Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចិនជួញថ្នាំញៀន៥គីឡូ ជាប់គុក៣០ឆ្នាំ

 ចិនជួញថ្នាំញៀន៥គីឡូ ជាប់គុក៣០ឆ្នាំ

ភ្នំពេញ ៖ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបុរសជនជាតិចិន ម្នាក់ ដាក់ពន្ធនាគារ កំណត់៣០ឆ្នាំ និងពិន័យប្រាក់ ៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ “រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន”។

ជនជាប់ចោទដែលត្រូវតុលាការផ្តន្ទាទោស មានឈ្មោះចូវ គ័រឆាវ ភេទប្រុស អាយុ៥០ឆ្នាំ ជាមេការក្លឹប M9 ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សាលក្រមដែលអានដោយលោកចៅក្រម ហុក ពៅ និងតំណាងអយ្យការ លោកសុខ កែវបណ្ឌិត បានសម្រេចបណ្តេញចេញ និងហាមឃាត់ មិនឲ្យជនជាប់ចោទ ចូលប្រទេសកម្ពុជាទៀត ក្រោយពេលអនុវត្តទណ្ឌកម្មពន្ធនា គារចប់។

សូមរំលឹកថា សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនម្នាក់ ឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៥០ឆ្នាំ រឹបអូសថ្នាំញៀន ជិត៥គីឡូក្រាម និងសារធាតុគីមី ជាង៤០គីឡូក្រាម រួមទាំងសារធាតុមិនច្បាស់ ជាង៥៣គីឡូក្រាម ផ្សេងទៀត នៅចំណុចផ្ទះលេខ៣៧ ភូមិតិក្ខៈបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣។

ដោយឡែក វត្ថុតាងដែលដកហូតបាន រួមមាន មេតំហ្វេតាមីន ទម្ងន់៤គីឡូក្រាម ៦៨៤ក្រាម សារធាតុគីមីផ្សំ ទម្ងន់ ៣គីឡូក្រាម សារធាតុគីមី ៤០គីឡូក្រាម និងសារធាតុមិនច្បាស់ ទម្ងន់ ៥៣គីឡូក្រាម ៤២៨ក្រាម។

ក្រោយឃាត់ខ្លួន តុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទ រហូតមកដល់ថ្ងៃបើកសវនាការនិងផ្តន្ទាទោស នាពេលនេះ៕

RELATED ARTICLES