Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងអធិការកិច្ច ច្រានចោលមន្ត្រីទារលុយមន្ទីរ ៥ពាន់ដុល្លារ

ក្រសួងអធិការកិច្ច ច្រានចោលមន្ត្រីទារលុយមន្ទីរ ៥ពាន់ដុល្លារ

ភ្នំពេញ ៖ ក្រសួងអធិការកិច្ច បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីករណីការផ្សាយជាសាធារណៈ ចោទប្រកាន់មកលើមន្ត្រីក្រសួងអធិការកិច្ច ថាបានទាមទារប្រាក់ ចំនួន ៥០០០ដុល្លារ ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យក្រសួងអធិការកិច្ច ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេប៊ីស៊ី (ABC) មានជន អនាមិក បានទូរស័ព្ទចូលកម្មវិធីផ្សាយផ្ទាល់ ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រីក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥០០០ដុល្លារ ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។

អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ខាងលើ និងចាត់ទុកថាការចោទ ប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតមូលបង្កាច់បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គម ញុះញង់និងបំភ្លៃការពិត ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបំភ្លឺជូនសាធារណជនជ្រាបដូចខាងក្រោម ៖

១- យោងលិខិតបញ្ជាបេសកកម្ម និងផែនការប្រតិបត្តិការអធិការកិច្ច គណៈប្រតិភូចុះធ្វើអធិការកិច្ច ចាប់ផ្តើមអនុវត្តការងារពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើកម្មវត្ថុ ចំនួន៣ គឺ ៖ (ទី១) ការអនុវត្តតួនាទី ភារកិច្ច (ទី២) ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និង (ទី៣) ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ដោយសាររយៈពេលនៃការចុះបេសកកម្មខាងលើមានកំណត់ ដូច្នេះការចុះធ្វើអធិការកិច្ចនេះ មិនបានគ្របដណ្តប់លើគ្រប់មន្ទីរ-អង្គភាព ទាំងអស់ នៅជុំវិញខេត្តកំពង់ធំ នោះទេ។ ក្នុងនោះ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ពុំបានស្ថិតនៅក្នុងគោលដៅ នៃការចុះត្រួតពិនិត្យ នាពេលនោះទេ។

២- ការលើកឡើងរបស់ជនអនាមិក ដែលបានចោទប្រកាន់ថា ការទារប្រាក់នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺពិតជាមិនត្រឹមត្រូវទេ ដោយគណៈប្រតិភូ បានបញ្ចប់បេសកកម្មរបស់ខ្លួន និងបានវិលត្រលប់មកវិញរួចរាល់ហើយ។

សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងអធិការកិច្ច បានទទួលព័ត៌មានថា វិទ្យុអេប៊ីស៊ី (ABC) បានកំពុងព្យាយាមទាក់ទងទៅកាន់ ជនអនាមិកខាងលើ ដើម្បីផ្តល់ការបញ្ជាក់បន្ថែមលើការអះអាងរបស់ខ្លួន ប៉ុន្តែជននេះមិនបានផ្តល់ការបំភ្លឺបន្ថែមឡើងវិញនៅឡើយទេ រហូតមកដល់ពេលនេះ។

ក្រសួងអធិការកិច្ច ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សហការជួយស្រាវជ្រាវករណីនេះ ដើម្បីស្វែងរកការពិត និងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់។

ក្រសួងអធិការកិច្ច បន្តពិនិត្យនិងតាមដានករណីចោទប្រកាន់ខាងលើ យ៉ាងជិតដល់ជាទីផុត ព្រមទាំងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីឬបុគ្គលទាំងឡាយណាដែលបានយកតួនាទីរបស់ខ្លួននៅក្នុងស្ថាប័ន ទៅប្រព្រឹត្តទង្វើដែលផ្ទុយនឹងបទប្បញ្ញត្តិច្បាប់។

ជាមួយគ្នានេះដែរ ក្រសួងអធិការកិច្ច សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួង មានប្រអប់សំបុត្រទទួលពាក្យបណ្តឹង ពីគ្រប់មជ្ឈដ្ឋាន និងទទួលបណ្តឹងតាមប្រព័ន្ធអនឡាញ លើគេហទំព័រ https://inspection.gov.kh/complaint។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាអង្គភាពសារព័ត៌មាន ជ្រាបជាព័ត៌មាន…៕

RELATED ARTICLES