Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានឡើងសួន បុកបង្គោលភ្លើង

បើកឡានឡើងសួន បុកបង្គោលភ្លើង

ភ្នំពេញ ៖ រថយន្ត ១គ្រឿង បើកបរក្នុងល្បឿនលឿន រួចក៏រេចង្កូតឡើងលើខឿនសួនពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង ១ដើម បណ្តាលឱ្យ បាក់ដាច់២កំណាត់ និងរលើងគល់តែម្តង។ ចំណែករថយន្តបង្កហេតុ បានវិល១ជុំ ស្ទើររងការខូចខាតខ្ទេចមុខ តែសំណាងល្អ អ្នកបើកបរមិនមានរងរបួសអ្វីនោះទេ ហើយក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅតាមមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-5783 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងលើខឿនសួនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម ពេញទំហឹង (បាក់ដាច់ជា ២កំណាត់) និងរលើងគល់ ដួលរាបដល់ដី។ ចំណែករថយន្តបង្កហេតុ បានវិល១ជុំ ប៊ិះក្រឡាប់ ធ្វើឱ្យរងការខូចខាតខ្ទេចមុខ ប៉ុន្តែសំណាងល្អមិនបង្កឱ្យអ្នកណាម្នាក់រងរបួសឡើយ។ រីឯអ្នកបើកបរ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ។

តាមសម្តីបុរសជាអ្នកបើកបររថយន្តបង្កហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលខ្លួនកំពុងបើក បររថយន្ត ក្នុងទិសដៅពីកើត ទៅលិច ស្រាប់តែមានរថយន្តព្រុស ១គ្រឿង បានបើកបរជ្រុលមកបុកកង់ក្រោយរថយន្តរបស់គាត់ ទើបធ្វើឱ្យរថយន្តគាត់រេចង្កូតឡើងលើខឿនសួនពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្តខាងលើ ទៅរក្សាទុក រង់ចាំដោះ ស្រាយតាមនីតិវិធី៕

RELATED ARTICLES