Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចុះដកលុយភ្លេចដកសោ ចោរលួចឡានបាត់

 ចុះដកលុយភ្លេចដកសោ ចោរលួចឡានបាត់

ភ្នំពេញ ៖ បុរសម្នាក់ បានចុះពីរថយន្ត ទៅដកលុយពីទូអេធីអ៊ឹម ដោយភ្លេចដកសោនិងពន្លត់ម៉ាស៊ីន ស្រាប់តែរំពេចនោះ លេចមុខជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅបើករថយន្ត គេចខ្លួនតាំងពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ស្ពឺ ក៏ត្រូវសមត្ថកិច្ចជំនាញខណ្ឌដូនពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចរថយន្តនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ លុះមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផល ណាន មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ថា ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរ បាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចរថ យន្ត ម៉ាក Mazda CX3 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-1606 ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តល្មើសកាលពីថ្ងៃ ទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈម្ចាស់រថយន្ត បានចុះបើកលុយនៅម៉ាស៊ីនអេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីនឡាន ទើបជនសង្ស័យឃើញដូច្នេះ ក៏លួចបើករថយន្តគេចទៅដល់ស្រុកភ្នំស្រួច ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ដោយដកហូតបានទាំងរថយន្ត ត្រឡប់មកវិញផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ៕

RELATED ARTICLES