថាជាមេដឹកនាំទន់ខ្សោយ ធ្លាក់ឧត្តមភាព បាត់ឥស្សរភាព ព្រោះតែក្នុងសវនាការនោះ លោកកឹម សុខា មិនបាននិយាយការពារលោកសម រង្ស៊ី និយាយការពារតែខ្លួនឯង“ ។
លោកចាន់ ចេន បានបន្តថា “សុំឲ្យគឹម សុខ ទៅរៀនឡើងវិញ បើចង់តាំងខ្លួនជាទីប្រឹក្សាគេ ហើយត្រូវយល់ថា លោកកឹម សុខា ទៅតតាំងក្នុងសវនាការនោះគឺ ៖ ក្នុងរឿងក្តីរបស់គាត់ (កឹម សុខា) មិនមែនរឿងក្តី សម រង្ស៊ី ទេ ។ ក្នុងសវនាការនោះ លោកកឹម សុខា ទៅតតាំងដោះបន្ទុកដែលគេចោទគាត់។ គាត់មិនមែនជាមេធាវី ទៅការពារសម រង្ស៊ី ដែលគេសម្រេចថាជាទណ្ឌិតហើយនោះទេ។ បើគឹម សុខ ចង់ការពារសម រង្ស៊ី អញ្ជើញធ្វើជាអ្នកក្លាហាន មកធ្វើជាមេធាវីឲ្យសម រង្ស៊ី ទៅ អាស៊ីសេរី នឹងហៅចូលនិយាយយកល្បីចុះ” ។
គួរបញ្ជាក់ថា នៅក្នុងសវនាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានថ្លែងថា រាល់សកម្មភាព និងសាររបស់លោកកន្លងមក គឺចង់ឃើញពលរដ្ឋចេះជ្រើសរើសមេដឹកនាំដែលប្រកាន់យកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។
ជុំវិញការថ្លែងរបស់លោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យគុក ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ សម្រាប់លោកគឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ដ៍ បានចាត់ទុកថា លោកកឹម សុខា ឆ្លើយយករួចខ្លួន មិនហ៊ានការពារលោកសម រង្ស៊ី ដែលជាដៃគូសម្ព័ន្ធភាព ។
លោកលោកគឹម សុខ បានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ចម្លើយរបស់លោក កឹម សុខា នៅសវនាការថ្ងៃនេះ បង្ហាញថា លោកខ្សោយពេកហើយ និងធ្លាក់ឧត្តមភាព ឬបាត់ឥស្សរភាពជាមេដឹកនាំនយោបាយប្រជាធិបតេយ្យកំពូលម្នាក់ របស់ប្រទេសជាតិ។ ចៅក្រម សួរទាក់ទងនឹងសម្ព័ន្ធភាពជាមួយលោកសម រង្ស៊ី ភ្ជាប់នឹងការចោទថា សម រង្ស៊ី ជាបុគ្គលហិង្សា តែលោក កឹម សុខា មិនហ៊ានការពារភាពត្រឹមត្រូវរបស់ដៃគូសម្ព័ន្ធភាពសហការជារួមរបស់គាត់ ឱ្យរឹងមាំ ហើយទៅឆ្លើយក្នុងគោលដៅយកតែរួចខ្លួនគាត់ ដោយផ្ដល់ចម្លើយលើកឧទាហរណ៍ប្រៀបធៀបដល់សម័យប៉ុលពត និងស្នាដៃអហិង្សារបស់គាត់ស្ទើរផ្ដាច់មុខតែគាត់ម្នាក់ឯង ក្នុងការដឹកនាំគណបក្សសង្គ្រោះជាតិកន្លងមក“ ។
លោកគឹម សុខ បន្តថា “ខ្ញុំសួរថា ការប្រឹងឆ្លើយយករួចខ្លួនតែឯង តាមផ្លូវតុលាការ តើសង្ឃឹមថា នឹងបានរួចខ្លួន មានសេរីភាពនយោបាយពេញលេញទេ? បើនរណាសង្ឃឹមដូច្នេះ មិនខុសពីស្រមៃថា អាចដើរលើពពកបាន ដោយជើងទាំងគូដែរ។ ទំនាក់ទំនងកឹម សុខា+សម រង្ស៊ី ក្នុងសម្ព័ន្ធភាព គឺរវាងកឹម សុខា និង សម រង្ស៊ី តើពាក់ព័ន្ធគំនិតអ្វីទៅប្រៀបធៀបនឹងក្រុមបញ្ញវន្ត ដែលជឿនិងចាញ់បោករបបខ្មែរក្រហម? ខ្ញុំមិនបកស្រាយទេ តែជម្រាបដោយខ្លីថា ឯកឧត្តម កឹម សុខា គិតពង្រឹងស្មារតីឡើងវិញ មុននឹងឆ្លើយ។ ខ្ញុំមិនដឹងថា សហមេធាវីរបស់លោក កឹម សុខា នឹងផ្ដល់យោបល់ជូនគាត់យ៉ាងម៉េចទៀតទេ? ប៉ុន្តែចម្លើយរបស់គាត់ នឹងធ្វើឱ្យគាត់ចាញ់ប្រៀបទាំងផ្លូវច្បាប់ និងចាញ់ទាំងផ្លូវនយោបាយ ទាំងគាត់ និងដៃគូគាត់ លោក សម រង្ស៊ី មិនមានកំហុស ដូចតុលាការចោទប្រកាន់សោះនោះ“ ។
ទោះបីយ៉ាងណា ក្រោយបានឃើញការលើកឡើងរបស់លោកគឹម សុខ ដូចខាងលើនេះ សហការីរបស់លោកកឹម សុខា ជាច្រើនរូប បានចេញមកប្រតិកម្ម ដោយបានលើកឡើងដូចគ្នាថា វាពិតជាមិនត្រឹមត្រូវ និងសមហេតុផលទាល់តែសោះ ដែលឲ្យមនុស្សបាត់បង់សេរីភាព ទៅនិយាយការពារមនុស្សដែលកំពុងមានសេរីភាព ហើយប្រើសម្ដីហិង្សា ។
លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ និងជាជំនួយការរបស់លោកកឹម សុខា បានបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “មានតែអ្នកមានកំណើតជាស្វាទេ យល់ថាអ្នកបាត់បង់សេរីភាពកំពុងតតាំងនឹងការកាត់ទោសដោយអយុត្តិធម៌ចំពោះខ្លួន ទៅនិយាយការពារឱ្យជនកំសាករត់យករួចខ្លួន។ ស្វា កុំធ្វើខ្លួនជាសត្វពពែ!“ ។
លោកមុត ចន្ថា បន្ថែមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “អ្នកវិភាគគ្មានញាណជាមនុស្ស គឺគឹម សុខ និងសេង សារី ព្រោះពីរនាក់នេះ ប្រមាថជនរងគ្រោះដោយអំពើអយុត្តិធម៌ដែលកំពុងរងទុក្ខទោសដោយការបាត់បង់សេរីភាពនិងសិទ្ធិគ្រប់យ៉ាង។ ជនទាំង២នេះ គ្មានមនុស្សធម៌!“ ។
ស្របគ្នានេះដែរ លោកបោយ រើយ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ និងជាសហការីលោកកឹម សុខា ម្នាក់ទៀត បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “ប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា លោក គឹម សុខ ដើរបបួលគេឯង តតាំងគ្នាតាមវិទ្យុនានា ក្នុងនោះក៏បបួលលោកមេធាវីម្នាក់ផងដែរ ។ បើខ្ញុំជាលោកមេធាវីវិញ មិនចាំបាច់អ្វីទៅដេញដោលជាមួយលោកគឹម សុខ ទេ ព្រោះសាធារណជនដឹងច្បាស់ហើយថា គាត់ជាអ្នកវិភាគលម្អៀងទៅសម រង្ស៊ី ហើយនោះ ។ ម្យ៉ាងទៀត ខ្ញុំជឿថា លោកមេធាវី មានមុខរបររបស់គាត់ផ្សេង មិនមែនជាអ្នកយកប្រព័ន្ធវិទ្យុនានា ជាមុខរបរវិភាគ តាំងខ្លួនជាអ្នកចេះស្តីប្រដៅគេនោះទេ“ ។
លោកបោយ រើយ បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «ចូរអានសំណេរអ្នកនៅក្នុងសវនាការ ! ក្នុងនាមខ្ញុំជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដែលបានចូលរួមស្តាប់សវនាការ លើកទី៣ រឿងក្តីលោកកឹម សុខា ដោយផ្ទាល់ នៅសាលាឧទ្ធរណ៍ ខ្ញុំសុំបញ្ជាក់ថា ៖ បន្ទាប់ពីមេធាវីរដ្ឋាភិបាល លើកជាសំណួរ និងលើកយកភស្តុតាងមកចោទសួរលោកកឹម សុខា ថា «លោកកឹម សុខា ឯង ជាអ្នកប្រកាន់យកនូវគោលការណ៍អហិង្សានិយម សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហេតុអ្វីបានជាទៅរួបរួមជាមួយទណ្ឌិតបសម រង្ស៉ី ដែលជាអ្នកហិង្សានិយម ដូចមានក្នុងភស្តុតាងនេះ? តើមានបរទេសបង្ខំឲ្យរួបរួមឬ?»។
ពេលនោះ លោកកឹម សុខា ឆ្លើយថា ៖ «លោករួបរួមតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ មិនមានបរទេសណាមកបង្គាប់បញ្ជា ឬបង្ខំឡើយ ព្រោះខ្ញុំជាអ្នកគោរពឆន្ទៈប្រជាពលរដ្ឋ ហើយរួបរួមអ្នកប្រជាធិបតេយ្យនេះ គឺដើម្បីទៅបោះឆ្នោតផ្តល់ជម្រើសជូនប្រជាពលរដ្ឋ មិនមែនទៅធ្វើបដិវត្តន៍ពណ៌ ដូចការចោទមួលបង្កាច់នោះទេ» ។ ម្យ៉ាងទៀត លោកកឹម សុខា ក៏បានលើកឡើងថា ៖ «ក្នុងនាមជាអ្នកនយោបាយ មិនមែនតែខ្ញុំទេដែលមានការរួបរួម ឬមានការបែកបាក់គ្នានោះ ជាពិសេសមានឧទាហរណ៍មេដឹកនាំខ្មែរ កន្លងមក មានអ្នកខ្លះធ្លាប់គាំទ្រខ្មែរក្រហម ប៉ុល ពត ផង ហើយបែកចេញវិញ ។ មានអ្នកខ្លះធ្លាប់ច្បាំងគ្នា ចោទគ្នាថាក្បត់ជាតិ ហើយត្រូវគ្នាឱបគ្នាវិញ ដូចករណីជាមួយសម្តេចក្រុមព្រះ និងមេដឹកនាំនយោបាយផ្សេងៗ គឺជារឿងធម្មតារបស់អ្នកនយោបាយ ។ តែសម្រាប់ខ្ញុំ សំខាន់គឺខ្ញុំប្រកាន់យកនូវគោលការណ៍ «អហិង្សា» ប្រកួតប្រជែងតាមរយៈការបោះឆ្នោត គោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយគោលការណ៍មានចែងនៅក្នុងលក្ខន្តិកៈរបស់គណបក្សដែលរួបរួមគ្នានេះ» ។
សូមកុំច្បិចយកពាក្យខ្លី បាត់អត្ថន័យពិត មកបកស្រាយចោទប្រកាន់គ្នា ព្រោះលោកកឹម សុខា កំពុងរងការចោទប្រកាន់ និងផ្តន្ទាទោសដោយសារការច្បិចយកសំដីគាត់មិនពេញញលេញប្រាកចាកអត្ថន័យពិតនោះ» ។
ជាមួយគ្នានោះដែរ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជនអតីតគណបក្សសង្រ្គោះជាតិ និងជាសហការីលោកកឹម សុខា ម្នាក់ទៀត បានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “វិភាគចុះឡើង ចង់ឲ្យលោកកឹម សុខា ដូរអាជីពពីមេបក្សប្រឆាំង ទៅជាមេធាវីការពារលោកសម រង្ស៊ី ។ លោកកឹម សុខា ត្រូវបានគេចោទ និងកាត់ទោសយ៉ាងអយុត្តិធម៌ ហើយគាត់ប្តឹងជំទាស់នឹងការចោទនិងផ្តន្ទាទោសគាត់នោះ។ ដូច្នេះអ្នកមិនបានរៀនសូត្រជ្រៅជ្រះយ៉ាងណាក៏ចេះដឹងដែរថា លោកកឹម សុខា ចូលទៅតតាំងក្តីក្នុងសវនាការនៅសាលាឧទ្ធរណ៍នោះ គឺដើម្បីដោះបន្ទុកពីការចោទរបស់គេមកលើរូបគាត់។ ប៉ុន្តែគួរឲ្យអស់សំណើច អ្នកវិភាគដ៏មហិមានៃយើង បែរជានិយាយដោយប្រមាថលោកកឹម សុខា ថាជាមេដឹកនាំទន់ខ្សោយ ធ្លាក់ឧត្តមភាព បាត់ឥស្សរភាព ព្រោះតែក្នុងសវនាការនោះលោកកឹម សុខា មិនបាននិយាយការពារលោក សម រង្ស៊ី និយាយការពារតែខ្លួនឯង។ ឱ! ពុទ្ធោហើយ! ទៅគិតឡើងវិញ លោកកឹម សុខា ទៅតតាំងក្នុងសវនាការនោះ គឺ៖ ទី១- ក្នុងរឿងក្តីរបស់លោកកឹម សុខា មិនមែនរឿងក្តីលោកសម រង្ស៉ី នោះទេ។ ទី២- ក្នុងសវនាការនោះ លោកកឹម សុខា ទៅតតាំងដោះបន្ទុកដែលគេចោទគាត់។ គាត់មិនមែនជាមេធាវីទៅការពារលោកសម រង្ស៉ី ដែលគេសម្រេចថាជាទណ្ឌិតហើយនោះទេ“ ៕ កុលបុត្រ