Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូគេជិះ យកទៅលក់ ជាប់ខ្នោះ៤នាក់

ខ្ចីម៉ូតូគេជិះ យកទៅលក់ ជាប់ខ្នោះ៤នាក់

ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានខ្ចីម៉ូតូពីស្ត្រីម្នាក់ រស់នៅភូមិជាមួយគ្នា ដោយប្រាប់ថាជិះទៅទិញស្រាមួយភ្លែត រួចជិះយកទៅបាត់ និងថែមទាំងបានគប់គិតជាមួយបក្ខពួក ៣នាក់ទៀត លក់ម៉ូតូគេ យកលុយចាយអស់ ទីបំផុតម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីស៊ីដាច់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ រហូតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចជំនាញស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ សរុបចំនួន៤នាក់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនួន ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (ជាជនដៃដល់ឆបោកម៉ូតូជនរងគ្រោះ)។ ទី២-ឈ្មោះប៉ិ ឆៃណា ហៅឡុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ជាអ្នកយកម៉ូតូទៅលក់បន្ត)។ ទី៣-ឈ្មោះ សែម ភារម្យ ហៅក្តឹប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ជាអ្នកយកម៉ូតូទៅ លក់បន្ត)។ និងទី៤-ឈ្មោះសុន លី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ (ជាអ្នក ទទួលផលចោរកម្ម អ្នកទិញម៉ូតូពីជនសង្ស័យក្នុងតម្លៃ៥០ម៉ឺនរៀល)។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យយកទៅលក់ ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ប៉ៃលិន 1B-0791 ជារបស់ជនរងគ្រោះឈ្មោះវឿន ណាវី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានលំនៅ ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិ ការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងករណីរំលោភលើទំនុកចិត្ត ពីជនរងគ្រោះឈ្មោះវឿន ណាវី  ដោយបានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ខ្លួនបានជិះម៉ូតូទៅបេះផ្លែអម្ពិល ដើម្បីយកទៅលក់ នៅចំណុចចម្ការ ស្ថិតក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ លុះដល់វេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃដដែល ខណៈដែលខ្លួនកំពុងបេះផ្លែអម្ពិល ស្រាប់តែជនសង្ស័យឈ្មោះនួន ចាន់ បានដើរមកសុំខ្ចីម៉ូតូរបស់គាត់ ដោយប្រាប់ថា សុំខ្ចីម៉ូតូជិះទៅទិញស្រាមួយភ្លែត ហើយជនសង្ស័យ បានយកម៉ូតូទៅបាត់ ដោយមិនបានយកមកប្រគល់ឱ្យគាត់វិញទេ។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ កំណត់មុខសញ្ញាបាន រហូត ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បាននាំខ្លួនជនសង្ស័យចំនួន៤នាក់ រួមមាន ៖

ទី១- ជនសង្ស័យឈ្មោះនួន ចាន់ ជាអ្នកជនដៃដល់ឆបោកម៉ូតូពីជនរងគ្រោះ (មានផ្ទុកសារធាតុញៀន) ឆែកលើដងខ្លួន ឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន ១កញ្ចប់តូច ទម្ងន់០,១៥ក្រាម ជាមុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិន ១លើក កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។ ឃាត់ខ្លួននៅចំណុចមុខកាស៊ីណូ ហុង បូ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ទី២-ជនសង្ស័យឈ្មោះប៉ិ ឆៃណា ហៅឡុង ជាអ្នកយកម៉ូតូទៅលក់បន្ត (មានផ្ទុកសារធាតុញៀន) ធ្លាប់ជាប់ ពន្ធនាគារខេត្តប៉ៃលិន ១លើក ក្នុងឆ្នាំ២០២០ ពាក់ព័ន្ធករណីគ្រឿងញៀន។ ឃាត់ខ្លួននៅចំណុចក្នុងកាស៊ីណូម្កុដ ពេជ្រ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ទី៣-ជនសង្ស័យឈ្មោះសែម ភារម្យ ហៅក្តឹប  ជាអ្នកយកម៉ូតូទៅលក់បន្ត (មានផ្ទុកសារធាតុញៀន)។ ឃាត់ខ្លួននៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ទី៤-ជនសង្ស័យឈ្មោះសុន លី ជាអ្នកទទួលផលចោរកម្ម ឃាត់ខ្លួននៅចំណុចផ្ទះជួល ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងទទួលផលចោរកម្ម ប្រាកដមែន។

វត្ថុតាងដកហូត សរុបរួមមាន ៖ ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ចំនួន១កញ្ចប់តូច ទម្ងន់០,១៥ក្រាម។ ២-ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ប៉ៃលិន 1B-0791 ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES