Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងអនឡាញ ២កន្លែង វ៉ៃខ្នោះ៥ ត្រៀមបណ្តេញចេញជិត២០០នាក់

បង្ក្រាបល្បែងអនឡាញ ២កន្លែង វ៉ៃខ្នោះ៥ ត្រៀមបណ្តេញចេញជិត២០០នាក់

ខេត្តព្រះសីហនុ ៖ យោងតាមសារាចរណែនាំ និងប្រសាសន៍ដឹកនាំរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាប ទីតាំងលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់ ចំនួន២ទីតាំង នៅខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ថា កម្លាំងសមត្ថកិច្ចចម្រុះ បានឆ្មក់ចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់ ចំនួន២ទីតាំង នៅខេត្តព្រះសីហនុ រួមមាន ៖

ទីតាំងទី១- កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបនៅទីតាំងអតីតកាស៊ីណូ Paradis Island ស្ថិតនៅក្នុងខេត្តព្រះសីហនុ រកឃើញជនបរទេស ១៧២នាក់ (ស្រី៤៣នាក់) មាន៤សញ្ជាតិ (ជនជាតិវៀតណាម១០៩នាក់ ថៃ៥៤នាក់ ចិនតៃវ៉ាន់៨នាក់ និងចិន១នាក់)។

ចំពោះអ្នកគ្រប់គ្រងចំនួន៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ (ចិនតៃវ៉ាន់ ៤នាក់ និងចិន ១នាក់) កំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះជនបរទេស ចំនួន១៦៧នាក់ (ស្រី៤១នាក់) មាន ៣សញ្ជាតិ (វៀតណាម ១០៩នាក់ ថៃ ៥៤នាក់ និងចិនតៃវ៉ាន់ ៤នាក់) ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

ទីតាំងទី២- នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងមួយដែលស្ថិតនៅក្រុមទី២៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ រកឃើញជនជាតិខ្មែរ ចំនួន២៧៩នាក់ (ស្រី២២៧នាក់) និងរកឃើញជនបរទេសចំនួន២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន២៧នាក់ និងមីយ៉ាន់ម៉ា១នាក់)។

ចំពោះចំណាត់ការ សម្រាប់ជនបរទេសចំនួន២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន២៧នាក់ និងមីយ៉ាន់ម៉ា១នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

កិច្ចប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងក្នុងគោលដៅដើម្បីលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕

RELATED ARTICLES