Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់ នាំទៅមើលគុក

ក្មេងទំនើងបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់ នាំទៅមើលគុក

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចក្រុងសួង បានបង្ក្រាបក្មេងទំនើង ចំនួន២នាក់ ដែលបង្កភាពអសន្តិសុខក្នុងសង្គម (បង្ហោះម៉ូតូតាមផ្លូវ) លុះក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានចាប់កោរសក់ រួចនាំក្មេងទំនើងទាំងនាក់ ចូលទៅមើលទណ្ឌិតក្នុងពន្ធនាគារ ដើម្បីបង្ហាញពីការលំបាកក្នុងការរស់នៅដោយគ្មានសេរីភាព។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានស្ទាក់ឃាត់ខ្លួនក្មេងទំនើង២នាក់ កំពុងបង្ហោះម៉ូតូ នៅចំណុចផ្លូវបេតុង សង្កាត់វិហារលួង ក្រុងសួង។

ក្មេងទំនើងទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉ម ស៊ីន អាយុ២១ឆ្នាំ មានលំនៅ ភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង និងទី២-ឈ្មោះឌឿន ផានុត អាយុ១៦ឆ្នាំ មានលំនៅ ភូមិសួងកើត សង្កាត់សួង ក្រុងសួង។

សមត្ថកិច្ច បានបញ្ជាក់ថា ក្មេងទំនើងទាំង២នាក់នេះ បានបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងភូមិ ជើងវត្តសង្កាត់វិហារលួង ក្រុងសួង។ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ និងនាំពួកគេទាំង២នាក់ យកទៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីសាកសួរ។

ក្រោយសាកសួរ សមត្ថកិច្ចបានអនុវត្តវិធានការទៅលើពួកគេ ដោយកោរសក់ និងនាំទៅពន្ធនាគារខេត្តត្បូងឃ្មុំ ដើម្បីឱ្យពួកគេមើលអ្នកជាប់គុក។

សមត្ថកិច្ច បានបន្តទៀតថា សម្រាប់ក្មេងទំនើងទាំង២នាក់ ត្រូវធ្វើការអប់រំកែប្រែនៅចំពោះមុខឪពុកម្តាយ ឬអាណាព្យាបាល ព្រមទាំងធ្វើកិច្ចសន្យា មិនឱ្យប្រព្រឹត្តទង្វើបែបនេះទៅថ្ងៃក្រោយទៀត ត្រូវខិតខំកែប្រែកសាងខ្លួនឱ្យសមជាធនធានដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។

ក្រោយពីបានធ្វើកិច្ចសន្យា អប់រំរួច សមត្ថកិច្ចបានប្រគល់ក្មេងទំនើងទាំង២នាក់ ឱ្យក្រុមគ្រួសារវិញ ដើម្បីអប់រំបន្ត៕

RELATED ARTICLES