Thursday, January 23, 2025
Homeព័ត៌មានជាតិប្រព័ន្ធទុកចិត្តខ្ពស់ កម្ពុជា ធ្វើបានដូចសិង្ហបុរី ទទួលបានក្រុមហ៊ុនវិនិយោគធំៗ

ប្រព័ន្ធទុកចិត្តខ្ពស់ កម្ពុជា ធ្វើបានដូចសិង្ហបុរី ទទួលបានក្រុមហ៊ុនវិនិយោគធំៗ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ប្រទេសកម្ពុជា បើធ្វើបានដូចសិង្ហបុរី ដែលជាប្រទេសអភិវឌ្ឍជឿនលឿននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើឲ្យមានប្រព័ន្ធទុកចិត្តខ្ពស់ អាចទុកចិត្តបាន រួមមាន ប្រព័ន្ធយុត្តិធម៌ ការអនុវត្តច្បាប់បានល្អត្រឹមត្រូវ រួមទាំងកម្រិតនៃអំពើពុករលួយ ទាប នឹងទទួលបានក្រុមហ៊ុនធំៗ មកវិនិយោគ និងដាក់ការិយាល័យកណ្ដាលរបស់ខ្លួន ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “មេរៀនពីសិង្ហបុរី ក្រុមហ៊ុនអន្តរជាតិធំៗ បានជ្រើសរើសប្រទេសសិង្ហបុរី ជាការិយាល័យកណ្ដាលរបស់ខ្លួន ដោយសារតែប្រព័ន្ធការទុកចិត្តខ្ពស់របស់ប្រទេសនេះ។ ដូចគ្នាដែរ ប្រសិនបើកម្ពុជា អាចបង្កើតនិងរក្សាប្រព័ន្ធទុកចិត្តបានខ្ពស់ យើងក៏នឹងទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗដែរ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ប្រព័ន្ធដែលអាចទុកចិត្តបាន របស់ប្រទេសសិង្ហបុរី រួមមាន ប្រព័ន្ធយុត្តិធម៌ ការអនុវត្តច្បាប់បានល្អត្រឹមត្រូវ រួមទាំងកម្រិតនៃអំពើពុករលួយ ជាដើម ។ ដូច្នេះមាគ៌ាឆ្ពោះទៅមុខ សម្រាប់ការទាក់ទាញការវិនិយោគបរទេសនៅកម្ពុជា គឺគ្មានអ្វីក្រៅពីការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអភិបាលកិច្ច លើកកម្ពស់នីតិរដ្ឋ ដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងកាត់បន្ថយ លុបបំបាត់អំពើពុករលួយ ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! យើងឃើញថា នៅក្នុងការអភិវឌ្ឍប្រទេសមួយ មិនថាប្រទេសខ្មែរ ឬប្រទេសសិង្ហបុរី ទេ គឺវាអាស្រ័យទៅលើកត្តានៃការវិនិយោគរបស់ប្រជាពលរដ្ឋខ្លួនឯងនៅក្នុងប្រទេស ក៏ដូចជាការវិនិយោគពីបរទេស ការវិនិយាគដោយផ្ទាល់របស់អន្តរជាតិ ហើយបន្ថែមពីហ្នឹងទៀត គឺការដែលក្រុមហ៊ុនអន្តរជាតិធំៗជ្រើសរើសប្រទេសមួយ ធ្វើជាការិយាល័យរបស់ខ្លួន សម្រាប់កិច្ចការងារទាក់ទងនឹងប្រតិបត្តិការ ទាំងការផលិត និងការផ្ដល់សេវាកម្មហ្នឹង គឺជារឿងចាំបាច់ណាស់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពីការវិនិយោគហ្នឹង ក៏ដូចជាស្រូបទាញនូវសកម្មភាពនៃការវិនិយោគផ្សេងទៀត ហើយតាមពិតទៅ វាមានកត្តាជាច្រើន ដែលជាកត្តាដើម្បីពង្រឹង ឬក៏ទាក់ទាញការសម្រេចចិត្តរបស់ក្រុមហ៊ុនអន្តរជាតិធំៗ មកជ្រើសរើសប្រទេសមួយ ធ្វើជាការិយាល័យកណ្ដាលហ្នឹង ប៉ុន្តែក្នុងចំណោមកត្តាដែលធំជាងគេហ្នឹង គឺការជឿទុកចិត្តទៅលើប្រព័ន្ធគ្រប់គ្រងដឹកនាំរបស់ប្រទេសហ្នឹង គឺជារឿងសំខាន់ ពីព្រោះនៅពេលដែលគេមកតាំងការិយាល័យកណ្ដាល ក្រុមគេមកក្នុងប្រទេសមួយ ប្រសិនបើនៅក្នុងប្រទេសហ្នឹង មិនអាចទុកចិត្តបាន ជាពិសេសគឺប្រព័ន្ធយុត្តិធម៌ បើការអនុវត្តច្បាប់ នីតិរដ្ឋ និងយុត្តិធម៌ហ្នឹង គឺជារឿងចាំបាច់ណាស់ ។ ប្រសិនបើការគ្រប់គ្រង ការដោះស្រាយបញ្ហា មិនយកច្បាប់ជាធំ មិនថាពលរដ្ឋរបស់ប្រទេសហ្នឹង ឬក៏អ្នកវិនិយោគបរទេស បើមិនស្មើគ្នាចំពោះមុខច្បាប់ទេ ហើយច្បាប់ហ្នឹងមិនតឹងរ៉ឹង មិនយុត្តិធម៌ទេ គឺមិនអាចផ្ដោតទំនុកចិត្តដល់អ្នកវិនិយោគបរទេសហ្នឹង អាចឲ្យមកតាំងការិយាល័យ ឬក៏ដាក់គម្រោងវិនិយោគធំៗនៅក្នុងប្រទេសហ្នឹងបានទេ ។ ជាក់ស្ដែងយើងឃើញប្រទេសសិង្ហបុរីទទួលបាននូវការជឿទុកចិត្តខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ ។ តួយ៉ាងនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនអន្តរជាតិធំៗហ្នឹង បានងាកពីការដាក់ការិយាល័យរបស់ខ្លួន នៅទីក្រុងហុងកុង ដែលបច្ចុប្បន្ននេះជាដែនដីមួយផ្នែករបស់ចិន ហ្នឹង មកដាក់នៅប្រទេសសិង្ហបុរី ដោយសារតែគេមើលឃើញនយោបាយ ដំណើរការប្រជាធិបតេយ្យនៅហុងកុងហ្នឹងវាមានការធ្លាក់ចុះ កម្រិតនៃការជឿទុកចិត្តការអនុវត្តច្បាប់ហ្នឹង វាមានភាពធ្លាក់ចុះ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ដូច្នេះហើយគេមើលឃើញថា នៅអាស៊ីប៉ាស៊ីហ្វិកនេះ ក្រៅពីប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងអូស្រ្តាលី អីជាដើមហ្នឹង ឃើញថា សិង្ហបរី ជាប្រទេសមួយដែលមានទាំងស្ថិរភាពនយោបាយខ្ពស់ ហើយជាពិសេសគឺប្រព័ន្ធទុកចិត្តរបស់ប្រទេសនេះ និយាយឲ្យខ្លី គឺប្រព័ន្ធយុត្តិធម៌ ការអនុវត្តច្បាប់នៅក្នុងប្រទេសហ្នឹង រួមទាំងកម្រិតនៃអំពើពុករលួយហ្នឹងវាតិច ។ អ៊ីចឹងទាំងប្រព័ន្ធអំពើពុករលួយតិច ប្រព័ន្ធច្បាប់របស់គេហ្នឹងតឹងរ៉ឹង ការជឿទុកចិត្តនៅក្នុងសង្គមហ្នឹងវាខ្ពស់ ទើបធ្វើឲ្យក្រុមហ៊ុនអន្តរជាតិធំៗហ្នឹងសម្រេចជ្រើសរើសប្រទេសសិង្ហបុរី ជាទីតាំងសម្រាប់ដាក់ការិយាល័យរបស់ខ្លួន ។ ចំណុចនេះ ខ្ញុំចង់ឆ្លុះបញ្ចាំងថា សម្រាប់កម្ពុជាយើង ដើម្បីធ្វើឲ្យសង្គមយើងរីកចម្រើនទៅលឿន វាទាល់តែមានការចូលរួមទាក់ទាញបន្ថែមនូវការវិនិយោគពីបរទេស ហើយដើម្បីទាក់ទាញគេបាន វាទាល់តែយើងធ្វើខ្លួនយើងហ្នឹង ប្រព័ន្ធរដ្ឋបាល ប្រព័ន្ធគ្រប់គ្រងយើងហ្នឹងឲ្យគេទុកចិត្តបាន ។ មានន័យថា សគឺស ខ្មៅគឺខ្មៅ ខុសគឺខុស ត្រូវគឺត្រូវ អំពើពុករលួយហ្នឹង មានតិចបំផុត អាហ្នឹងទើបវាអាចទាក់ទាញអ្នកវិនិយោគពិតប្រាកដ មិនមែនជាក្រុមអ្នកវិនិយោគកាប់ដាវ មកគ្រាន់តែលាងលុយ ឬក៏មកគ្រាន់តែកេងប្រវ័ញ្ចគម្រោងវិនិយោគដែលយើងឃើញកន្លងមក ច្រើនតែធ្វើនំអត់ម្សៅ ឬក៏មានទម្រង់ជាការបោកប្រាស់នៅក្នុងសង្គម ដែលមាគ៌ាឆ្ពោះទៅមុខ សម្រាប់ការទាក់ទាញការវិនិយោគបរទេសនៅកម្ពុជា ហ្នឹងគឺគ្មានអ្វីក្រៅពីការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអភិបាលកិច្ច ហើយជាពិសេសគឺលើកកម្ពស់នីតិរដ្ឋ ដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងកាត់បន្ថយ លុបបំបាត់អំពើពុករលួយហ្នឹងឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ នោះគឺជាយន្តការសំខាន់ ដើម្បីទាក់ទាញការវិនិយោគបរទេស ពីព្រោះបើសិនជាយើងមិនយកចិត្តទុកដាក់ទាំងអស់ហ្នឹងទេ វាពិបាកនៅក្នុងការដែលធ្វើឲ្យបរទេសគេជឿទុកចិត្តយើង“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “កន្លងមក ខ្ញុំតែងតែឮទាំងមន្រ្តី ទាំងរាស្រ្តយើងខ្លះហ្នឹងតែងតែនិយាយថា នៅស្រុកខ្មែរយើងហ្នឹង មានអ្នកដែលធ្វើការទាមទារឲ្យមានការគោរពសិទ្ធិមនុស្សខ្ពស់ លើកកម្ពស់ប្រជាធិបតេយ្យហ្នឹងឲ្យវាត្រដែត ប៉ុន្តែយើងភ្លេចគិតថា ប្រទេសសិង្ហបុរី នៅក្បែរយើងហ្នឹង ក៏មិនជាប្រទេសប្រជាធិបតេយ្យ ហើយជាប្រទេសដែលមានការគោរពសិទ្ធិមនុស្សដែរ ហើយពួកគាត់បានអះអាងថា ប៉ុន្តែគេរីកចម្រើនខ្ពស់ អ៊ីចឹងមិនបាច់ខ្វល់រឿងសិទ្ធិមនុស្ស ប្រជាធិបតេយ្យអីពេកទេ បណ្ដោយឲ្យតែសេដ្ឋកិច្ចរីកចម្រើនទៅល្អ ។ ប៉ុន្តែសម្រាប់ខ្ញុំ ជាអ្នកតាមដានសិក្សាផ្នែកការអភិវឌ្ឍន៍សង្កម និងធ្វើការងារផ្នែកប្រជាធិបតេយ្យហ្នឹង ខ្ញុំមើលឃើញថា ការលើករបស់អ្នកទាំងអស់នោះ គឺត្រូវតែមួយជ្រុងទេ តាមពិតទៅ ទោះបីជាប្រទេសសិង្ហបុរី ជាប្រទេសដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលមិនមានប្រជាធិបតេយ្យពេញលេញ ប៉ុន្តែសន្ទស្សន៍នៃប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស អភិបាលកិច្ច នីតិរដ្ឋ យុត្តិធម៌នៅក្នុងប្រទេសសិង្ហបុរី ហ្នឹង បើនិយាយអំពីរឿងពុករលួយ នីតិរដ្ឋ និងយុត្តិធម៌ហ្នឹង សិង្ហបុរី នៅជាប្រទេសដែលមានលំដាប់ខ្ពស់ទាំង១០ នៅក្នុងពិភាពលោក ជាប្រទេសដែលគេទទួលស្គាល់ថា មានភាពស្អាតស្អំច្រើនបំផុត ជាប្រទេសដែលមានប្រព័ន្ធយុត្តិធម៌ល្អ ជាប្រទេសដែលមានការគោរពច្បាប់ និងត្រឹមត្រូវ មានប្រព័ន្ធសាធាណៈរឹងមាំ ហើយទាក់ទងរឿងការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យអីទៀតសោត ទោះបីជាប្រទេសសិង្ហបុរី មានបញ្ហាផ្ទៃក្នុងខ្លះទាក់ទងនឹងរឿងសិទ្ធិមនុស្ស ប៉ុន្តែបើមើលអំពីសន្ទស្សន៍នៃសេរីភាពនៅប្រទេសសិង្ហបុរី ប្រៀបធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ រួមទាំងប្រទេសកម្ពុជា ផង ប្រទេសសិង្ហបុរី គឺមានសន្ទស្សន៍នៃការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យហ្នឹង ខ្ពស់ជាងកម្ពុជា ។ ដូច្នេះសម្រាប់កម្ពុជា យើងបើមិនបានធ្វើឲ្យការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យហ្នឹងវាខ្ពស់ដូចបស្ចិមប្រទេស ដែលជាប្រទេសដែលមានប្រជាធិបតេយ្យចាស់ទុំជឿនលឿនទេ ខ្ញុំថាធ្វើឲ្យតែបានប្រសើរដូចសិង្ហបុរី ទៅ ត្រឹមលំដាប់សិង្ហបុរី ដែលជាប្រទេសនៅក្នុងតំបន់ភូមិផងអាស៊ីអាគ្នេយ៍ជាមួយគ្នា ខ្ញុំគិតថា ជាការល្អបំផុតហើយ សម្រាប់ការលើកកម្ពស់នូវគុណភាពរដ្ឋបាលសាធារណៈ ប្រព័ន្ធដឹកនាំ ប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសយើង ហើយវាជាកាតាលីករមួយ ដើម្បីទាក់ទាញការវិនិយោគបរទេស និងធ្វើឲ្យស្រុកទេសយើង មានការរីកចម្រើនមួយកម្រិតទៀត ហើយការពិតទៅ វាជាយន្តការចាំបាច់ ដើម្បីឲ្យកម្ពុជា អាចសម្រេចក្ដីសុបិននៃការវិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០ នោះ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “បើតាមរបាយការណ៍មួយចំនួន ដែលបានសិក្សាវាយតម្លៃអំពីលក្ខណៈប្រកួតប្រជែងនៅកម្ពុជាយើង គឺប្រទេសកម្ពុជាយើងនៅខ្វះខាតច្រើនណាស់ យើងមិនអាចប្រកួតប្រជែងជាមួយគេបាននៅឡើយទេ ទាំងបរិយាកាសអាជីវកម្ម ទាំងលក្ខខណ្ឌផ្លូវច្បាប់ ដំណើរការនៃការចុះបញ្ជីចុះឈ្មោះអាជីវកម្ម ចុះឈ្មោះក្រុមហ៊ុន អំពើពុករលួយ នីតិរដ្ឋរបស់កម្ពុជាយើង យន្តការនៅក្នុងការដោះស្រាយជម្លោះ ឬក៏ទំនាស់ នៅពេលដែលមានបញ្ហាក្ដីក្ដាំ រឿងរ៉ាវកើតឡើងនោះ គឺយើងនៅខ្វះខាតច្រើន ហើយជាក់ស្ដែងយើងឃើញថា ទាក់ទងនឹងរឿងដំណើរការនៃការចុះបញ្ជីអាជីវកម្មមួយ នៅក្នុងស្រុកយើងហ្នឹង គឺយើងជាប់ចំណាត់ថ្នាក់១៨០ លើ១៨៩ ក្នុងចំណោមប្រទេសជិត ១៩០ប្រទេស ។ អ៊ីចឹងយើងសឹងតែនៅបាតថ្នាលនោះ ទាក់ទងនឹងរឿងប្រទេសដែលមានការលំបាកនៅក្នុងការចុះបញ្ជីការធ្វើអាជីវកម្ម ចុះបញ្ជីក្រុមហ៊ុន ហើយប្រទេសនៅក្បែរយើង នៅសិង្ហបុរី ហ្នឹង គេងាយស្រួលចុះ ប្រព័ន្ធពន្ធដារគេ ក៏គេរៀបជាប្រព័ន្ធស្រួល ។ ដូច្នេះចុះក៏ស្រួល ប្រតិបត្តិក៏ស្រួល ដំណើរការនៃការធ្វើអាជីវកម្មហ្នឹងមានច្បាប់ មានទម្លាប់ត្រឹមត្រូវ មិនមែនចេះតែមានអ្នកដទៃមកកោសរូស ឬក៏បង្កឲ្យមានការស្មុគស្មាញនៅក្នុងការធ្វើអាជីវកម្ម ។ លក្ខខណ្ឌទាំងអស់នេះហើយ ដែលជាកត្ដាដែលជំរុញឲ្យសិង្ហបុរី ក្លាយទៅជាប្រទេសឈានមុខគេនៅក្នុងការទាក់ទាញវិនិយោគបរទេស រួមទាំងការទាក់ទាញក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុនយក្ស ក្រុមហ៊ុនធំៗហ្នឹង មកដាក់ការិយាល័យកណ្ដាល នៅក្នុងប្រទេសខ្លួន» ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមទៀតថា “ដើម្បីទាក់ទាញការវិនិយោគហ្នឹង វាទាល់តែយើងកសាងប្រព័ន្ធឲ្យគេទុកចិត្ត ។ ប្រព័ន្ធដែលសំខាន់ហ្នឹង គឺទី១ ប្រព័ន្ធច្បាប់ហ្នឹងល្អ ច្បាប់មានស្ដង់ដារអន្តរជាតិ ច្បាប់យើងហ្នឹងអនុវត្តបានត្រឹមត្រូវ និងផ្ដល់យុត្តិធម៌ឲ្យ ហើយជាពិសេសគឺកាត់បន្ថយអំពើពុករលួយ ទាំងនៅក្នុងប្រព័ន្ធរដ្ឋបាល ទាំងនៅក្នុងការធ្វើពាណិជ្ជកម្ម ដល់កម្រិតអប្បបរមា ឲ្យសឹងតែវាស្អាតស្អំឲ្យបានប្រដមប្រសងនឹងសិង្ហបុរី ខ្ញុំជឿថា នឹងអាចក្លាយទៅជាប្រទេសមួយដែលពិភពលោកមានការទុកចិត្ត ផ្លាស់ប្ដូរការមើលឃើញប្រទេសកម្ពុជា ។ តាមពិតប្រទេសកម្ពុជា យើងមានសក្ដានុពលច្រើនណាស់ បើប្រៀបធៀបទៅនឹងសិង្ហបុរី ប្រទេសយើងមានធនធានធម្មជាតិ ប្រទេសមានធនធានមនុស្ស ដែលសុទ្ធតែជាមនុស្សពេញកម្លាំងនៅក្នុងការធ្វើកិច្ចការងារ ជាប្រទេសដែលមានសក្ដានុពលខ្ពស់ ទាក់ទងនឹងការទទួលបាននូវការវិនិយោគពីបរទេស ហើយជាឱកាសមួយដើម្បីឲ្យអភិវឌ្ឍប្រទេសដែរ ។ ប៉ុន្តែទាល់តែយើងរៀបចំខ្លួន និយាយភាសាសាមញ្ញថា យើងជាគ្រាប់ពេជ្រមួយ ប៉ុន្តែបើសិនជាយើងអត់ចេះច្នៃ ហើយយើងអត់ចេះខ្ចប់វាឲ្យវាមានតម្លៃ នៅពេលនោះវាគ្រាន់តែជាដុំថ្ម ។ ហេតុនេះហើយការធ្វើខ្លួន កសាងប្រព័ន្ធសង្គម ប្រព័ន្ធច្បាប់ ប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចហ្នឹង ឲ្យមានគុណភាពខ្ពស់ ឲ្យមានប្រសិទ្ធភាព គឺជារឿងចាំបាច់ ដើម្បីបន្តនិងបង្ហាញភាពកក់ក្ដៅ ក៏ដូចជាការទុកចិត្តដល់អ្នកវិនិយោគបរទេស ក៏ដូចជាដៃគូអន្តរជាតិ នៅក្នុងការសម្រេចចិត្តមកវិនិយោគ ឬក៏មកបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងក្នុងវិស័យការអភិវឌ្ឍសង្គម និងវិស័យពាណិជ្ជកម្ម“ ៕ កុលបុត្រ

RELATED ARTICLES