ភ្នំពេញ ៖ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយពេញក្នុងបណ្តាញសង្គម និងធ្វើឱ្យផ្ទុះការជជែកវែកញែកយ៉ាងផុលផុស ដោយខ្លះសម្តែងការងឿងឆ្ងល់ រីឯខ្លះទៀតបញ្ចេញមតិមិនពេញចិត្ត ជុំវិញសកម្មភាពរបស់កម្លាំងប្រជាការពារ ១ក្រុម របស់សាលាខណ្ឌដូនពេញ បានលើកស៊ីក្លូ ១គ្រឿង ដាក់លើរថយន្ត ដឹកយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ។ យ៉ាងណា ករណីនេះ ត្រូវបានអាជ្ញាធរ បកស្រាយថា តាមពិតមិនមែនជាករណីចាប់ស៊ីក្លូនោះទេ តែស៊ីក្លូនោះ ត្រូវបានទុកចោល រកម្ចាស់មិនឃើញ ២-៣ថ្ងៃមកហើយ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានការចែករំលែកតៗគ្នា ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក នូវវីដេ អូឃ្លីបមួយ បង្ហាញពីសកម្មភាពកម្លាំងប្រជាការពារ ១ក្រុម លើកស៊ីក្លូ ១គ្រឿង ដាក់ឡើរថយន្តរបស់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ធ្វើមហាជនដែលបានឃើញ ផ្ទុះការវែកញែក ដោយខ្លះបង្ហាញពីការងឿងឆ្ងល់ ខ្លះបានបញ្ចេញមតិមិនពេញចិត្តទៅលើកម្លាំងប្រជាការពារ ដោយយល់ឃើញថា ប្រជាការពារ កំពុងធ្វើបាបអ្នក ធាក់ស៊ីក្លូ ។

ក្រោយកើតមានការវែកញែក និងរិះគន់ខាងលើ រដ្ឋបាលបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ស៊ីក្លូដែលកម្លាំងសណ្តាប់ធ្នាប់បានលើកដាក់លើរថយន្តនោះ ព្រោះតែរកម្ចាស់មិនឃើញ ទុកចោល ២-៣ថ្ងៃមកហើយ ទើបកម្លាំងគណៈបញ្ជាការខណ្ឌ សម្រេចយកទៅរក្សាទុក រង់ចាំម្ចាស់មកទទួល ហើយករណីនេះ បានកើតឡើងតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ១១០ កែងផ្លូវលេខ១៥ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់តាមគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកថា “ការចែកចែកតាមបណ្តាញសង្គម មានការផ្សព្វផ្សាយពីការលើកស៊ីក្លូដាក់លើរថយន្តនៅត្រង់ចំណុចផ្លូវ១១០ កែងផ្លូវ១៥ (ផ្សារចាស់)។ ស៊ីក្លូ ដែលប្រជាការពារលើកទៅរក្សាទុកនោះ គឺជាស៊ីក្លូដែលប្រជាពលរដ្ឋផ្តល់ព័ត៌មានថា មិនឃើញម្ចាស់ ពីរបីថ្ងៃហើយ…”។

លោកចាប ឌីណា បន្តថា “ដូច្នេះដើម្បីរក្សាស៊ីក្លូ និងចង់ដឹងពីសុវត្ថិភាពម្ចាស់ស៊ីក្លូ ទើបរដ្ឋបាលខណ្ឌ សម្រេច ចិត្តយកទៅរក្សាទុក រង់ចាំម្ចាស់មកទទួល។ លុះរហូតមកដល់ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៦ ទើបម្ចាស់ស៊ីក្លូ បានមកទទួលយកទៅវិញហើយ។ អាស្រ័យហេតុនេះ ស្នើសុំមេត្តាបងប្អូនកុំបន្តចែកចាយនូវរូបភាពវីដេអូនេះបន្តទៅទៀត…”៕