Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរោងចក្របិទទ្វារ ថៅកែរត់បាត់ កម្មករ៤ពាន់នាក់ ធ្វើបាតុកម្មបិទផ្លូវ

រោងចក្របិទទ្វារ ថៅកែរត់បាត់ កម្មករ៤ពាន់នាក់ ធ្វើបាតុកម្មបិទផ្លូវ

ភ្នំពេញ ៖ កម្មករ-កម្មការិនីប្រមាណជាង ៤ពាន់នាក់ ដែលបម្រើការងារនៅរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y&W) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ជិតផ្សារព្រែកជ្រៃ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មបិទផ្លូវ កាលពីវេលាម៉ោង៨និង២០ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៥ចំណុច ខណៈដែលថៅកែ បានបិទទ្វាររោងចក្រ ហើយបានរត់បាត់។

តាមប្រភពពីក្រុមកម្មករដែលប្រមូលផ្តុំគ្នាធ្វើបាតុកម្មបិទ បានអះអាងថា ប៉ុន្មានថ្ងៃមកនេះ នៅសុខៗ ស្រាប់តែបាត់ខ្លួនថៅកែ ហើយ១ថ្ងៃក្រោយពីថៅកែបាត់ខ្លួន រោងចក្របានផ្អាកដំណើរទាំងស្រុង ដោយពុំបានទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជូនកម្មករឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា រោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមិន នេះគឺជារោងចក្រកាត់ដេរសម្លៀក បំពាក់សម្រាប់កូនក្មេង ដែលមានកម្មករ កម្មការិនី បម្រើការងារ សរុបជាង៤ពាន់នាក់ ហើយនៅព្រឹកថ្ងៃកើត ហេតុខាងលើ ក្រោមការដឹកនាំដោយលោកជួន ប៊ុនថុល ប្រធានសហព័ន្ធសហជីពសេរីដើម្បីកម្មករខ្មែរ កម្មករទាំងអស់ បាននាំគ្នាធ្វើតុកម្មបិទផ្លូវ ២កន្លែង។ ដោយមុនដំបូង បាននាំគ្នាឈរ រួចយករនាំងដែក និងតុឈើ ដាក់បិទផ្លូវលេខ២១៧ ត្រង់ចំណុចមុខផ្សារព្រែកជ្រៃ ក្បែររោងចក្រ ដោយបិទទាំងគន្លងផ្លូវដែលចូលនិងគន្លងចេញ ពីរាជធានីភ្នំពេញ តែម្តង។

ប្រភពព័ត៌មានដដែល បានឱ្យដឹងបន្តថា ក្រោយពីបិទនៅត្រង់ចំណុចខាងលើនោះ រយៈពេលមួយសន្ទុះធំ ក្រុមបាតុករបានកាន់បដាដែលសរសេរដោយដៃ ដង្ហែក្បួនចេញពីចំណុចនោះ ដើរទៅបិទផ្លូវបំបែកជាបួនរវាងផ្លូវ៥០ម៉ែត្រ និងផ្លូវ២១៧ ភ្លើងស្តុបព្រែកជ្រៃ ទៀត ប៉ុន្តែក្រោយពេលបិទផ្លូវបានបន្តិច ក៏បានរំសាយត្រឡប់ចូលទៅកាន់រោងចក្រវិញ បន្ទាប់ពីអាជ្ញាធរ និងនគរបាលខណ្ឌដង្កោ រួមជមួយមន្ត្រីនៃក្រសួងការងារ ចុះទៅធ្វើការសម្របសម្រួលជាមួយកម្មកររួចមក។

ក្រុមកម្មករ បានឱ្យដឹងថា ថៅកែរោងចក្រ បានបាត់ខ្លួន ឬក៏អាចនិយាយបានថា រត់គេចខ្លួនចោលកម្មករ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ លុះ១ថ្ងៃក្រោយមក គឺនៅថ្ងៃទី០២ ខែមីនា ស្រាប់តែរោងចក្រ ផ្អាកលែងដំណើរការ ទាំងដែលមិនបានប្រាក់ឈ្នួលខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនពួកគាត់ឡើយ។ បន្ទាប់មក ពួកគាត់បាននាំគ្នាធ្វើការទាមទារនៅក្នុងរោងចក្រ រយៈពេល៥ថ្ងៃ កន្លងមកហើយ។ ប៉ុន្តែគ្មានដំណោះស្រាយ ថៅកែអត់ចេញមុខដោះស្រាយ ទើបនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ពួកគាត់ប្រមូលផ្តុំគ្នា ធ្វើបាតុកម្មបិទផ្លូវ បែបនេះតែម្តង ដើម្បីឱ្យខាងក្រសួងការងារ បានដឹង និងជួយដោះស្រាយជូនពួកគាត់ផង ។

ក្រុមកម្មករ បានបញ្ជាក់ថា ពួកគាត់ទាមទារនូវលក្ខខណ្ឌការងារ ចំនួន ៥ចំណុច រួមមាន ៖ ទី១-ស្នើសុំឱ្យភាគីរោងចក្រ បើកប្រាក់ឈ្នួលចុងក្រោយ តាមមាត្រា១១៦ នៃច្បាប់ការងារ។ ទី២-ស្នើសុំឱ្យភាគីរោងចក្រ បើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ តាមមាត្រា១១៦-១១៧ នៃច្បាប់ការងារ។ ទី៣-ស្នើសុំឱ្យភាគីរោងចក្រ បើកប្រាក់បំ ណាច់អតីតភាពដែលនៅសល់ តាមមាត្រា៩៨ថ្មី ប្រកាស៤៤៣។ ទី៤-ស្នើសុំឱ្យភាគី រោងចក្រ បើកប្រាក់ជូនដំណឹងមុន តាមមាត្រា៧៥-៧៧-៧៩ ។ និងទី៥-ស្នើសុំភាគីរោងចក្រ បើកប្រាក់សងជំងឺចិត្តជូនកម្មករ កម្មការិនី តាមមាត្រា៩១ថ្មី ។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយកាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤  បានបញ្ជាក់ថា ការធ្វើបាតុកម្មរបស់កម្មករនិយោជិត នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ដែលមានអាសយដ្ឋាន ស្ថិតនៅផ្លូវចម្ការដូង (២១៧) ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌ ដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បានឈានដល់ការបិទផ្លូវសាធារណៈ លេខ២១៧ សង្កាត់ព្រែកជ្រៃ ខណ្ឌដង្កោ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ក្រសួង សូមអំពាវនាវដល់កម្មករនិយោជិត អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ហើយងាកមកស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបថា វិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ជាករណីក្រុមហ៊ុនបិទទ្វារ ដោយថៅកែបានរត់ចោលរោងចក្រ ដែលត្រូវដោះស្រាយទៅតាមច្បាប់ស្តីពីការងារ និងតាមច្បាប់ស្តីពីក្ស័យធន។ យោងតាមនីតិវិធីច្បាប់ ក្រសួង នឹងប្តឹងក្រុមហ៊ុនទៅតុលាការ ដើម្បីស្នើសុំដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ និងដោះស្រាយលើបណ្តឹងអង្គសេចក្តី ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតទាំងអស់។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមរម្លឹកដល់អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីវិធានច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងមនសិការទទួល ខុសត្រូវ ហើយមិនត្រូវឆ្លៀតឱកាសកេងចំណេញ ក្នុងរូបភាពណាមួយពីករណីវិវាទការងារនេះ តាមរយៈការបកស្រាយ និងធ្វើសកម្មភាពនានា ផ្ទុយពីខ្លឹមសារ និងគោលការណ៍ច្បាប់ឡើយ។ ជនទាំងឡាយណាដែលព្យាយាមបកស្រាយច្បាប់ ដោយមិនត្រឹមត្រូវ ក្នុងចេតនាបង្កឱ្យមានការតវ៉ាដោយខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន…៕

RELATED ARTICLES