Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លែងឯកសារបញ្ចាំឡាន ២ម៉ឺនដុល្លារ ជាប់ខ្នោះ

ក្លែងឯកសារបញ្ចាំឡាន ២ម៉ឺនដុល្លារ ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានក្លែងបន្លំឯកសារ រួចយករថយន្តទំនើប ១គ្រឿង ទៅដាក់បញ្ចាំ នៅហាងបញ្ចាំ ១កន្លែង បំណងយកប្រាក់ ២ម៉ឺនដុល្លារ លុះក្រោយពីម្ចាស់ហាងបញ្ចាំ ពិនិត្យឯកសារឃើញថាមិនប្រក្រតី (ក្លែងក្លាយ) ក៏នាំជនសង្ស័យទៅប្រគល់ឱ្យកម្លាំង ជំនាញអាវុធហត្ថ ដើម្បីចាត់ការតាមច្បាប់តែម្តង។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងបញ្ចាំយីហោ SNB ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមួយ បូរិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ មានលំនៅ ក្រុងសិរីសោភ័ណ។ ចំណែកជនរងគ្រោះជាដើមបណ្តឹង មានឈ្មោះចាន់ គឹមជា ភេទប្រុស អាយុ៣៨ឆ្នាំ ជាម្ចាស់ហាងបញ្ចាំ យីហោ SNB មានលំនៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្រោយទទួលពាក្យបណ្តឹង ឈ្មោះចាន់ គឹមជា ជាម្ចាស់ហាងបញ្ចាំ (SNB) បានប្តឹងឈ្មោះមួយ បូរិន ថាបានយករថ យន្ត ១គ្រឿង ម៉ាក FORD TERRITORY ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ កម្ពុជា HENG 1667 មកដាក់បញ្ចាំ ចំនួន២ម៉ឺនដុល្លារ ដោយអះអាងថា ជារថយន្តផ្ទាល់ខ្លួន ទិញពីខេត្តឧត្តរមានជ័យ និងមានភ្ជាប់ទាំង ប័ណ្ណសម្គាល់រថយន្តម្ចាស់ដើម និងលិខិតទិញ-លក់ទៀតផង។ ក្រោយមក ឈ្មោះមួយ បូរិន បានសុំយកលុយ ២០០០ដុល្លារទៀត។ លុះត្រួតពិនិត្យឯកសាររថយន្ត ឃើញថា ហាក់មិនប្រក្រតី (ក្លែងក្លាយ) ទើបនាំខ្លួនឈ្មោះមួយ បូរិន ទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ឱ្យខាងជំនាញតែម្តង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយម្ចាស់ហាងបញ្ចាំ (SNB) នៅក្រុងប៉ោយប៉ែត នាំខ្លួនជន សង្ស័យឈ្មោះមួយ បូរិន ដែលក្លែងបន្លំឯកសាររថយន្ត យកមកបញ្ចាំ ប្រគល់ឱ្យកម្លាំងជំនាញ ធ្វើការសាកសួររួចមក ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនមានមុខរបរលក់ទិញ-លក់ម៉ូតូ នៅក្រុងសិរីសោភ័ណ ហើយឡើងចុះទៅក្រុងប៉ោយប៉ែត លេងល្បែងកាស៊ីណូ និងបានស្គាល់មនុស្សចំនួន៣នាក់ ជិះរថយន្ត ២គ្រឿង ១គ្រឿង ម៉ាក FORD TERRITORY (រថយន្តយកមកបញ្ចាំ) និង១គ្រឿង ម៉ាក់នីសសាន់ និងបានប្រើឱ្យខ្លួនយករថយន្ត ម៉ាក FORD TERRITORY រៀបចំឯកសារក្លែងក្លាយ ទៅបញ្ចាំ តែត្រូវបានបែកការ ក៏ត្រូវម្ចាស់ហាង ឃាត់ខ្លួនប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តប្តន្ទាយ មានជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES