Thursday, January 23, 2025
Homeព័ត៌មានជាតិម៉ែក្មេកបំបែកស្នេហ៍ ព្រាត់រស់៥ខែ ស៊ីអូកម្សត់ អង្វរសុំជួបប្រពន្ធកូនវិញ

ម៉ែក្មេកបំបែកស្នេហ៍ ព្រាត់រស់៥ខែ ស៊ីអូកម្សត់ អង្វរសុំជួបប្រពន្ធកូនវិញ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ជាអតីតស៊ីអូ (បុគ្គលិកធនាគារផ្នែកឥណទាន) បានទម្លាយរឿងរ៉ាវរ៉ាវកម្សត់និងឈឺចាប់ក្នុងជីវិតរបស់ខ្លួន ដោយអះអាងថា ប្តីប្រពន្ធរបស់ខ្លួន កំពុងរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ រហូតដល់បង្កើតបានកូនស្រីម្នាក់ អាយុជាង៤ឆ្នាំទៅហើយ ស្រាប់តែនៅសុខៗ ត្រូវម្តាយក្មេកបំបែកស្នេហ៍ ពង្រាត់ប្រពន្ធកូន ចេញពីទ្រូង មិនឱ្យជួបមុខ សូម្បីតែទូរស័ព្ទ ក៏មិនឱ្យនិយាយជាមួយ ធ្វើឱ្យរូបគេព្រាត់ពីប្រពន្ធកូន ជាង៥ខែមកហើយ និងបានទទូចអង្វរករដល់ម្តាយក្មេក សូមឲ្យគេបានរួមរស់ជួបជុំប្រពន្ធកូនវិញ។

បុរសស៊ីអូកម្សត់ ដែលទម្លាយរឿងម៉ែក្មេកបំបែកស្នេហ៍នោះ មានឈ្មោះ វ៉ង់ សុខចាន់ អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិយោត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ នី ណាន អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានកូនស្រីម្នាក់ អាយុ៤ឆ្នាំ។

ស៊ីអូកម្សត់ វ៉ង់ សុខចាន់ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “កូននៅជាមួយខ្ញុំនិងគ្រួសារ តាំងពីកើតបាន១ខែ រហូតដល់អាយុ៤ឆ្នាំ ដៃម្ខាងកាន់កូន ដៃម្ខាងបើកគោយន្ត ទៅកាប់អុស យកកូន យកអង្រឹងទៅតាម ប្រពន្ធធ្វើការរោងចក្រ ចុះហេតុអ្វីនិយាយថា ខ្ញុំអត់ចិញ្ចឹមកូន? ខ្ញុំចាំមិនភ្លេចទេ ពីសៀមរាប មកកំពង់ឆ្នាំង ដៃប្រពន្ធបីកូន គឺលុយ ១០០០០រៀលគត់ តើជាកំហុសអ្នកណា? បើកំហុសខ្ញុំទៀត ខ្ញុំក៏ព្រមទទួលដែរ ឱ្យតែខ្ញុំបានជួបជុំប្រពន្ធកូន។ ៥ខែហើយ សូម្បីមុខ សូម្បីសំឡេង ក៏ខ្ញុំមិនបានឮផង ចុះបើអ្នកទាំងអស់គ្នាជាខ្ញុំវិញ គិតយ៉ាងម៉េច? ចិត្តជាឪពុកម្តាយគេ អ្នកខ្លះប្រហែលឆ្កួតបាត់ហើយ…”។

បុរសដដែល បានសរសេរបន្ថែមនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ថា “រឿងផ្ទៃក្នុងគ្រួសារខ្ញុំមិននិយាយឱ្យអ្នកណាដឹងទេ ខ្ញុំតែងនិយាយថា ប្រពន្ធខ្ញុំល្អរហូត តែម្តងនេះ ខ្ញុំដាច់ចិត្តទម្លាយឱ្យគេដឹងច្រើនបន្តិចហើយ ខ្ញុំមិនខឹង ហើយក៏មិនស្អប់ខាងណាដែរ អ្វីដែលខ្ញុំចង់បាន គឺការជួបជុំប្រពន្ធកូន និងចង់ឃើញអ្នកមានគុណទាំងសងខាង មានទំនាក់ទំនងល្អនឹងគ្នាដូចមុន ទោះទៅរស់នៅខាងណា ក៏ខ្ញុំនៅបានដែរ ត្រង់ម៉ែចេះស្រលាញ់កូនម៉ែ ខ្ញុំក៏ដូចគ្នា ខ្ញុំក៏ស្រលាញ់កូនខ្ញុំដែរ ព្រាត់ស្លាប់ យូរទៅបាត់ទៅ បើព្រាត់រស់ចឹង វាអាចធ្វើឱ្យខ្ញុំឆ្កួតបាន ពេលខ្លះចង់គិតខ្លីម្តងៗ ប៉ុន្តែនាំគ្នាដាក់សម្ពាធ គំរាមប្រពន្ធខ្ញុំសព្វគ្រប់ពេកហើយ រឿងអីក៏គាត់មិនដែលលាក់ខ្ញុំដែរ ឱ្យខ្ញុំជួបជុំគ្នាវិញទៅ ខ្ញុំសូមអង្វរ…”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ ស៊ីអូកម្សត់ វ៉ង់ សុខចាន់ បានប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ថា លោកនិងប្រពន្ធ ឈ្មោះនី ណាន បានស្រលាញ់គ្នាដោយចិត្តនិងចិត្ត ដោយកាលណោះ លោកនិងប្រពន្ធ សុទ្ធតែឡើងមកពីស្រុកកំណើត មកធ្វើការនៅភ្នំពេញ ដូចគ្នា រួចបានជួបស្គាល់ ទាក់ទងគ្នា រហូតឈានដល់ក្លាយជាចំណងស្នេហា រួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ ៦ឆ្នាំមកហើយ ដោយមិនបានរៀបអាពាហ៍ពិពាហ៍ទេ ពោលគឺបានរួមរស់ជាមួយគ្នា រហូតបង្កើតបានកូនស្រីម្នាក់ ទើបរៀបចំសែនព្រេនបង្គ្រប់កិច្ច ដោយមានការចូលរួមដឹងឮពីសាច់ញាតិ ចាស់ទុំទាំងសងខាងផងដែរ។

ស៊ីអូកម្សត់ ព្រាត់ប្រពន្ធកូន បានបន្តថា រឿងហេតុដែលនាំឱ្យមានការរកាំរកូសដំបូង គឺអំឡុងពេលដែលលោកបានទៅលេងផ្ទះម្តាយក្មេក ក្នុងពិធីបុណ្យចូលឆ្នាំ ពេលនោះ ដោយលោកធ្លាប់បានទិញចិញ្ចៀន ឱ្យប្រពន្ធពាក់ លុះពេលមិនឃើញចិញ្ចៀន លោកក៏បានសួរនាំ និងទាញដៃប្រពន្ធមើល តែជ្រុលធ្វើឱ្យដៃប្រពន្ធហើម ស្រាប់តែម៉ែក្មេកបានប្តឹងថា លោកបានវ៉ៃប្រពន្ធ តែតាមពិត លោកគ្រាន់តែទាញដៃ បណ្តាលឱ្យហើមប៉ុណ្ណោះ ហើយពេលនោះ ម្តាយក្មេក បានឱ្យលោកធ្វើកិច្ចសន្យានៅចំពោះមេឃុំទៀតផង។

លោក វ៉ង់ សុខចាន់ បានបន្ថែមថា ក្រោយមក ម៉ែក្មេក បានឆាតមកហៅលោកឱ្យដាក់ច្បាប់ឡើងទៅសៀមរាប ៣ថ្ងៃ លុះលោកសួរថា “ឡើងទៅធ្វើអី?” គាត់ប្រាប់ថា ឱ្យលោកនិងប្រពន្ធឡើងទៅដើម្បីចេញមុខខ្ចីលុយុ ឱ្យបងថ្លៃ ១ម៉ឺនដុល្លារ ។ ឮបែបនេះ លោកប្រកែក ព្រោះចំនួន ច្រើនពេក ខ្លាចអត់មានលទ្ធភាពសង តែបន្ទាប់ពីគិតគ្នាជាមួយប្រពន្ធរួច លោកក៏យល់ព្រមដាក់ច្បាប់ ឡើងទៅសៀមរាប ស្រាប់តែទៅដល់ ម្តាយក្មេកបែរជាធ្វើហី មិនចង់និយាយស្តីរកលោកឡើយ លុះលោកសួរថា “ម៉េចហើយ រឿងខ្ចីលុយនោះ?” គាត់ឆ្លើយថា “មិនបាច់ទេ លែងចង់បានហើយ”។

លោក វ៉ង់ សុខចាន់ បានបន្តថា “ម្តាយក្មេកខ្ញុំ និយាយថា បើប្រពន្ធខ្ញុំនៅជាមួយខ្ញុំ អត់បានជួយរកលុយដោះបំណុលអង្គការ ឱ្យគាត់ទេ ហើយមិនដែលផ្ញើលុយឱ្យគាត់ទេ ទាំងដែលខ្ញុំក៏ធ្លាប់បានផ្ញើជូនគាត់ជាម្តាយក្មេកដែរ ម្តង៣០ ទៅ៤០ម៉ឺនរៀល គឺច្រើនជាងផ្ញើឱ្យម្តាយបង្កើតខ្ញុំទៅទៀត ណាមួយខ្ញុំមានបន្ទុកគ្រួសារត្រូវរ៉ាប់រង មានទាំងប្រពន្ធនិងកូន ហេតុនេះមិនអាចផ្តល់លុយកាក់ឱ្យគាត់បានច្រើន ឬតាមការទាមទារនោះទេ។ ដល់រយៈពេលចុងក្រោយ ខ្ញុំដាក់ច្បាប់ឈប់ធ្វើការ ហេតុនេះអត់បានផ្ញើលុយឱ្យម្តាយក្មេក រយៈពេល៣ខែ ស្រាប់តែគាត់បានផ្ញើលុយមកឱ្យប្រពន្ធខ្ញុំ ដើម្បីឡើងទៅផ្ទះគាត់ ឯខេត្តសៀមរាប ហើយប្រពន្ធខ្ញុំ ខ្លាចខ្ញុំដឹង បានលួចនាំកូនចេញទៅសៀមរាប បាត់ទៅ ដោយយកលេសថា ជូនកូនទៅសាលារៀន រួចក៏ចេញទៅបាត់។ លុះខ្ញុំភ័យឆោឡោ តាមរកអត់ឃើញ សួរនាំចុះឡើង ទើបដឹងថា ប្រពន្ធទៅដល់សៀមរាប បាត់ទៅហើយ»។

លោកវ៉ង់ សុខចាន់ បានបន្តទៀតថា “មកដល់ពេលនេះ ខ្ញុំបានបែកពីប្រពន្ធនិងកូន រយៈពេលជាង៥-៦ខែមកហើយ។ ក្រោយមក ម្តាយក្មេក បានឱ្យប្រពន្ធខ្ញុំចេញទៅធ្វើការនៅឯប៉ោយប៉ែត លុះខ្ញុំដឹង ក៏ឡើងទៅយកប្រពន្ធត្រឡប់មកផ្ទះ នៅខេត្តកំពង់ឆ្នាំង ស្រាប់តែម្តាយក្មេក បានប្តឹងប៉ូលិសថា ខ្ញុំចាប់ជំរិត និងបង្ខាំងកូនស្រីគាត់ទៅវិញ ទើបម្តាយបង្កើតខ្ញុំខ្លាចមានរឿង ក៏ប្រាប់ឱ្យប្រពន្ធខ្ញុំ ឡើងទៅផ្ទះ ឯសៀមរាប មុនទៅ ហើយកន្លងមក ប្រពន្ធខ្ញុំធ្លាប់ប្រាប់ខ្ញុំថា ម៉ែអត់ឱ្យខ្ញុំយកបងឯងទេ គាត់ជឿតាមគ្រូទាយថា បើយកគ្នា អនាគតទៅ អត់មានទេ តែបើយកប្តីក្រោយ មានឡានជិះ …”។

លោក វ៉ង់ សុខចាន់ បានសំណូមពរ និងអង្វរម្តាយក្មេកថា “អ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺគ្រាន់តែចង់សួរទៅម្តាយក្មេកថា តើម៉ែ ចង់បានអី? សូមប្រាប់ខ្ញុំឱ្យត្រង់មក ព្រោះកាលលើកមុន គាត់ចង់ឱ្យខ្ញុំទៅរស់នៅឯណោះ (សៀមរាប) និងបានបង្គាប់ឱ្យខ្ញុំលក់ដីនៅនេះ (កំពង់ឆ្នាំង) ឱ្យអស់ទៅ តែខ្ញុំធ្វើមិនបាន ហើយពេលនេះ ទោះជាម្តាយក្មេក គាត់ចង់ឱ្យខ្ញុំលែងលះគ្នាក៏ខ្ញុំព្រមលែងលះតាមដែរ តែខ្ញុំគ្រាន់ចង់ជួបមុខ ជួបសម្តីជាមួយប្រពន្ធរបស់ខ្ញុំផ្ទាល់ ដើម្បីសួរថា តើនាងពិតជាចង់លែងខ្ញុំមែនឬអត់? ព្រោះលើកមុន ពេលខ្ញុំព្រមផ្តិតមេដៃលែង តែមិនទាន់ បានផ្តិតផង ប្រពន្ធរបស់ខ្ញុំយំបាត់ទៅហើយ មានន័យថាគាត់មិនទាន់អស់អាល័យពីខ្ញុំជាប្តីដូចគ្នា…” ៕

RELATED ARTICLES