Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាក់ច្រាំងទន្លេ ធ្លាក់ដើមស្វាយរាប់រយដើមចូលទឹក

បាក់ច្រាំងទន្លេ ធ្លាក់ដើមស្វាយរាប់រយដើមចូលទឹក

ខេត្តព្រៃវែង ៖ ដើមស្វាយ រាប់រយដើម ដែលកំពុងចេញផ្លែពេញដើម នៅលើកោះកន្ធាយ ក្នុងឃុំស្វាយភ្លោះស្រុកពាមជរ ខេត្តព្រៃវែង បានបាក់ធ្លាក់ចូលទឹកទន្លេ ជាបន្តបន្ទាប់ ដោយសារតែបាក់ដីច្រាំងទន្លេ។

ប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការស្វាយ នៅលើកោះកន្ធាយ បានរៀបរាប់ថា ដីកោះកន្ធាយ បានចាប់ផ្តើមបាក់ ច្រាំង រយៈពេលជាង ១ឆ្នាំមកហើយ ដោយបាក់ម្តងៗប្រវែងពី១០ ទៅ២០ម៉ែត្រ។ ហើយគិតមកដល់ពេលនេះ គឺក្បាលកោះកន្ធាយទាំងមូល បានបាក់ដាច់បាត់អស់ជាង ៣០០ម៉ែត្រទៅហើយ។

ប្រជាពលរដ្ឋ បានបន្តថា រយៈពេលជាង ១០ថ្ងៃចុងក្រោយនេះ ច្រាំងក្បាលកោះកន្ធាយ បានបាក់សន្ធាប់ខ្លាំង ធ្វើឱ្យដើមស្វាយរបស់ពួកគាត់ ដែលដាំនៅក្បាលកោះ និងកំពុងផ្លែពេញដើមនោះ ត្រូវបាក់ចូលទៅក្នុងទន្លេ អស់ រាប់រយដើម។ ប៉ុន្តែអ្វីដែលពួកគាត់កំពុងតែព្រួយបារម្ភ ខ្លាំងនោះ គឺច្រាំងនេះវានៅតែបន្តបាក់ទៀត ដែលធ្វើឱ្យដើមស្វាយរបស់ពួកគាត់ រាប់ពាន់ដើមទៀត ត្រូវប្រឈមប៉ះពាល់ខ្លាំងបំផុត ទើបពួកគាត់ស្នើឱ្យអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ ជួយចុះពិនិត្យមើល និងរកដំណោះស្រាយផង។

ចំពោះមូលហេតុដែលបណ្តាលឱ្យមានការបាក់ច្រាំងដាច់កោះកន្ធាយ ខ្លាំងបែបនេះ ត្រូវបានពលរដ្ឋអះអាងថា ដោយសារតែកត្តាធំៗ ចំនួន២ ទី១-មកពីកត្តាធម្មជាតិ ទឹកទន្លេហូរច្រោះខ្លាំង និងទី២-ដោយសារមានសាឡង់បូមខ្សាច់ មកបូមនៅជុំវិញកោះនេះច្រើន ទើបបណ្តាលឱ្យ ដីខ្សាច់នៅផ្នែកខាងក្រោមបាតទន្លេ ហូរច្រោះ ហើយបណ្តាលឱ្យបាក់ដីខាងលើ ចូលក្នុងទន្លេបែបនេះទៅ។

ដោយឡែកលោកសន យ៉ុង មេឃុំស្វាយភ្លោះ បានអះអាងថា ដីកោះកន្ធាយនេះ មិនមែនទើបតែបាក់នោះទេ គឺវាបាក់ច្រើនឆ្នាំមកហើយ ដោយបាក់បន្តិចម្តងៗរាប់រយម៉ែត្រហើយ ប៉ុន្តែវាបាក់ដាច់ផ្នែកក្បាលកោះ ហើយវាទៅដុះនៅខាងកន្ទុយកោះវិញ។

លោកមេឃុំបានបញ្ជាក់ថា ការបាក់ដីក្បាលកោះកន្ធាយនេះ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់ដំណាំដើមស្វាយ របស់ប្រជាពលរដ្ឋមែន ប៉ុន្តែលោកក៏គ្មានវិធីសាស្ត្រទប់ស្កាត់ដែរ ព្រោះវាបង្កឡើងដោយកត្តាធម្មជាតិ គឺបានត្រឹមណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នពីសុវត្ថិភាព របស់ខ្លួន និងរាយការណ៍ព័ត៌មាននេះជូនថ្នាក់ស្រុកប៉ុណ្ណោះ៕

RELATED ARTICLES