Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងទំនើងណាត់កា...ប់...គ្នា ជាប់ខ្នោះ១០នាក់

 ក្មេងទំនើងណាត់កា…ប់…គ្នា ជាប់ខ្នោះ១០នាក់

ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម ដោយម្ខាងៗមានគ្នាប្រមាណជាង១០នាក់ បានណាត់ជួបគ្នាដើម្បីស្រាយគំនុំចាស់ ដោយបានប្រើដាវ កាំបិត ដំបង និងដុំថ្ម ដេញកាប់ចាក់ វាយនិងគប់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាង និងធ្វើឱ្យម៉ូតូ ១គ្រឿង រងការខូចខាតខ្ទេចស្ទើរទាំងស្រុង ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ដោយឃាត់ខ្លួនក្មេងទំនើងទាំងសងខាង បានចំនួន ១០នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្មេងទំនើងកាប់ចាក់គ្នានេះ បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៨ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ។

តាមប្រភពសមត្ថកិច្ចជំនាញខេត្តបាត់ដំបង បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ថា កម្លាំងសមត្ថកិច្ចស្រុកសង្កែ សហការជាមួយកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង បានចុះបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើង ១០នាក់ ពាក់ព័ន្ធករណីហិង្សាកាប់គ្នាទៅវិញទៅមក នៅស្រុកសង្កែ ដែលបង្កដោយក្មេងទំនើង ចំនួន២ក្រុម បានបង្កការអុកឡុក យកកាំបិតកាប់ និងដុំថ្ម គប់គ្នាទៅវិញទៅមក បណ្តាលឱ្យម៉ូតូចំនួន ១គ្រឿង ម៉ាក GPX ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ (ខូចខាតទាំងស្រុង)។ 

ប្រភពដដែល បន្តថា ក្រោយពីបានទទួលបណ្តឹងភ្លាមៗ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការកំណត់មុខសញ្ញាក្មេងទំនើង ចំនួន២ក្រុម រួមមាន ៖

-ក្រុមទី០១ មានគ្នាចំនួន១០នាក់ (ឃាត់ខ្លួនបានចំនួន៥នាក់) រួមមាន ទី១-ឈ្មោះឆោម រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ (ឃាត់ខ្លួន)។ ទី២-ឈ្មោះវី វ៉ាន់ដា  ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះអៀត ឆេងលី ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ (ឃាត់ខ្លួន)។ ទី៤-ឈ្មោះចំរើន សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិរំចេក៤ សង្កាត់រតន៉ ក្រុងបាត់ដំបង (ឃាត់ខ្លួន)។ ទី៥-ឈ្មោះ ចេង គីមហ៊ូ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ឃាត់ខ្លួន)។ ទី៦-ឈ្មោះសុភ័ក្ត សុភិន ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិស្វាយជ្រ ឃុំអូរដំបង២ ស្រុកសង្កែ (គេចខ្លួន)។ ទី៧-ឈ្មោះសង សីហា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ (គេចខ្លួន)។ ទី៨-ឈ្មោះរឿន មករ៉ា ភេទប្រុស អាយុ១៣ឆ្នាំ មានលំនៅ ភូមិកំពង់ម្តោង ឃុំអូរដំបង២ ស្រុកសង្កែ (គេចខ្លួន)។ ទី៩-ឈ្មោះគឿន សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិស្វាយជ្រំំ ឃុំអូរដំបង២ ស្រុកសង្កែ (គេចខ្លួន) និងទី១០-ឈ្មោះទូ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មិនស្គាល់លំនៅ (គេចខ្លួន)។

ចំណែកក្រុមទី២ មានគ្នាចំនួន១៣នាក់ (ឃាត់ខ្លួនបានចំនួន៥នាក់) រួមមាន ទី១-ឈ្មោះផុន វ៉ានណាត ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ឃាត់ខ្លួន)។ ទី២-ឈ្មោះផុន វេហា ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ឃាត់ខ្លួន)។ ទី៣-ឈ្មោះគឹម សារ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ឃាត់ខ្លួន)។ ទី៤-ឈ្មោះស្រៀង ចំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ឃាត់ខ្លួន)។ ទី៥-ឈ្មោះរ៉ាយ រតនៈ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ (ឃាត់ខ្លួន)។ ទី៦-ឈ្មោះរី វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (គេចខ្លួន)។ ទី៧-ឈ្មោះត្រា ភេទប្រុស អាយុប្រហែល១៦ឆ្នាំ មិនស្គាល់លំនៅ (គេចខ្លួន)។ ទី៨-ឈ្មោះគុណ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ (គេចខ្លួន)។ ទី៩-ឈ្មោះវណ្ណី  ភេទប្រុស អាយុប្រហែល១៥ឆ្នាំ (គេចខ្លួន)។ ទី១០-ឈ្មោះទី ភេទប្រុស អាយុប្រហែល១៥ឆ្នាំ (គេចខ្លួន)។ ទី១១-ឈ្មោះស្យា ភេទប្រុស អាយុប្រហែល២២ឆ្នាំ (គេចខ្លួន)។ ទី១២-ឈ្មោះហាក់ គឹមហេង ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (មិនបានចូលរួមសកម្មភាព)។ និងទី១៣-ឈ្មោះរី លិន ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (មិនបានចូលរួមសកម្មភាព)។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង២ក្រុម (១០នាក់) ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ និងដុំថ្មគប់គ្នាទៅវិញទៅមកប្រាកដមែន។ មូលហេតុដោយសារធ្លាប់មានជម្លោះ និងគំនុំនឹងគ្នាពីមុនមក។

ក្មេងទំនើងទាំង១០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES