Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធលក់ដីខ្យល់ តុលាការចេញដីកាចាប់ខ្លួន

ប្តីប្រពន្ធលក់ដីខ្យល់ តុលាការចេញដីកាចាប់ខ្លួន

ភ្នំពេញ ៖ ម្ចាស់គម្រោងដីឡូត៍ ២នាក់ប្តីប្រពន្ធ ត្រូវបានលោកគឹម សុគន្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ពីបទលក់ដីឡូត៍ខ្យល់ នៅភូមិត្រពាំងប្រីយ៍ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោយពីមានប្រជាពលរដ្ឋជាច្រើននាក់ បានដាក់ពាក្យប្តឹង។

 យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រម ដែលអ្នកសារព័ត៌មាន ទើបទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ បុរសជាប្តី មានឈ្មោះហួ ហួត អាយុ៧២ឆ្នាំ និងប្រពន្ធឈ្មោះសេង ចរិយា អាយុ៣៦ឆ្នាំ។ ២នាក់ប្តីប្រពន្ធ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួច។

យោងតាមដីការសន្និដ្ឋានបញ្ជូនរឿង របស់លោកឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា ជនរងគ្រោះដែលបានចាញ់បោកគម្រោងដីឡូត៍នេះ រួមមាន ៖ ឈ្មោះសុខ ពិសិត, ឈ្មោះលី សុភ័ណ្ឌ, ឈ្មោះភឿន សុភន, ឈ្មោះកែវ សុខណា,  ឈ្មោះសម ឃឿន, ឈ្មោះប៊ុន សាភ័ស, ឈ្មោះទិ មករា, ឈ្មោះមាឃ ឃុំ, ឈ្មោះភឹម ដារ៉ូ, ឈ្មោះអាន សុចិត្រ, ឈ្មោះភឹម ជុំសំអាត។

តាមការបញ្ជាក់របស់តំណាងអយ្យការ បានឱ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះហួ ហូត និងប្រពន្ធ ឈ្មោះសេង ចរិយា ជាម្ចាស់គម្រោងពុះដីឡូត៍ បានប្រគល់សិទ្ធិឱ្យទៅដើមបណ្តឹង ជួយសម្របសម្រួលក្នុងការលក់ដីឡូត៍ជូនអតិថិជន (ស្វែងរកអតិថិជនទិញដី) ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ១៤៤០ ភូមិត្រពាំងប្រីយ៍ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាមកិច្ចព្រមព្រៀងសហការ និងទទួលសិទ្ធិលក់ និងកិច្ចសន្យាទទួលគម្រោង ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ក្រោយពីបានចុះកិច្ចសន្យារួចហើយ ដើមបណ្តឹងទាំងអស់ បានទៅទំនាក់ទំនងជាមួយអតិថិជនជាច្រើននាក់ ហើយពួកគេក៏បានយល់ព្រមទិញដីឡូត៍របស់ជនសង្ស័យ ឈ្មោះហួ ហូត និងជនសង្ស័យឈ្មោះ សេង ចរិយា ដោយអ្នកខ្លះបានបង់ប្រាក់ខ្លះ ទិញដីគ្រប់ចំនួន ខ្លះទៀតបង់ ៥០ភាគរយ និងខ្លះទៀតបង់ ៧០ភាគរយ រួចមកដើមបណ្តឹង ក៏បានប្រគល់ប្រាក់ដែលទទួលពីអតិថិជន ឱ្យទៅជនសង្ស័យឈ្មោះហួ ហួត និងជនសង្ស័យឈ្មោះសេង ចរិយា តាមដំណាក់កាលនីមួយៗ រួចរាល់អស់ហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនសង្ស័យខាងលើ ពុំបានផ្ទេរកម្មសិទ្ធិដី (ធ្វើប្លង់រឹង) ឱ្យទៅអតិថិជនដែលបានទិញដីទាំងអស់នោះទេ ថែមទាំងអូសបន្លាយពេលរហូត។ ក្រោយមក ទើបដើមបណ្តឹងដឹងថាដីឡូត៍ដែលជនសង្ស័យខាងលើបានលក់ឱ្យទៅអតិ ថិជននោះ គឺមានអ្នកផ្សេងចូលទៅកាន់កាប់លើទីតាំងដី និងដីខ្លះទៀតត្រូវបានម្ចាស់ដីដើម ចូលមកកាន់កាប់ហើយ ដោយសារតែជនសង្ស័យខាងលើ មិនបានឱ្យប្រាក់ថ្លៃដីទៅគេ ហើយដីទាំងអស់នេះ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីការក្សាការពារ ហាមឃាត់ មិនឱ្យឈ្មោះហួ ហួត និងឈ្មោះសេង ចរិយា ធ្វើការលក់ដូរ ជួល ផ្ទេរកម្មសិទ្ធិ ធ្វើអំណោយ ដាក់បញ្ជាំ ដាក់ប្រាតិភោគ ដាក់ហ៊ីប៉ូតែក ធ្វើអច្ច័យទាន ធ្វើសកម្មភាពនិងសិទ្ធិផ្សេងៗថែមទៀត៕

RELATED ARTICLES