Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាដាំបាយទៅវត្ត ភ្លើងឆេះផ្ទះហ្មត់

តាដាំបាយទៅវត្ត ភ្លើងឆេះផ្ទះហ្មត់

ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់ បានដាក់ដាំបាយរួច ចេញទៅវត្តបាត់ ដោយមិនបានពន្លត់ភ្លើងចង្ក្រាន ឱ្យបានត្រឹមត្រូវ ស្រាប់តែពេលត្រឡប់មកពីវត្តវិញ ប្រទះឃើញផ្ទះរបស់ខ្លួនត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាតអស់ទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិខ្ពប ឃុំមហាខ្ញូង ស្រុកកោះសូទិន។

ផ្ទះដែលរងការឆាបឆេះ មានទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ មានម្ចាស់ឈ្មោះប៉ោ ង៉ុយ ភេទប្រុស អាយុ៧២ឆ្នាំ មានលំនៅ ភូមិខ្ពប ឃុំមហាខ្ញូង ស្រុកកោះសូទិន។

តាមប្រភពបុរសចំណាស់ជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានដាក់ដាំបាយ ធ្វើម្ហូបរួច ចាកចេញពីផ្ទះ ទៅវត្ត ដោយមិនបានពន្លត់ភ្លើងចង្ក្រាន ឱ្យបានត្រឹមត្រូវនោះទេ។ លុះមកដល់វេលាម៉ោងកើត ហេតុ ពេលគាត់ត្រឡប់មកពីវត្តវិញ ឃើញភ្លើងកំពុង ឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យផ្អើលដល់អ្នកភូមិ ជួយពន្លត់ដែរ តែមិនឈ្នះ ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ភ្លាមៗ តែយឺតពេលទៅហើយ។

ករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង អង្ករ ចំនួន៣បាវ ស្រូវ៦បាវ មាសគីឡូ ចំនួន១តម្លឹងកន្លះ ប្រាក់ ចំនួន២លានកន្លះ និង៥០០ដុល្លារ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ លោកវរសេនីយ៍ឯក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង កម្លាំងប្រជាកាពារ និងប្រជាពលរដ្ឋ ចុះជួយពន្លត់ដោយផ្ទាល់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន (ភ្លើងបានរលត់ទៅវិញអស់) នៅវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃដដែល ដោយពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វឡើយ៕

RELATED ARTICLES