Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លើងឆេះរោងចក្រស្បែកជើង បាញ់ទឹកពន្លត់ ១យប់ទល់ភ្លឺ ៣០០ឡាន

 ភ្លើងឆេះរោងចក្រស្បែកជើង បាញ់ទឹកពន្លត់ ១យប់ទល់ភ្លឺ ៣០០ឡាន

ខេត្តកណ្តាល ៖ រោងចក្រផលិតស្បែកជើង មួយកន្លែង មានទីតាំងស្ថិតក្នុងស្រុកអង្គស្នួល ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអស់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចេញជួយអន្តរាគមន៍សង្គ្រោះ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន ៥២រថយន្ត និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួនជាង ៣០០ឡាន ពេញមួយយប់ ទើបអាចគ្រប់គ្រងបានទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចរោងចក្រផលិតស្បែកជើង អ.ជី ហ្វូតវែរ (ខេមបូឌា) ឯ.ក ដែលមានកម្មករបម្រីការងារ ជាង២ពាន់នាក់ និងមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល។ អគ្គិភ័យនេះ បានបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ និងត្រូវបានកម្លាំងជំនាញចម្រុះ សហការពន្លត់យ៉ាងសស្រាក់សស្រាំ ១យប់ ទល់ភ្លឺ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ពោលគឺភ្លើងបានរលត់ទៅវិញអស់ នៅវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ថា ទីតាំងរោងចក្រផលិតស្បែកជើង ដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានម្ចាស់ឈ្មោះប៉ុលរ៉ាមី ស៊ីសុផុន អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិ១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានដំណឹងអគ្គិភ័យនេះ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សហការជាមួយគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះ។

លោកស្នងការ បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន៥២រថយន្ត និងប្រើប្រាស់ទឹកអស់ចំនួន៣០០ឡាន  ដោយក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន៣គ្រឿង។ រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកពញាឮ ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកអង្គស្នួល ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន២គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល ចំនួន២គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ខណ្ឌជ្រោយចង្វា ចំនួន២គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីពិភពថ្មី ចំនួន២គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់តម្រួតបទបញ្ជា ចំនួន២គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៥គ្រឿង។  រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្ស ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព១១៧ ចំនួន១គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព គ៨៦ ចំនួ២គ្រឿង។  រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៩១១ ចំនួន៤គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ ចំនួន៧គ្រឿង។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនខ្មែរបេវើរីជីស ចំនួន១គ្រឿង។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ បានធ្វើឡើងតាំងពីវេលាកើតហេតុ រហូតដល់ម៉ោង ៤និង៥០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងទាំងស្រុង ពោលគឺប្រើប្រាស់ពេលវេលាពន្លត់ ១យប់ទល់ភ្លឺ និងប្រើប្រាស់ទឹកអស់ចំនួន ៣០០ឡាន។ ចំពោះមូលហេតុដែលសមត្ថកិច្ចលំបាកក្នុងជួយសង្គ្រោះ បាញ់ពន្លត់ គឺដោយសារតែយប់ងងឹត និងទីតាំងពិបាកចូល។ ចំពោះករណីនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា បើទោះបីគ្រប់គ្រងបានទាំងស្រុងយ៉ាងណាក្តី ប៉ុន្តែកម្លាំ ងជំនាញមិនទាន់ដកចេញពីកន្លែងកើតហេតុភ្លាមៗទេ គឺនៅបន្តកាយ និងបាញ់ពន្លត់ភ្លើងដែលនៅសេស សល់ខាងក្នុងបន្តទៀត។ សម្រាប់ទំហំនៃការខូចខាត រួមមាន ឆេះអគារទំហំ ១០០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន២ខ្នង និងឆេះអគារទំហំ ១២០ម៉ែត្រ គុណ២០០ម៉ែត្រ ចំនួន១ខ្នង (ខូចខាតទាំងស្រុង)៕

RELATED ARTICLES