Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ័យក្មេងស្ទាវដេ...ញ...វ៉ៃ ជិះម៉ូតូបុកកង់បីក្រឡាប់ របួ...ស...២នាក់

 ភ័យក្មេងស្ទាវដេ…ញ…វ៉ៃ ជិះម៉ូតូបុកកង់បីក្រឡាប់ របួ…ស…២នាក់

ភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូ១គ្រឿង គេចពីក្រុមក្មេងទំនើង ១ក្រុម ដែលកំពុងដេញតាមវាយ ធ្វើឱ្យភ័យស្លន់ពេក ជ្រុលចង្កូតម៉ូតូទៅបុកម៉ូតូកង់បី ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់ រងរបួសស្រាល២នាក់ ចំណែកក្រុមក្មេងទំនើង ឃើញសភាពបែបនេះ បាននាំគ្នាជិះម៉ូតូគេចបាត់អស់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី កែងផ្លូវចេញពីវេងស្រេង ខាងក្រោមស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1O-0494 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈកំពុងជិះម៉ូតូសុខៗ ក៏បានជួបនឹងក្រុមក្មេងស្ទាវមួយក្រុម ដែលមានគ្នាជាង១០ជាងនាក់ ជិះម៉ូតូ៥ទៅ៦គ្រឿង ស្រាប់តែក្រុមក្មេងស្ទាវទាំងនោះ បាននាំគ្នាជិះម៉ូតូដេញតាមវាយយុវជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះព្យាយាមបន្ថែមល្បឿនម៉ូតូ បំណងរត់គេច ទាំងភ័យស្លន់ស្លោ។ លុះមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE- 1421 ដែលកំពុងធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីជើង ទៅត្បូង យ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បីក្រឡាប់ បោកទៅជញ្ជាំងផ្ទប្រជាពលរដ្ឋ រងរបួសស្រាល ២នាក់ ចំណែកម៉ូតូកង់បី រងការខូចខាតស្ទើទាំងស្រុង។ រីឯក្រុមក្មេងទំនើងឃើញសភាពបែបនេះ បាននាំគ្នាគេចបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការវាស់វែងរួចរាល់ ហើយឱ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមួយជំហាន ដោយភាគីខាងម៉ូតូកង់បី ទាមទារសំណងចំនួន២០០០ដុល្លារ ដោយភាគីខាងម៉ូតូ មិនព្រម ទើបសមត្ថកិច្ចបានអូសយកម៉ូតូនិងម៉ូតូកង់បី ទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES