Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រដ្ឋបាលខេត្តព្រះសីហនុ បំភ្លឺករណីចិនជួលអគារខ្មែរ ជំពាក់ថ្លៃឈ្នួល ៩០ម៉ឺនដុល្លារ

 រដ្ឋបាលខេត្តព្រះសីហនុ បំភ្លឺករណីចិនជួលអគារខ្មែរ ជំពាក់ថ្លៃឈ្នួល ៩០ម៉ឺនដុល្លារ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ករណីវិវាទជួលអគារមួយ ដែលមានជនជាតិចិន ជាអ្នកជួល ហើយជនជាតិខ្មែរ ម្ចាស់ទីតាំង ប៉ុន្តែក្រោមការ សម្របសម្រួលរបស់រដ្ឋបាលខេត្ត ភាគីអ្នកជួល ប្រកាន់ជំហរតឹងរ៉ឹង មិនព្រមសម្របសម្រួល ទើបចុងក្រោយ តុលាការសម្រេចអនុវត្តសាលដីកាចាត់ចែងជាបណ្តោះអាសន្នតែម្តង។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ជូនថា ករណីវិវាទកិច្ចសន្យាជួលដី រវាងភាគីអ្នកជួលដីឈ្មោះ QIU RUIXIAN ភេទប្រុស ជនជាតិចិន និងភាគីម្ចាស់ដី ឈ្មោះគឹម ហោ មានទីតាំងលើក្បាលដីលេខ 18010403-0007 ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ករណីវិវាទខាងលើនេះ មានសាវតារដូចតទៅ ៖ នៅអំឡុងឆ្នាំ២០១៨ ឈ្មោះ QIU RUIXIAN ជនជាតិចិន បានជួលដី ១កន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីឈ្មោះគឹម ហោ ជាភាគីម្ចាស់ដី ហើយបានព្រមព្រៀងគ្នាចុះកិច្ចសន្យាជួលអចលនវត្ថុ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងតម្លៃជួល ១៥ ០០០ ដុល្លារ ក្នុងមួយខែ ដើម្បីសាងសង់អគារស្នាក់នៅរួម កម្ពស់១០ជាន់។

ក្រោយមក ដោយមានវិបត្តិជំងឺកូរីដ-១៩ បានផ្ទុះឡើង ធ្វើឱ្យឈ្មោះ QIU RUIXIAN ជាភាគីអ្នកជួល មិនបានអនុវត្តកាតព្វកិច្ចបង់ប្រាក់ឈ្នួលទៀងទាត់ និងបានបង់ប្រាក់ឈ្នួលដី បានតែចំនួន១០ខែប៉ុណ្ណោះ ហើយក៏ឈប់ បង់រហូតមក។ ដោយសារការអាក់ខានក្នុងការបំពេញកាតព្វកិច្ចបង់ថ្លៃឈ្នួលដី ជូនទៅម្ចាស់ដី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ភាគីម្ចាស់ដី បានសម្រេចដាក់ពាក្យស្នើសុំដីការក្សាការពារ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីស្នើសុំសិទ្ធិគ្រប់គ្រង កាន់កាប់ ប្រើប្រាស់ អាស្រ័យផលលើទីតាំងដីនិងសំណង់អគារវិញ។

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ សាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច តាមការស្នើសុំរបស់ភាគីម្ចាស់ដី បន្ទាប់មក ឈ្មោះ QIU RUIXIAN បានប្តឹងទៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លើការចេញសេចក្តីសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ប៉ុន្តែជាលទ្ធផល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានសម្រេចតម្កល់តាមសេចក្តីសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឈ្មោះ QIU RUIXIAN បានដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍មករដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជួយអន្តរាគមន៍ដោះស្រាយ។ ក្រោយទទួលបានសំណើរបស់ឈ្មោះ QIU RUIXIAN រដ្ឋបាលខេត្តព្រះសីហនុ បានដាក់កម្មវិធីអញ្ជើញគូភាគី មកជជែកពិភាក្សាសម្រុះសម្រួលជាច្រើនលើក ប៉ុន្តែជាលទ្ធផល គូភាគីវិវាទពុំសះជានឹងគ្នា ដោយឈ្មោះ QIU RUIXIAN ស្នើសុំបង់ថ្លៃឈ្នួលជួលដី ចំនួន ៧ ៥០០ដុល្លារ ក្នុងមួយខែ និងស្នើសុំលុបប្រាក់បំណុលទាំងអស់ សរុបទឹកប្រាក់ប្រមាណ ៩០០ ០០០ដុល្លារ ប៉ុន្តែការស្នើសុំនេះ ភាគីឈ្មោះគឹម ហោ ជាម្ចាស់ដី ពុំឯកភាពតាមការស្នើសុំទេ ដោយយល់ព្រមបញ្ចុះថ្លៃឈ្នួលដីមកត្រឹមចំនួន ១០ ០០០ដុល្លារ ក្នុងមួយខែ និងឱ្យភាគីឈ្មោះ QIU RUIXIAN ត្រូវសងប្រាក់បំណុលដែលជំពាក់ ចំនួន ៥០ភាគរយ ជាមុនសិន និងនៅសល់ចំនួន ៥០ភាគរយទៀត ភាគីអ្នកជួល ត្រូវធ្វើការបង់រំលស់តាមខែនីមួយៗ។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រួមជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញភាគីទាំងពីរ មកសម្រុះសម្រួលជាថ្មីម្តងទៀត ដើម្បីរកដំណោះស្រាយឈ្នះ-ឈ្នះ ដល់គូភាគីទាំងពីរ ប៉ុន្តែលទ្ធផលនៅតែពុំអាចរកចំណុចឯកភាពគ្នាដដែល។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសម្រុះសម្រួលម្តងទៀត និងបានធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវលើទីតាំងអគាររបស់ឈ្មោះ QIU RUIXIAN ជាលទ្ធផលរកឃើញថា ៖ ទីតាំងអគារ មានកម្ពស់ ១០ជាន់ ដែលភាគីអ្នកជួល បានសាងសង់កន្លងមក បច្ចុប្បន្នអគារជាន់ទី១ ដល់ជាន់ទី១០ ឈ្មោះ QIU RUDXIAN បានកំពុងប្រកបអាជីវកម្មសណ្ឋាគារ និងអគារជាន់ផ្ទាល់ដី បានជួលបន្តទៅឱ្យជនជាតិចិន ផ្សេងៗទៀត ដែលអាចរកប្រាក់ចំណូលបានពីចន្លោះ ១០ ០០០ដុល្លារ ក្នុងមួយខែ ទៅ ១៥ ០០០ដុល្លារ ក្នុងមួយខែ ប៉ុន្តែទោះបីជាភាគីអ្នកជួល ទទួលបានចំណូលជាប្រចាំខែ ពីអាជីវកម្មខាងលើ តាំងពីដើមឆ្នាំ២០២៣ ក៏ដោយ ក៏ភាគីអ្នកជួល នៅតែមិនបង់ថ្លៃឈ្នួលដី ឱ្យទៅម្ចាស់ដីដដែល។

ក្រោយការធ្វើបទបង្ហាញនៃលទ្ធផលស្រាវជ្រាវរួចមក អង្គប្រជុំ បានផ្តួចផ្តើមធ្វើការសម្រុះសម្រួលជាលើកចុងក្រោយ ក្នុងនោះភាគីឈ្មោះគឹម ហោ ជាម្ចាស់ដី បានឯកភាពបញ្ចុះថ្លៃប្រាក់ឈ្នួលដី ពី ១០ ០០០ដុល្លារ ក្នុងមួយខែ មកត្រឹមចំនួន ៩ ០០០ដុល្លារ ក្នុងមួយខែ និងបញ្ចុះប្រាក់បំណុលដែលភាគីអ្នកជួលដីជំពាក់ពីមុន សរុបចំនួន ៩០០ ០០០ដុល្លារ មកត្រឹមតែ ៣៧០ ០០០ដុល្លារ ហើយទុកឱកាសឱ្យភាគីអ្នកជួលដី សងបំណុលត្រឹមតែ ៥០ភាគរយ នៃចំនួនសាច់ប្រាក់ ៣៧០ ០០០ដុល្លារ ជាមុនសិន ដោយឡែក ៥០ភាគរយទៀត ទុករយៈពេលឱ្យ២ឆ្នាំ ចាំសងរំលស់ ក្នុងនោះផងដែរឈ្មោះគឹម ហោ ជាភាគីម្ចាស់ដី បានបញ្ជាក់ជូនក្រុមការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ថា សាច់ប្រាក់ដែលតម្រូវឱ្យភាគីអ្នកជួលសងមកនេះ ដើម្បីយកទៅសងបំណុលធនាគារដូចគ្នា បើពុំដូច្នោះទេ ធនាគារ នឹងអនុវត្តនីតិវិធីតាមរយៈសាលក្រមរបស់តុលាការ រឹបអូសយកទីតាំងដីនិងអគារនេះតែម្តង។

ជាការឆ្លើយតបនឹងការលើកឡើងរបស់ភាគីម្ចាស់ដី ឈ្មោះ QIU RUIXIAN ជាភាគីអ្នកជួល នៅតែរក្សាជំហរមិនឯកភាពតាមលក្ខខណ្ឌដែលភាគីម្ចាស់ដីលើកឡើងទេ ដោយខ្លួនស្នើសុំបង់ថ្លៃឈ្នួលដីប្រចាំខែ ចំនួន ៧ ៥០០ដុល្លារ ក្នុងមួយខែ និងសងបំណុល ត្រឹមតែ ១២០ ០០០ដុល្លារ និងសុំសងជាដំណាក់កាលៗ។ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជំរុញវិនិយោគនៅខេត្តព្រះសីហនុ ដឹកនាំដោយលោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាន បានបើកកិច្ចប្រជុំសម្រុះសម្រួលវិវាទខាងលើនេះ ជាលើកចុងក្រោយ ក្នុងនោះឈ្មោះ QIU RUIXIAN ជាភាគីអ្នកជួលដី នៅតែរក្សាជំហរដូចក្នុងកិច្ចប្រជុំដែលរដ្ឋបាលខេត្ត ធ្លាប់បានសម្រុះសម្រួលកន្លងមកដដែល ។ ដូច្នេះអង្គប្រជុំ បានសម្រេចបញ្ចូនករណីវិវាទនេះទៅស្ថាប័នតុលាការ ដើម្បីអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន។

សរុបជារួម ពាក់ព័ន្ធករណីវិវាទកិច្ចសន្យាជួលដីខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា លោកស្រី គឹម ហោ ជាម្ចាស់ដី មានជំហរសម្របសម្រួល ដោយបានបន្ធូរបន្ថយជាបន្តបន្ទាប់ លើតម្លៃឈ្នួលដី និងប្រាក់បំណុលដែលភាគីអ្នកជួល បានជំពាក់ពីមុនមក ប៉ុន្តែឈ្មោះ QIU RUIXIAN ជាភាគីអ្នកជួល នៅតែប្រកាន់ជំហរតឹងរ៉ឹង ដោយគ្មានការសម្របសម្រួល ដើម្បីឈានដល់ការស្រុះស្រួលគ្នានោះទេ បើទោះបីជាឈ្មោះ QIU RUDXIAN អាចរកចំណូលបានប្រចាំខែ ពីទីតាំងដីដែលបានជួលខាងលើក៏ដោយ។

តាមប្រភពព័ត៌មានដែលរដ្ឋបាលខេត្តព្រះសីហនុ ទទួលបាននាពេលថ្មីៗនេះ ឱ្យដឹងថា បុគ្គលឈ្មោះ QIU RUIXIAN បានធ្វើសកម្មភាពបំផុសបំផុលឱ្យអ្នកវិនិយោគជនជាតិចិន ផ្សេងទៀត ដែលបានកំពុងជួលទីតាំងដីនិងអគារ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ មិនឱ្យធ្វើការបង់ថ្លៃឈ្នួលដី ទៅឱ្យម្ចាស់ដីដូចគ្នា ដោយប្រើរូបភាពជាសំណង់អគារឋិតក្នុងគម្រោងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ព្រមទាំងបានរៀបចំផែនការជួលអ្នកសារព័ត៌ មាន ១ក្រុម ដើម្បីធ្វើការថតរូបនិងវីដេអូ ត្រៀមផ្សព្វផ្សាយព័ត៌មានមួលបង្កាច់លើការសម្រេចរបស់ស្ថាប័នតុលា ការ និងការចុះអនុវត្តច្បាប់ របស់អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ដែលទង្វើនេះ ជាចេតនាទុច្ចរិតរបស់បុគ្គលឈ្មោះ QIU RUIXIAN ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងរារាំងដល់ដំណើរការវិនិយោគរបស់វិនិយោគិន បរទេសនៅកម្ពុជា។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំអនុវត្តសាលដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសី ហនុ នៅលើទីតាំងវិវាទខាងលើ៕

RELATED ARTICLES