Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធររកឃើញការកាប់ទន្ទ្រានដីព្រៃ ១៤ទីតាំង

អាជ្ញាធររកឃើញការកាប់ទន្ទ្រានដីព្រៃ ១៤ទីតាំង

ខេត្តមណ្ឌលគិរី ៖ សកម្មភាពកាប់រានដីព្រៃតាមតំបន់អភិរក្សនានា ក្នុងខេត្តមណ្ឌលគិរី នាដើមឆ្នាំ២០២៤ កំពុងកើតមានជាហូរហែ ទោះបីមន្ត្រីជំនាញបង្កើនការយាមល្បាត និងចាប់បង្ក្រាបជាបន្តបន្ទាប់ រហូតមានករណីខ្លះជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ក្តី។

សេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រុមការងារចម្រុះ ដឹកនាំដោយលោកស៊ាវ ងីឈាន់ និងលោកសុង គឹមហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃ ស្រែពក-ណាមលៀរ នៃមន្ទីរបរិស្ថាន ដោយមានកិច្ចសហការពីអាជ្ញា ធរស្រុកពេជ្រាដា កម្លាំងកងរាជអាវុធហត្ថស្រុកពេជ្រាដា ចុះប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំ ណាមលៀរ បានប្រទះឃើញមានការកាប់រុករានទន្ទ្រានដីព្រៃ ចំនួន១៤ទីតាំង។

ប្រតិបត្តិការនេះ មន្ត្រីជំនាញបានបែងចែកជាពីរក្រុម ក្រុមទី១-ដឹកនាំដោយលោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង និងក្រុមទី២-ដឹកនាំដោយលោកសុង គីមហេង ព្រះរាជអាជ្ញារង។ ក្នុងប្រតិបត្តិការនេះ ក្រុមមន្ត្រីជំនាញបានរកឃើញដីព្រៃអភិរក្ស ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចកាប់ផ្តួលដើមឈើក្នុងភូមិសាស្ត្រភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ចំនួន១០ទីតាំង ។ ចំណែកបួនទីតាំងទៀត គឺស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។

តាមការបញ្ជាក់ពីមន្ត្រីជំនាញដែលបានចុះក្នុងប្រតិបត្តិការខាងលើ បានឱ្យដឹងថា ការកាប់រានដីព្រៃទាំងនោះ ជនល្មើសបានប្រើរូបភាពលួចចូលទៅកាប់ផ្តួលដើមឈើ ពេលដែលកម្លាំងយាមល្បាតនៃដែនជម្រកសត្វព្រៃ ស្រែពក-ណាមលៀរ ជាប់បំពេញភារកិច្ចនៅទីតាំងផ្សេង ហើយខ្លះទៀតឆ្លៀតឱកាសចូលកាប់រាននៅពេលយប់។

ក្នុងករណីនេះ ក្រោយពីក្រុមការងារបានជួបប្រទះនូវបទល្មើសកាប់រានទន្ទ្រានខាងលើ មន្ត្រីជំនាញកំពុងបន្តធ្វើការវាស់វែង យកទំហំទីតាំងដីកាប់រាន និងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

RELATED ARTICLES