Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្លោះបង្អួចលួចកាបូបលុយ ម្ចាស់គេទាន់ លោតចូលទឹក

ផ្លោះបង្អួចលួចកាបូបលុយ ម្ចាស់គេទាន់ លោតចូលទឹក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពផ្លោះបង្អួចផ្ទះគេ ចូលលួចយកកាបូបលុយ គាប់ជួនត្រូវម្ចាស់គេឃើញទាន់ ស្រែកឆោឡោផ្អើលដល់អ្នកជិតខាង ជួយដេញចាប់ ធ្វើឱ្យជនសង្ស័យភ័យ លោតចូលស្រះឈូក បំណងគេចខ្លួន តែត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចតូបលក់ដូរ ១កន្លែង តាមផ្លូវលំ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះ មានឈ្មោះព្រំ សិលា ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចន ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ សម្ភារៈបាត់បង់ រួមមាន លុយ ចំនួន៥០ម៉ឺនរៀល រីឯវត្ថុតាងចាប់យក កាបូបស្ពាយដាក់លុយពណ៌សលាយ ខ្មៅ ចំនួន១ (ជារបស់ជនរងគ្រោះ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ជនរងគ្រោះ បានបើកតូបលក់ដូរនៅផ្ទះ តាមធម្មតា។ រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល ជនរងគ្រោះ បានទុកកាបូបស្ពាយដាក់លុយ នៅលើគ្រែ ក្នុងផ្ទះ ដែលនៅក្នុងកាបូបស្ពាយនោះមានលុយចំនួន ៥០ម៉ឺនរៀល ហើយជនរងគ្រោះបានយកបាយទៅបញ្ចុកចៅ នៅខាងមុខផ្ទះ។ ពេលនោះស្រាប់មានជនសង្ស័យ បានផ្លោះរបង ចូលតាមបង្អួចផ្ទះរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពលួចកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនទៅខាង ក្រោយផ្ទះ តែពេលនោះជនរងគ្រោះបានឃើញជនសង្ស័យ ក៏បានស្រែកឆោឡោថាចោរ!ៗ ហើយជនសង្ស័យបានរត់គេចខ្លួនចូលក្នុងទឹកបឹងត្រកួន ស្រះឈូក រួចបោះកាបូបស្ពាយ ចូលទៅស្រះឈូក។

ភ្លាមនោះ ដោយមានប្រជាពលរដ្ឋជិតខាងបានឃើញហេតុការណ៍នោះ បានជួយដេញតាម និងឃាត់ខ្លួនជន សង្ស័យខាងលើ រួមនិងវត្ថុតាង កាបូបស្ពាយពណ៌ខ្មៅលាយស ចំនួន០១ យកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចកាបូប ស្ពាយដាក់លុយរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនចូលក្នុងស្រះឈូក រួចបានបោះកាបូបស្ពាយដាក់លុយរបស់ជនរងគ្រោះចូលក្នុងទឹក ធ្វើឱ្យបាត់បង់លុយដែលនៅក្នុងកាបូបរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES