Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយកកាំភ្លើងភ្ជង់គេលេង ជាប់ខ្នោះមែន

យកកាំភ្លើងភ្ជង់គេលេង ជាប់ខ្នោះមែន

ខេត្តព្រៃវែង ៖ បុរសវ័យចំណាស់ម្នាក់ ជានិវត្តន៍ជន នៅសុខៗបានកាន់កាំភ្លើងខ្លី ១ដើម  ដើរភ្ជង់អ្នកភូមិ ធ្វើឱ្យមានការភ័យខ្លាចគ្រប់ៗគ្នា រហូតដល់រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគន៍ ចាប់វាយខ្នោះភ្លាមៗ នាំយកមកចាត់ការតាមច្បាប់ និងដកហូតបានកាំភ្លើងខ្លី ១ដើម មកពិនិត្យមើល ជាកាំភ្លើងគ្មានគ្រាប់។

ករណីភ្ជង់កាំភ្លើង គំរាមអ្នកភូមិនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិពពេល ឃុំក្របៅ ស្រុកកំចាយមារ។

ជនសង្ស័យដែលប្រើកាំភ្លើងខ្លីដើរភ្ជង់គំរាមអ្នកភូមិ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះឌី គឿន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនិវត្តន៍ជន មានលំនៅ ភូមិពពេល ឃុំក្របៅ ស្រុកកម្ចាយមារ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ បានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ ឈ្មោះឌី គឿន តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានចោទប្រកាន់ថា បុរសរូបនោះបានប្រើប្រាស់កាំភ្លើងខ្លី ១ដើម ដើរភ្ជង់គំរាមគេឯងពេញភូមិ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យបានយកកាំភ្លើងខ្លី ម៉ាករ៉ូឡូ ពណ៌ស ស្នាប់ដៃពណ៌ក្រហម ស្រោមពណ៌ខ្មៅ គ្មានគ្រាប់ ដើរភ្ជង់គំរាមកំហែងប្រជាការពារ និងប្រជាពលរដ្ឋក្នុងភូមិ ធ្វើឱ្យពួកគាត់មានការភ័យខ្លាចគ្រប់គ្នា ទើបរាយការណ៍ប្តឹងមកសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ។

យ៉ាងណា កម្លាំងនគរបាលស្រុកកំចាយមារ មិនទាន់បានបញ្ជាក់ឱ្យដឹងច្បាស់ពីមូលហេតុនៅឡើយទេ ថាហេតុអ្វីបានជាជនសង្ស័យខាងលើ ប្រើប្រាស់កាំភ្លើងអត់គ្រាប់ ដើរភ្ជង់គំរាមគេបែបនេះ ហើយតើកាំភ្លើងនេះ ជន សង្ស័យបានមកពីណា?

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES