Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរស្រីលួចកង់ ម្ចាស់គេទាន់ ទួញយំថា អត់លុយមើលកូនឈឺ

 ចោរស្រីលួចកង់ ម្ចាស់គេទាន់ ទួញយំថា អត់លុយមើលកូនឈឺ

ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកង់ ១គ្រឿង បានសម្រេច តែត្រូវម្ចាស់គេតាមទាន់ តម្រូវឱ្យសុំទោស មិនព្រម ថែមទាំងប្រើពាក្យសម្តីមិនសមរម្យដាក់ម្ចាស់កង់ទៀតផង លុះកម្លាំងអាវុធហត្ថចុះមកដល់ ទើបទួញយំសារភាពថា ខ្លួនបានលួចកង់នេះមែន ព្រោះតែអត់លុយមើលជំងឺកូន។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ហៅផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ស្ត្រីសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ប្រកបរបររើសអេតចាយ។ ចំណែកស្ត្រីជាជនរងគ្រោះ និងជាម្ចាស់កង់ មានលំនៅក្នុងបុរីជ័យជម្នះ។

តាមប្រភពស្ត្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់និងក្រុមគ្រួសារ បានហូបបាយជុំគ្នា រួចហើយក៏រៀបចំចូលផ្ទះសម្រាក ដោយទុកកង់របស់កូនគាត់អាយុប្រហែល៨ឆ្នាំ នៅខាងមុខផ្ទះ។ ពេលនោះ គាត់ក៏មិនចាប់អារម្មណ៍ថា បាត់កង់នោះដែរ លុះក្រុមគ្រួសារជិះម៉ូតូមកផ្ទះ សួរនាំថា អត់ឃើញកង់ ទើបផ្អើល ជិះដើររក ក៏ប្រទះឃើញស្ត្រីសង្ស័យ កំពុងតែជិះកង់របស់កូនគាត់ នៅលើផ្លូវ៣០ម៉ែត្រ ក៏ឃាត់សាកសួរ ។ ពេលនោះគាត់បានឱ្យស្ត្រីសង្ស័យសុំទោស តែស្ត្រីសង្ស័យមិនព្រមសុំទោស បែរជាប្រើពាក្យសម្តីមិនសមរម្យមកលើរូបគាត់ជាម្ចាស់កង់ថែមទៀតផង ទើបគាត់រាយការណ៍ប្រាប់កម្លាំងអាវុធហត្ថ តែម្តង។

ដោយឡែកស្ត្រីសង្ស័យ ក្រោយពីឃើញសមត្ថកិច្ចចុះមកដល់ ទើបសារភាពថា ខ្លួនពិតជាបានលួចកង់គេមែន និងបានទួញយំត្អូញត្អែរថា ដោយសារតែរូបគាត់អត់មានលុយមើលកូនឈឺ ទើបដាច់ចិត្តលួចកង់បែបនេះ។ លុះពេលសួរនាំថា កូននៅឯណា ចាំគេទៅជួយ បែរជាម្តងឆ្លើយថានៅផ្ទះ ម្តងឆ្លើយថានៅស្រុកជាមួយម៉ែ។ពាក់ព័ន្ធករណីខាងលើនេះ មានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍ សាកសួរ និងបានឆែកឆេរកាបូបស្ពាយរបស់ស្ត្រីសង្ស័យ ស្រាប់តែរកឃើញមានឧបករណ៍សម្រាប់ឆ្កឹះសោ មួយឈុតផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ គឺគ្រាន់តែប្រគល់ស្ត្រីសង្ស័យ ឱ្យកម្លាំង អាវុធហត្ថខណ្ឌមានជ័យ យកទៅធ្វើការអប់រំណែនាំ៕

RELATED ARTICLES