Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ទុស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នងទាំងយប់

 ទុស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នងទាំងយប់

ខេត្តពោធិ៍សាត់ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់គ្មានសល់ ទាំង កណ្តាលអធ្រាត្រ ដោយមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) និងត្រូវបានកម្លាំងជំនាញពន្លត់អគ្គិភ័យបញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹក ពន្លត់ អស់ចំនួន៤រថយន្ត តែមិនអាចស្រោចស្រង់អ្វីបានឡើយ។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះថ្មផ្ទាល់ដី ដំបូលប្រក់សង្ក័សី មានទំហំទទឹង១០ម៉ែត្រ គុណនឹងបណ្តោយប្រវែង ៣០ម៉ែត្រ មានម្ចាស់ឈ្មោះសឿន សុភ័ស្សសុភាតា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមនុស្សម្នាក់កំពុងដេកលង់លក់ ស្រាប់តែគេឮសូរសំឡេងជនរងគ្រោះជាម្ចាស់ផ្ទះខាងលើ ស្រែកឱ្យជួយ លុះពេលអ្នកភូមិចេញទៅមើល ប្រទះ ឃើញផ្ទះខាងលើ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅហើយ រួចក៏នាំគ្នាជួយពន្លត់ម្នាក់មួយដៃមួយជើង តែទប់ទល់មិនឈ្នះ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ទាំងស្រុង (ភ្លើងរលត់ជាស្ថាពរ) ដោយមិនបង្កឱ្យរាលដា លដល់លំនៅឋានប្រជាពលរដ្ឋផ្សេងឡើយ និងមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ តែយ៉ាងណា ផ្ទះទាំងមូលត្រូវក្លាយជាចំណីភ្លើងអស់ទៅហើយ។ ចំពោះមូលហេតុ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

សមត្ថកិច្ចបានបញ្ជាក់ថា ជុំវិញការខូចខាតក្នុងហេតុការណ៍អគ្គិភ័យខាងលើ រួមមាន ឆេះផ្ទះ ១ខ្នងទាំងស្រុង រួមនិងសម្ភារៈ ដូចជា គ្រឿងឈើសម្រាប់ធ្វើផ្ទះ ១កំប្លេ ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង ម៉ូទ័រឈូសឈើ ម៉ូទ័រស្វាន ម៉ូទ័រឆាប សរុប១០គ្រឿង ឈើប្រភេទប្រណីត (ធ្នង់) ១ម៉ែត្រត្រីគុណ ទូរស័ព្ទ ២គ្រឿង អត្តសញ្ញាណប័ណ្ណ ១សន្លឹក សញ្ញាបត្រ ១សន្លឹក ឯកសារផ្សេងៗមួយចំនួន និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត៕

RELATED ARTICLES